Tuesday, April 30, 2024
Homeព័ត៌មានជាតិទឹកក្រូចម៉ាកថ្មី ច្រកផ្ទាល់ដៃពីក្បាលរ៉ូប៊ីណេចូលដប ចរាចរណ៍យ៉ាងគគ្រឹកគគ្រេង៣ខេត្តទៅហើយ

ទឹកក្រូចម៉ាកថ្មី ច្រកផ្ទាល់ដៃពីក្បាលរ៉ូប៊ីណេចូលដប ចរាចរណ៍យ៉ាងគគ្រឹកគគ្រេង៣ខេត្តទៅហើយ

ខេត្តកំពង់ធំ ៖ ទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយដ៏ធំមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងមូលដ្ឋាន និងមានការសម្របសម្រួលពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានចុះធ្វើការបង្ក្រាបនិងបិទការផលិតជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចទីតាំងសិប្បកម្មផលិតទឹកក្រូច យីហោ លឹម ភ័ណ្ឌ ស្ថិតក្នុងសង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន។

តាមប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការដោយផ្ទាល់ បានបញ្ជាក់ប្រាប់ថា ម្ចាស់សិប្បកម្មខាងលើ មានឈ្មោះលឹម ភ័ណ្ឌ ត្រូវជាអនុប្រធានសភាពាណិជ្ឋកម្មកំពង់ធំនិងខេត្តព្រះវិហារ។ ហើយក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចជំនាញបានចុះពិនិត្យឃើញមាន ទឹកក្រូចជាច្រើនមុខ ដែលការផលិតខុសបច្ចេកទេសនិងគ្មានអនាម័យ បានផលិតលក់ចែកចាយទូទាំងប្រទេស។

សមត្ថកិច្ចបន្តថា ខណៈពេលដែលសមត្ថកិច្ចបានចុះទៅពិនិត្យរោងសិប្បកម្ម លឹម ភ័ណ្ឌ លោកលឹម ភ័ណ្ឌ ម្ចាស់សិប្បកម្មបានរត់គេចខ្លួនបាត់ ដោយមិនបានមកចូលរួមក្នុងសកម្មភាពត្រួតពិនិត្យនោះទេ ខណៈនេះលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាកម្លាំងជំនាញឱ្យតាមចាប់ខ្លួន ដើម្បីមកចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា ដែលបានដឹកនាំប្រតិបត្តិការខាងលើ បានបញ្ជាក់ប្រាប់ថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកនាយឧត្តសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ឱ្យដឹកនាំកម្លាំងចុះឆែកការពិនិត្យទឹកក្រូចរបស់សិប្បកម្ម លឹម ភ័ណ្ឌ ដែលសង្ស័យថា មានការផលិតខុសបច្ចេកទេស ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងសិស្ស ខណៈទឹកក្រូចដែលមានស្លាកសញ្ញា LP កំពុងតែចរាចរណ៍យ៉ាងគគ្រឹកគគ្រេងនិងចែកចាយយ៉ាងទូលំទូលាយក្នុងខេត្តកំពង់ធំ សៀមរាប និងព្រះវិហារ ព្រមទាំងខេត្តមួយចំនួនទៀត។

ក្រោយពីបានដឹកនាំកម្លាំងពិនិត្យក្នុងរោងចក្រផលិតទឹកក្រូចខាងលើ កម្លាំងជំនាញបានរកឃើញផលិតផលមានសារធាតុគីមីជាច្រើនមុខ សម្រាប់លាយផ្សំក្នុងទឹកក្រូច និងរកឃើញចំណុចមិនប្រក្រតីចំនួន៧ចំណុច ទី១-មិនបានសុំច្បាប់ចុះបញ្ជីផលិតផលនៅលើសំបកវេចខ្ចប់ មិនមាន ច.ប.ផ។ ទី២-នៅលើសំបកវេចខ្ចប់ដាក់អាសយដ្ឋានមិនពិតប្រាកដ។ ទី៣-មិនមានវិញ្ញាបនបត្របញ្ជាក់គុណភាព។ ទី៤-ប្រើប្រាស់សារធាតុគីមី សម្រាប់ផលិតទឹកក្រូច។ ទី៥-ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់។ ទី៦-រក្សាទុកទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទ។ និងទី៧-នៅលើសំបកវេចខ្ចប់ទឹកសុទ្ធមិនមានចុះបញ្ជី (CS)។

សកម្មភាពការផលិតទឹកក្រូចក្លែងក្លាយរបស់សិប្បកម្មផលិតទឹកក្រូច គឺគ្រប់ដបនីមួយៗដាក់មេ និងពណ៌ ដោយបង្ហូរចេញពីធុងស៊ីទែន ហើយបញ្ជូលទៅក្នុងដប ក្រោយមកយកដបដែលដាក់មេទឹកក្រូច ទៅច្រកទឹកពីក្បាលរ៉ូប៊ីណេ និងបានតាមពណ៌ដែលតម្រូវការ ហើយយកមកវេចខ្ចប់ ដឹកលក់តាមទីផ្សារ ក្នុងនោះក៏រកឃើញសារធាតុគីមី និងជីអ៊ុយរ៉េ និងម្សៅសម្រាប់លាយទឹកក្រូចជាច្រើនមុខទៀតផងដែរ។ សមត្ថកិច្ចបាននាំយកវត្ថុតាងមួយចំនួនមកពិនិត្យនៅស្នងការនគបាលខេត្តកំពង់ធំ ដើម្បីរកសារធាតុហាមឃាត់និងធ្វើកំណត់ហេតុ។

សម្រាប់រោងសិប្បកម្មខាងលើ ត្រូវបានលោកអ៊ិត សុធា ព្រះរាជអាជ្ញា និងលោកលោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា ព្រមទាំងគណៈកម្មការឯកភាពគ្នាបិទទីតាំងបណ្តោះអាសន្ន និងផ្អាកការផលិតនិងចែកចាយ ដោយរង់ចាំឱ្យភាគីម្ចាស់សិប្បកម្មចូលមកដោះស្រាយ តាមនីតិវិធី៕

RELATED ARTICLES