Lamela អតីតកីឡាករក្លឹបចចក Roma បាននិយាយថា គាត់នឹងសុំតម្លើងប្រាក់ឈ្នួលទ្វេដង ប្រសិនបើក្លឹបមាន់ខ្នាយមាស់បន្តកុងត្រាថ្មីដល់រូបគាត់។ បច្ចុប្បន្នកីឡាករវ័យ២៤ឆ្នាំ រូបនេះទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ ៦០០០០ផោនស្មើនឹងជាង ៧ម៉ឺនដុល្លារ តែសម្រាប់កុងត្រាថ្មី គាត់សុំតម្លើងទ្វេមួយជាពីរមានន័យ ១២០០០០ផោនស្មើនឹង ជាង១៥ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍។
ការសុំតម្លើងប្រាក់ឈ្នួលនេះ គេមិនទាន់ឃើញមានប្រតិកម្មឆ្លើយតបយ៉ាងណាពីម្ចាស់ក្លឹបនេះនៅឡើយទេ ខណៈក្លឹបមិនទាន់មានពេលវេលាគ្រប់គ្រាន់ដើម្បីចរចាជាមួយសាមីខ្លួន ដោយសារតែក្លឹបជាប់រវល់ជាមួយនឹងការបន្តកុងត្រាថ្មីរយៈពេលយូរឲ្យកីឡាករសំខាន់ៗពីររូបគឺ Christian Eriksen និង Jan Vertonghen ។
ជាការពិតកីឡាករសញ្ជាតិអាហ្សង់ទីន រូបនេះនៅសល់កុងត្រាចាស់ជាមួយ TOTTENHAM រយៈពេល ៣ឆ្នាំទៀត តែគេចង់បន្តរួមរស់នៅជាមួយក្លឹបនេះ រយៈ ពេលយូរឆ្នាំទៀត។
គួររំឮកថា កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះ បានចូលមករួមរស់ជាមួយ TOTTENHAM កាលពីឆ្នាំ ២០១៣។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន៨គ្រាប់ ក្នុងការបង្ហាញវត្តមាន៧៧ប្រកួត។
ដោយ៖ ហេង ដេត