Thursday, April 18, 2024
Homeបច្ចេកវិទ្យាកា​រស​ន្ឋិ​ដ្ឋា​ន​ដំបូង​ពី​មូលហេតុ Galaxy Note 7 ផ្ទុះ​ឆេះ​

កា​រស​ន្ឋិ​ដ្ឋា​ន​ដំបូង​ពី​មូលហេតុ Galaxy Note 7 ផ្ទុះ​ឆេះ​

Samsung បានឲ្យដឹងថា បាតុភូតផ្ទុះឆេះនៅលើ Galaxy Note 7 គឺដោយសារបញ្ហាទាក់ទងដល់ការផលិតបណ្តាកោសិកាថ្ម (battery cell) ប៉ុន្តែកំពុងស្វែងរកមូលហេតុបញ្ហាពិតប្រាកដ ។
«កំហុសមួយក្នុងដំណើរការផលិតបណ្តាកោសិកាថ្ម ធ្វើឲ្យអេឡិចត្រូតអវិជ្ជមានប្រាស្រ័យផ្ទាល់ជាមួយអេឡិចត្រូវវិជ្ជមាន ធ្វើឲ្យថ្មក្តៅឡើងខ្លាំង បង្កបាតុភូតក្តៅបំផុត ។ សីតុណ្ហភាពខ្ពស់ ធ្វើឲ្យកោសិកាថ្មត្រូវរហែក បង្កឲ្យផ្ទុះ», Samsung បកស្រាយនៅក្នុងរបាយការណ៍បឋមផ្ញើទៅស្ថាប័នស្តង់ដារ និងបច្ចេកវិទ្យាកូរ៉េ (KATS) ។
Samsung សង្កត់ធ្ងន់ថា នេះគ្រាន់តែជាការសន្ឋិដ្ឋានដំបូងប៉ុណ្ណោះ ។ «យើងខ្ញុំកំពុងបន្តស៊ើបអង្កេតបញ្ហា មុនពេលធ្វើការពន្យល់លម្អិតអំពីបញ្ហាក្នុងពេលវេលាឆាប់បំផុត» ។
នៅពេល Samsung ទទួលស្គាល់លើកដំបូងថា Galaxy Note 7 ជួបបញ្ហាក្តៅខ្លាំង ឬផ្ទុះឆេះ ក្រុមហ៊ុនបានលើកឡើង៣៥ករណីបានកើតឡើងនៅលើពិភពលោក ។ តាម Koh Dong-jin ប្រធានផ្នែកអាជីវកម្មទូរស័ព្ទចល័តរបស់ Samsung បណ្តាឧបករណ៍ខាងលើបានជួប «បញ្ហាតូចក្នុងដំណើរការផលិត ប៉ុន្តែលំបាករកឃើញមូលហេតុ» ។
បន្ទាប់ពីនោះ ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េដំណើរការស៊ើបអង្កេត និងសន្ឋិដ្ឋានថា ម៉ូដែល Galaxy Note 7 មានថ្មត្រូវបានផលិតដោយ Samsung SDI ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Samsung មានកំហុស ។ Galaxy Note 7 ប្រើប្រាស់ថ្មរបស់ក្រុមហ៊ុនចិន ATL មិនជួបស្ថានភាពនេះ ។
ឧបទ្ទវហេតុផ្ទុះឆេះនៅលើ Galaxy Note 7 ប៉ះពាល់យ៉ាងខ្លាំងទៅដល់ Samsung ។ ការប្រមូលមកវិញនូវទូរស័ព្ទ ២,៥លានគ្រឿងនៅ១០ប្រទេស ដែលចេញលក់ បានធ្វើឲ្យក្រុមហ៊ុនត្រូវទទួលរងការខាតបង់ជាង១ពាន់លានដុល្លារ ។ ដើម្បីដោះស្រាយស្ថានភាពខាងលើជាបណ្តោះអាសន្ន ទើបក្រុមហ៊ុនបញ្ចេញស៊េរី Update ថ្មី ក្នុងនោះអនុញ្ញាតឲ្យ Galaxy Note 7 សាកថ្មត្រឹមតែ៦០ភាគរយនៃថ្ម បើប្រៀបធៀបជាមួយធម្មតា ៕
ដោយ: តូច រំលឹក

RELATED ARTICLES