Monday, December 23, 2024
Homeបរិយាយថ្ងៃភ្ជុំ ទៅ​ស្រុក​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ថ្ងៃភ្ជុំ ទៅ​ស្រុក​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ខណៈដែលគណៈកម្មការរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ នៅទូទាំងប្រទេស កំពុងមមាញឹកក្នុងការចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋនោះ យើងឃើញថា បុគ្គលិកក្រុមហ៊ុនឯកជន ដែលចេញពីស្រុកកំណើតទៅធ្វើការនៅទីក្រុង ក៏ដូចជាពលករ ចំណាកស្រុក មិនទាន់បានចុះឈ្មោះនៅឡើយ។ ពួកគាត់និយាយស្របគ្នាថា “ថ្ងៃភ្ជុំ ចាំទៅស្រុក ចុះឈ្មោះបោះឆ្នោត!” ដែល “នគរធំ” សូមលើកប្រយោគនេះមកបរិយាយថ្ងៃនេះ…។

បើគិតមកដល់ពេលនេះ គណៈកម្មការរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ (CEC) ទើបសម្រេចបាននូវការចុះឈ្មោះ បោះឆ្នោត ជូនប្រជាពលរដ្ឋបានជាង២លាននាក់ប៉ុណ្ណោះ លើចំនួនសរុបជាង៩លាន៦សែននាក់ ដែលមានសិទ្ធិក្នុងការបោះឆ្នោត។ មុនពេលដំណើរការចុះឈ្មោះនោះ ក៏មានអង្គការសង្គមស៊ីវិលមួយចំនួន សម្តែងក្តីបារម្ភថា “ការចុះឈ្មោះកន្លែងណា បោះឆ្នោត កន្លែងហ្នឹង អាចធ្វើឱ្យរាជធានីភ្នំពេញ ពេញណែនដោយអ្នកបោះឆ្នោត ព្រោះកម្មករ-កម្មការិនីរាប់សែននាក់ ដែលជាប់ការងារ រោងចក្រ។ បើបោះ៥លាននាក់ ក៏នៅតែ១២អាសនៈដដែល ហើយបើបោះ១លាននាក់ ក៏១២អាសនៈ អាចឱ្យ ជភភ មាន លទ្ធភាពឈ្នះនៅតាមខេត្ត…”។

ការលើកឡើងរបស់អង្គការសង្គមស៊ីវិលនេះ មកពីគេយល់ថា បុគ្គលិកក្រុមហ៊ុននានា ក៏ដូចកម្មករ-កម្មការិនី ជាប់ ការងារនៅរាជធានី-ក្រុង គ្មានឱកាសទំនេរទៅស្រុកកំណើត ដើម្បីចុះឈ្មោះបោះឆ្នោត ម៉្លោះហើយពួកគាត់ក៏ជ្រើសយក ទីតាំងសង្កាត់ណាដែលនៅជិតកន្លែងធ្វើការរបស់ខ្លួន ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ។ កាលបើមនុស្សមកពីស្រុកស្រែ គ្មាន ឱកាសទៅស្រុកស្រែ អាចធ្វើឱ្យចំនួនអ្នកបោះឆ្នោតនៅរាជធានី-ក្រុង កើនឡើងខ្ពស់ ខណៈដែលស្រុកស្រែថយចំនួនអ្នក- បោះឆ្នោត។

ជាការផ្ទុយទៅវិញ យោងតាមការឃ្លាំមើល ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ មកនោះ នៅភ្នំពេញ ឃើញមាន តែប្រជាពលរដ្ឋ មន្ត្រីរាជការ ពាណិជ្ជករ ដែលមានផ្ទះសម្បែងតាំងស៊ប់នៅតាមសង្កាត់នានា បាននាំគ្នាទៅចុះឈ្មោះបោះឆ្នោត ខណៈដែលបុគ្គលិកក្រុមហ៊ុន កម្មករ កម្មការិនី អ្នករត់រ៉ឺម៉ក ឬម៉ូតូឌុបស្នាក់នៅផ្ទះជួល និយាយស្របគ្នាថា “ថ្ងៃភ្ជុំ ចាំទៅ ស្រុក ចុះឈ្មោះបោះឆ្នោត!”។ មានន័យថា ពួកគាត់មានស្រុកកំណើតនៅមូលដ្ឋានណា ក៏ចង់ទៅបោះឆ្នោតនៅមូលដ្ឋាននោះ ទើបយើងឃើញថា ការចុះឈ្មោះបោះឆ្នោត ទើបតែបានជាង២លាននាក់ ឬថាមិនទាន់បានពាក់កណ្តាល នៃចំនួនប្រជា- ពលរដ្ឋមានសិទ្ធិបោះឆ្នោត ដោយវល់ការងាររកស៊ីចិញ្ចឹមជីវិត។

កន្លងមក មន្ត្រីបក្សប្រឆាំង ធ្លាប់បានអំពាវនាវឱ្យកម្មករ-កម្មការិនី និងពលករចំណាកស្រុក ឆ្លៀតឱកាសទៅស្រុក កំណើតចុះឈ្មោះបោះឆ្នោត ដោយសារបក្សប្រឆាំង ខ្លាចចាញ់ឆ្នោតនៅតាមខេត្ត បើសិនជាកម្មករ ពពាក់ពពូនបោះឆ្នោត នៅភ្នំពេញ។ ទោះជាបក្សប្រឆាំង មិនអំពាវនាវ ក៏កម្មករ-កម្មការិនី ពលករចំណាកស្រុក ក៏ដូចបុគ្គលិកក្រុមហ៊ុននានា ពុំ អាចបំភ្លេចស្រុកកំណើតបានឡើយ។ ជាងនេះទៀត មេឃុំ មេភូមិ ប្រចាំមូលដ្ឋាន ចង់ឱ្យប្រជាពលរដ្ឋទៅមូលគ្នាបោះឆ្នោត នៅតាមភូមិ-ឃុំ របស់ពួកលោក មិនចង់ឱ្យបោះនៅភ្នំពេញ នោះទេ ព្រោះថាបើមូលដ្ឋានណាថយចំនួនអ្នកបោះឆ្នោត អាច ធ្វើឱ្យមេភូមិ មេឃុំ នោះបាត់បង់ប្រជាប្រិយភាព។

រហូតមកទល់ពេលនេះ ដំណើរការចុះឈ្មោះបោះឆ្នោតមានភាពរង្វើល ដោយសារអ្នកចុះឈ្មោះរវល់មុខរបរចិញ្ចឹម ជីវិត។ អ្នកខ្លះត្អូញជ្រុះបាត់អត្តសញ្ញាណប័ណ្ណ ខ្លះទៀតហួសសុពលភាព ធ្វើឱ្យរាំងស្ទះដល់បំណងបំពេញកាតព្វកិច្ចពលរដ្ឋ។ បើនឹងចំណាយពេលទៅស្រុក ធ្វើអត្តសញ្ញាណប័ណ្ណថ្មី អាចធ្វើឱ្យអ្នករកស៊ីកំប៉ិកកំប៉ុកត្រូវផ្កាប់ឆ្នាំងមិនខាន ដែលករណីនេះ អាចនឹងឈានដល់បាត់ឈ្មោះពីកុំព្យូទ័រ។ ទោះយ៉ាងណា ចំនួនអ្នកបាត់អត្តសញ្ញាប័ណ្ណ ឬហួសសុពលភាព មានតិចតួចទេ ប៉ុន្តែ ចំណុចសំខាន់ត្រង់ពាក្យថា “ថ្ងៃភ្ជុំ” គឺសំដៅដល់រយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃវេចនំអន្សម រហូតដល់ថ្ងៃឆ្លង។ បើជាថ្ងៃ កាន់បិណ្ឌ ត្រូវគិតពីថ្ងៃ១រោច ខែភទ្របទទៅ ប៉ុន្តែ យោងតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ ថ្ងៃភ្ជុំ មានតែ៣ថ្ងៃនេះទេ ដោយ យកថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃ “ភ្ជុំបិណ្ឌ” (សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៦ នេះ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យកម្មករ និយោជិត ឈប់សម្រាក៤ថ្ងៃ គឺ ថ្ងៃទី៣០ ខែកញ្ញា-ថ្ងៃទី ០១,០២ និង០៣ ខែតុលា ឆ្នាំ២០១៦)។ ចំណែក គ.ជ.ប ក៏បានសម្រេចឱ្យធ្វើការចុះឈ្មោះបោះឆ្នោតបន្ថែម នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០១៦ ដែលជាថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ផងដែរ។

ដូច្នេះ ករណីពលករចំណាកស្រុក កម្មករ-កម្មការិនី ក៏ដូចជាបុគ្គលិកក្រុមហ៊ុនធ្វើការនៅរាជធានី-ក្រុង ជ្រើសយកថ្ងៃភ្ជុំ សម្រាប់ចុះឈ្មោះបោះឆ្នោតបែបនេះ លុះត្រាតែ គ.ជ.ប រៀបផែនការដាក់បញ្ជាទៅថ្នាក់ក្រោមឱ្យបានម៉ឺងម៉ាត់ហ្មត់ចត់ ចៀសវាងស្ទះដំណើរពេលមនុស្សពាក់ពពូនទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំ។ ធម្មតាការប្រើប្រាស់ឧបករណ៍អេឡិកត្រូនិក បើខ្វះការប្រុងប្រយ័ត្ន អាចគាំងម៉ាស៊ីន ដូច្នេះ មណ្ឌលនីមួយៗ កុំភ្លេចរកអ្នកឯកទេសខាងជួសជុលកុំព្យូទ័រ ទុកបម្រុងឱ្យហើយ កុំឱ្យស្ទះដំណើរការ។ ជាងនេះទៀត អ្នកកាន់កុំព្យូទ័រ គួរប្រយ័ត្នចំណីផង ដូចជាពេលយប់បានជួបជុំបងប្អូន ដែលបែកគ្នាយូរ ក៏ព័ទ្ធវង់ជល់កែវ ក្លែមជ្រក់ស្ពៃមិនសំចៃ អាចបណ្តាលឱ្យរាករូស។ លុះព្រឹកឡើងទៅកាន់កុំព្យូទ័រយ៉ាងម៉េចកើត បើរវល់តែ រត់ចូលបង្គន់ ភ្នែកឡើងស្លក់នោះ។

រយៈពេល៣ថ្ងៃនេះ បើគណៈកម្មការរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ ខ្វះការប្រុងប្រយ័ត្នដូចអ្វីដែលយើងលើកឡើង ខាងលើ អាចធ្វើឱ្យអ្នកទៅចុះឈ្មោះបោះឆ្នោត ដកថយក៏ថាបាន បើសិនជាអង្គុយចាំយូរពេក ក្របានចុះឈ្មោះ។ គួរកុំភ្លេច ថា អ្នកទៅចុះឈ្មោះបោះឆ្នោតនោះ ប្រញាប់យកចង្ហាន់ទៅវត្ត ប្រញាប់វេចនំអន្សម ឬប្រញាប់រកទិញមាន់ត្រៀមសែនដូនតា នៅពេលយប់ កាលបើអ្នកកាន់កុំព្យូទ័រធ្វើឱ្យស្ទះដំណើរ បានត្រឹមគេដើរចេញ។ លុះថ្ងៃភ្ជុំបានបញ្ចប់ ពលករ កម្មករ ត្រូវវិល ទៅរោងចក្រ កសិដ្ឋាន ឬសហគ្រាសដែលពួកគេធ្វើការវិញ ដោយគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចធ្វើឱ្យអ្នកនយោបាយចោទ ប្រកាន់គ្នាទៀត ពីរឿងបាត់ឈ្មោះអ្នកបោះឆ្នោត ដូចអ្វីដែលធ្លាប់មានកន្លងមក ខណៈដែលបក្សប្រឆាំងបានចោទប្រកាន់ថា មានបាត់ឈ្មោះអ្នកបោះឆ្នោតជាង១លាននាក់។

ដូច្នេះ គួរតែ គ.ជ.ប បង្កលក្ខណៈងាយស្រួលនៅថ្ងៃភ្ជុំ សម្រាប់ការចុះឈ្មោះបោះឆ្នោត កុំឱ្យមានភាពរអាក់រអួល សូម្បី លោកកឹម សុខា ដែល គ.ជ.ប ថា មានសិទ្ធិចុះឈ្មោះបោះឆ្នោត ខណៈដែលសាលក្រមតុលាការ មិនទាន់សម្រេចជាស្ថាពរនោះ តើត្រូវបំពេញបែបបទអ្វីខ្លះ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី? រឿងអ្នកនយោបាយប្រឈមនឹងតុលាការនោះ “នគរធំ” មិនពាក់ព័ន្ធទេ តែយើងចង់និយាយតែពី “ថ្ងៃភ្ជុំ ទៅស្រុកចុះឈ្មោះបោះឆ្នោត!” ប៉ុណ្ណោះ។ ក្តីបារម្ភថា នឹងមានពលរដ្ឋពពាក់- ពពូនបោះឆ្នោតនៅភ្នំពេញ នោះ ហាក់ដូចជាយល់ខុស ព្រោះថា ជនជាតិខ្មែរ តែងមានមនោសញ្ចោតនាស្រឡាញ់ស្រុក- កំណើតរបស់ខ្លួន ដូច្នេះ បើគាត់កើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ក៏ទៅបោះឆ្នោតនៅស្រុកព្រៃកប្បាស បើកើតនៅស្រុក បាកាន ខេត្តពោធិ៍សាត់ ក៏ទៅបោះឆ្នោតនៅស្រុកបាកាន មិនបោះនៅភ្នំពេញ ឬក្រុងតាខ្មៅ នោះទេ។

សរុបទៅ “ថ្ងៃភ្ជុំ ទៅស្រុកចុះឈ្មោះបោះឆ្នោត” គឺជាពាក្យសម្តីប្រជាពលរដ្ឋខ្មែរ ដែលមិនភ្លេចស្រុកកំណើតពួកគាត់។ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នានេះ គួរតែស្ថាប័ន គ.ជ.ប ដាក់វិធានការឱ្យបានម៉ឺងម៉ាត់ ពង្រឹងស្មារតីមន្ត្រីថ្នាក់ឃុំ-សង្កាត់ រៀបចំចុះឈ្មោះបោះឆ្នោត ជាពិសេស អ្នកកាន់កុំព្យូទ័រ ឱ្យមានស្មារតីប្រុងប្រយ័ត្នក្នុងការបំពេញតួនាទីការងារក្រែងគាំងម៉ាស៊ីន កុំព្យូទ័រ ឬបរិភោគអាហារប៉ះពាល់ដល់សុខភាព ទើបធានាថា បំណងប្រាថ្នាអ្នកទៅស្រុកចុះឈ្មោះបោះឆ្នោត នៅថ្ងៃភ្ជុំ នឹង បានសម្រេច និងបំពេញតួនាទីជាពលរដ្ឋដ៏ល្អរបស់មាតុភូមិ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES