Friday, July 4, 2025
Homeព័ត៌មានជាតិអតីតស្រីស្នេហ៍លោកឡាយ វណ្ណៈ មន្ត្រីជំនាញមិនមែនស្លាប់ដោយអត្តឃាតកម្ម

អតីតស្រីស្នេហ៍លោកឡាយ វណ្ណៈ មន្ត្រីជំនាញមិនមែនស្លាប់ដោយអត្តឃាតកម្ម

ភ្នំពេញ ៖ សំណុំរឿងអតីតស្រីស្នេហ៍របស់អតីតអភិបាលខេត្តតាកែវ លោកឡាយ វណ្ណៈ បានលេចចេញនូវតម្រុយថ្មីបន្ថែមទៀត ដែលជាការដាក់បន្ទុកទៅលើលោកឡាយ វណ្ណៈ និងបក្ខពួកថែម១កម្រិតទៀត បន្ទាប់ពីមន្ត្រីជំនាញក្រសួងមហាផ្ទៃ បានបញ្ជាក់នៅចំពោះមុខតុលាការថា តាមការពិនិត្យនិងធ្វើកោសល្យវិច័យសព និងកន្លែងកើតហេតុ បង្ហាញថា ជនរងគ្រោះចេវ សុវឌ្ឍនា បានស្លាប់ដោយសារថប់ដង្ហើម ពោលគឺមិនមែនជាករណីអត្តឃាតកម្ម (ចងកសម្លាប់ខ្លួន) នោះទេ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុណ្ណា អនុប្រធានអង្គភាពបច្ចេកទេសវិទ្យាសាស្ត្រ បានបញ្ជាក់នៅចំពោះមុខតុលាការ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ថា ការពិនិត្យលើស្ថានភាពសព កន្លែងខ្សែចំណងខ្សែរីដូវីស ២គ្រាប់ ដែលចាប់ជើងខ្សែរីដូ និងស្ថានភាពរាយប៉ាយ ខ្នើយ ទូរស័ព្ទ២គ្រឿងធ្លាក់រប៉ាត់រប៉ាយ និងស្នាមសើមដោយសារទឹកនោមនៅលើពូក អាចធ្វើឱ្យកម្លាំងជំនាញសន្និដ្ឋានថា ជនរងគ្រោះចេវ សុវឌ្ឍនា ស្លាប់ដោយសារការថប់ដង្ហើម ពោលគឺមិនមែនចងកធ្វើអត្តឃាតកម្មនោះទេ។

លោក ឡាយ វណ្ណៈ

លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុណ្ណា ជាមន្ត្រីជំនាញរបស់ក្រសួងមហាផ្ទៃ ដែលឡើងបំភ្លឺដល់តុលាការ បានបង្ហាញថា ក្នុងការអង្កេតនៅកន្លែងកើតហេតុ ចំណុចត្រង់ចំណងបត់ ចន្ទាសចងក ជារូបភាពព្យួរ ហើយទំហំដែករីដូ និងវីស២ មិនអាចទ្រនឹងទម្ងន់មនុស្សពេលទម្លាក់ខ្លួនមកក្រោមបានទេ។ គ្មានបន្សល់ស្នាកស្នាមឡើងតាមបង្អូច ដើម្បីចងកទេ។ ចំណែកលើផ្ទៃមុខសព មានស្នាមបែកគ្រាប់ឈាមតូចៗ បង្ហាញពីការថប់ដង្ហើម ទាំងនេះបញ្ជាក់ថា គឺស្លាប់ដោយថប់ដង្ហើម។

ភ័ស្តុតាងនេះកាន់តែស៊ីចង្វាក់នឹងចម្លើយ ឈ្មោះម៉េន សាម៉ៃ និងជឹម វុធ សារភាពមុនពេលត្រូវឃាត់ខ្លួន ក្នុងរបាយការណ៍បញ្ជាក់ថា លើពូក និងអាវខោរបស់ជនងគ្រោះ មានស្នាមសើមដោយទឹកនោម ដូច្នេះ ស្ត្រីរងគ្រោះចេវ សុវឌ្ឍនា គឺស្លាប់លើគ្រែពូកដោយថប់ដង្ហើម។

ទោះជាយ៉ាងណា លោកចេវ សារ៉េត ជាឪពុកសពស្ត្រីរងគ្រោះ ចេវ សុវឌ្ឍនា បានប្រាប់ចៅក្រមថា លោកមិនបានប្តឹងផ្តល់ចំពោះបុគ្គលណាមួយទេ គឺអាស្រ័យទៅលើកម្មផល និងព្រេងវាសនា ហើយលោកបានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាល និងសមត្ថកិច្ចដែលបានជួយរកយុត្តិធម៌ដល់គ្រួសាររបស់លោក។

លោក ឡាយ ណារិទ្ធ

ការបញ្ជាក់ខាងលើនេះ ធ្វើឡើងនៅក្នុងសវនាការ សួរដេញដោលពីក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះនៅចំពោះមុខជនសង្ស័យទី១. ឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ ទី២. ឈ្មោះឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុសលោកឡាយ វណ្ណៈ) អតីតស្នងការរងនគរបាលខេត្តតាកែវ ទី៣. ឈ្មោះម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានលោកឡាយ វណ្ណៈ និងទី៤. ឈ្មោះជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ដែលត្រូវបានមន្ត្រីពន្ធនាគារនាំខ្លួនមកធ្វើសវនាការ ជំនុំជម្រះពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីរងគ្រោះឈ្មោះចេវ សុវឌ្ឍនា ដែលជាអតីតស្រីកំណាន់របស់លោកឡាយ វណ្ណៈ។

ក្រោយបញ្ចប់សវនាការ សួរដេញដោលលោកហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកយកសំណុំរឿងនេះ ទៅបន្តជំនុំជម្រះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។

គួររំលឹកថា ស្ត្រីរងគ្រោះឈ្មោះចេវ សុវឌ្ឍនា ត្រូវបានប្រទះឃើញស្លាប់ដោយចងកក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយ ដែលលោកឡាយ វណ្ណៈ ជាអ្នកជួលឱ្យស្ថិតនៅក្នុងភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។

ស្ត្រីរងគ្រោះ ចេវ សុវឌ្ឍនា និងលោកឡាយ វណ្ណៈ

ករណីឃាតកម្មនេះ ដំបូងត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ជារឿងអត្តឃាតកម្ម (ចងកសម្លាប់ខ្លួន) ព្រោះតែវិបត្តិស្នេហា ប៉ុន្តែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជាករណីអត្តឃាតឡើយ ពោលគឺជាករណីឃាតកម្មដោយមានអ្នកបញ្ជា និងរៀបចំសម្លាប់ជនរងគ្រោះ។ ក្រោយពីបើកការស៊ើបអង្កេត សមត្តកិច្ចជំនាញបានឃាត់ខ្លួន ជនជាប់ចោទទាំង៤នាក់ខាងលើ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

ទោះជាយ៉ាងណា មុនពេលត្រូវឃាត់ខ្លួន និងឃុំខ្លួនលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ បានបំភ្លឺថា លោកពិតជាមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយស្ត្រីរងគ្រោះ ចេវ សុវឌ្ឍនា ប្រាកដមែន តែលោកបានកាត់ផ្តាច់ទំនាក់ទំនងជាមួយនាង ទើបនាងគិតខ្លីចងកសម្លាប់ខ្លួន ពុំមែនលោក និងបងប្រុសលោកជាអ្នកសម្លាប់នាងនោះទេ។

សាកសពស្ត្រីរងគ្រោះ ចេវ សុវឌ្ឍនា

លោកឡាយ វណ្ណៈ បានសរសេរបញ្ជាក់តាមគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ ថា “ជូនចំពោះ ជនរួមជាតិ ទូទាំងប្រទេស! ពិសេសប្រជាពលរដ្ឋខេត្តតាកែវ ជាទីគោរពស្រឡាញ់របស់ខ្ញុំ ខ្ញុំសូមបញ្ជាក់ អះអាងថា រូបខ្ញុំនិងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែន ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ក្រោយមក ខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វើឱ្យគាត់ខឹងសម្បានឹងខ្ញុំ រហូតដល់គាត់គិតខ្លី ធ្វើអត្តឃាតខ្លួនឯង នេះជារឿងពិត អ្វីដែលខ្ញុំធ្វើខុសឆ្គង ខ្ញុំហ៊ានទទួល ខ្ញុំសុំទោសចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ទាំងមូល ប៉ុន្តែខ្ញុំសូមបដិសេធទាំងស្រុង នូវរាល់ការចោទប្រកាន់ដែលថា រូបខ្ញុំ និងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា។ ខ្ញុំនិងបងប្រុសខ្ញុំ ពុំមានចិត្តបាប សាហាវព្រៃផ្សៃ សម្លាប់គាត់ទេ សូមបងប្អូនពិចារណាមើលចុះថា បើខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា មែននោះ ម៉្លេះក្រោយពីគេដកតំណែងខ្ញុំចេញពីអភិបាលខេត្ត ហើយក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតនោះ ខ្ញុំនិងបងប្រុសខ្ញុំ រត់ចេញទៅក្រៅប្រទេស សុំសិទ្ធិជ្រកកោននយោបាយ ពីស្ថានទូតបរទេសបាត់ទៅហើយ។ ខ្ញុំនៅទីនេះ មិនរត់ចោលគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិរបស់ខ្ញុំទេ ខ្ញុំជឿជាក់លើប្រព័ន្ធច្បាប់ និងតុលាការរបស់ប្រទេសយើង ថានឹងផ្តល់យុត្តិធម៌ដល់រូបខ្ញុំ និងបងប្រុសខ្ញុំ និងមន្ត្រីដទៃទៀតដែលរងការចោទប្រកាន់។ ស្អែកនេះ ខ្ញុំនៅខេត្តតាកែវ ដើម្បីចូលរួមពិធីផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តតាកែវពីខ្ញុំ ឱ្យទៅឯកឧត្តម អ៊ូច ភា ដែលជាអភិបាលថ្មីខេត្តតាកែវយើង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រចាំការ ប៊ិន ឈិន។ ពេលខ្ញុំនៅធ្វើជាអភិបាលខេត្តតាកែវ ខ្ញុំបានដោះស្រាយរកយុត្តិធម៌រាប់មិនអស់ករណី ជូនប្រជាពលរដ្ឋរបស់ខ្ញុំ ខ្ញុំក៏សង្ឃឹមជឿជាក់ថា យុត្តិធម៌នឹងមានសម្រាប់រូបខ្ញុំ និងបងប្រុសខ្ញុំ ឡាយ ណារិទ្ធ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ជឿជាក់ចុះថា ខ្ញុំ ឡាយ វណ្ណៈ មិនរត់ចោលបងប្អូនទេ ដោយក្តីគោរពស្រឡាញ់ ពីខ្ញុំ ឡាយ វណ្ណៈ…”៕

RELATED ARTICLES