Friday, September 20, 2024
Homeសន្ដិសុខសង្គមឪក្មេកកំហូចលួចម៉ូតូទៅបញ្ចាំ កូនប្រសាប្តឹងប៉ូលិសចាប់

ឪក្មេកកំហូចលួចម៉ូតូទៅបញ្ចាំ កូនប្រសាប្តឹងប៉ូលិសចាប់

ខេត្តកណ្តាល៖ បុរសម្នាក់ បានប្រើល្បិច កុហកកូនប្រសាថា ប្រពន្ធលួចណាត់ជួបប្រុស- សហាយ ទើបធ្វើឱ្យកូនប្រសាខឹងប្រញាប់ទៅ មើលឱ្យឃើញផ្ទាល់ភ្នែក លុះឆ្លៀតឱកាសល្អ បុរសជាឪពុកក្មេកក៏លួចម៉ូតូរបស់កូនប្រសា យក ទៅបញ្ចាំបានប្រាក់៦០ម៉ឺនរៀល យកលុយ ដើរស៊ីចាយអស់ ទើបកូនប្រសាដាក់ពាក្យប្តឹង ឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២១០៦ នៅចំណុច ភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។

ករណីឪក្មេកលួចម៉ូតូកូនប្រសានោះ បាន កើតមានឡើងតាំងពីវេលាម៉ោង៧យប់ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចទួលតាជា ស្ថិតក្នុងភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

បុរសជាឪពុកក្មេក ដែលលួចម៉ូតូកូនប្រសា ទៅបញ្ចាំនោះ មានឈ្មោះភុំ ភន អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ និងជា កូនប្រសា មានឈ្មោះសឿ ជីម អាយុ ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិតាំងសំរោង  ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូដែលជនសង្ស័យជាឪពុកក្មេកលួចយកទៅ បញ្ចាំនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី ឆ្នាំ២០០៧ គ្មានស្លាក លេខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យ ជាឪពុកក្មេក បានប្រើល្បិចដោយប្រាប់ជនរង- គ្រោះជាកូនប្រសាថា ប្រពន្ធរបស់គេ បានណាត់ ជួបជាមួយប្រុសម្នាក់ នៅចំណុចទួលតាជា ដែល ឃ្លាតពីផ្ទះខ្លួន (ឪពុកក្មេក) ប្រមាណ១៥០ម៉ែត្រ។ លុះគ្រាន់តែឮឪពុកក្មេកប្រាប់បែបនេះ ជនរង- គ្រោះក៏ប្រញាប់ជិះម៉ូតូទៅទុកនៅកន្លែងកើត- ហេតុខាងលើ រួចក៏ដើរតាមទៅលបមើលប្រពន្ធ តាមអ្វីដែលឪពុកក្មេកបានប្រាប់ ដើម្បីចាប់ប្រពន្ធ និងប្រុសសហាយនៅនឹងកន្លែង តែមិនបាន ឃើញប្រពន្ធនៅជាមួយប្រុសណាទេ បន្ទាប់ មក ជនរងគ្រោះក៏ត្រឡប់ទៅកន្លែងទុកម៉ូតូ វិញ ស្រាប់តែបាត់ម៉ូតូតែម្តង។ រហូតមកដល់ វេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ជនរង- គ្រោះជាម្ចាស់ម៉ូតូ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ក្រាំងយ៉ូវ បានឱ្យ ដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជន- រងគ្រោះ សមត្ថកិច្ចបានធ្វើការសាកសួរព័ត៌មាន លម្អិតពីជនរងគ្រោះបន្ថែម រួចក៏កំណត់មុខសញ្ញាបានថា ករណីនេះជនសង្ស័យគ្មានអ្នក ណាឆ្ងាយក្រៅពីបុរសជាឪពុកក្មេកនោះទេ ពីព្រោះ ក្រោយពីបាត់ម៉ូតូភ្លាមៗបានដើរមកផ្ទះឪពុកក្មេក  ដើម្បីឱ្យគាត់ជួយដើររកម៉ូត ស្រាប់តែបាត់ឪពុក- ក្មេកពីផ្ទះដែរ ទើបសមត្ថកិច្ចសម្រេចចុះចាប់ឃាត់ ខ្លួនជនសង្ស័យជាឪពុកក្មេកយកមកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា ខ្លួនពិតជាបានលួចម៉ូតូកូនប្រសា ពិតមែន ដោយនៅមុនពេលកើតហេតុ ខ្លួនបាន ប្រើឧបាយកលបបួលកូនប្រសាថា ទៅមើល ប្រពន្ធរបស់គេ (ត្រូវជាកូនបង្កើត) កំពុងណាត់ ជួបប្រុស។ លុះទៅដល់ឆ្លៀតពេលកូនប្រសា ទុកម៉ូតូចោល ដើរទៅលបមើលប្រពន្ធ ខ្លួនក៏ លួចយកម៉ូតូរបស់កូនប្រសាទៅបាត់តែម្តង។

ជនសង្ស័យជាឪពុកក្មេកនោះ បានសារភាព បន្តថា ក្រោយពីលួចម៉ូតូកូនប្រសាបានហើយ ខ្លួនក៏យកម៉ូតូនោះ ទៅបញ្ចាំឱ្យគេនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ដោយមិនស្គាល់ឈ្មោះគេ នោះទេ និងបញ្ចាំបានប្រាក់ចំនួន៦០ម៉ឺនរៀល។ បន្ទាប់ពីបានប្រាក់ដល់ដៃ ខ្លួនក៏យកទៅដើរចាយ វាយរហូតដល់អស់ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួនតែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត  ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ សិលា

RELATED ARTICLES