Tuesday, April 16, 2024
Homeព័ត៌មានជាតិរដូវភ្ជុំ លោក​កឹម សុខា ឱប​ម្តាយ​យំ បក្ស​ប្រឆាំង អង្វរ​បក្ស​កាន់​អំណាច សុំ​ចរចា

រដូវភ្ជុំ លោក​កឹម សុខា ឱប​ម្តាយ​យំ បក្ស​ប្រឆាំង អង្វរ​បក្ស​កាន់​អំណាច សុំ​ចរចា

ភ្នំពេញ ៖ នៅថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៦ លោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងបន្តសំងំ លាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅឯសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នោះ បានបង្ហាញរូបភាពលោកឱបម្តាយយំនៅ ក្នុងបន្ទប់ការិយាល័យរបស់លោក ហើយនៅថ្ងៃ ដដែលនោះគណបក្សសង្គ្រោះជាតិ ក៏បានបើក វេទិកាជួបជុំយុវជន ដោយមានការចូលរួមជា អធិបតីពីលោកសម រង្ស៊ី ជាប្រធាន (តាម ប្រព័ន្ធអ៊ីនធើរណេត) និងលោកកឹម សុខា ជា អនុប្រធានផងដែរ។ ជាមួយគ្នានេះ អ្នកនាំពាក្យ គណបក្សប្រឆាំងនេះ បានថ្លែងបញ្ជាក់ថា គណបក្សមិនចង់ជ្រើសយកការធ្វើបាតុកម្មទេ ដូច្នេះ សុំអង្វរគណបក្សកាន់អំណាច បើកផ្លូវចរចា។

កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦  លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបង្ហោះរូបថត២សន្លឹកជាមួយអ្នកម្តាយ របស់លោក ជាមួយសំណេរខ្លី ដែលមានន័យ ធ្វើឱ្យអ្នកគាំទ្រអាណិតលោករហូតអ្នកខ្លះហូរ ទឹកភ្នែកជោកថ្ពាល់ ដោយលោកសរសេរថាខ្ញុំនិងអ្នកម្តាយខ្ញុំ លោកយាយសៅ ង៉ែត នៅ ថ្ងៃបិណ្ឌ១ នៃរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខ្មែរ

លោកកឹម សុខា បានសរសេរបន្តថា ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ ជា ថ្ងៃកាន់បិណ្ឌ១ នៃរដូវភ្ជុំបិណ្ឌ ប្រពៃណីជាតិ ខ្មែរយើងនេះ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំ សូមចូលរួមអបអរសាទរ និងសូមឧទ្ទិសភោគផល កុសលផលបុណ្យជូនបុព្វការីជន ដែលចាក លោកទៅនោះ សូមឱ្យចាកផុតពីឋានទុក្ខទាំង ឡាយ និងសូមឱ្យបានទៅដល់ឋានសុគតិភព កុំបីខានឡើយ និងសូមជូនពរដល់ប្រជាពលរដ្ឋ ខ្មែរទាំងអស់ សូមទទួលបាននូវព្រះពុទ្ធពរទាំង បួនប្រការ គឺ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ

គួបញ្ជាក់ដែរ នៅថ្ងៃដដែលនោះ ក្នុងនាម ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ក៏បានចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយយុវជនគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលគណបក្ស ដោយ មានការចូលរួមពីលោកសម រង្ស៊ី ផងដែរ តាម រយៈប្រព័ន្ធអ៊ីនធើរណេត។

ថ្លែងនៅក្នុងពិធីនោះ លោកកឹម សុខា បាន មានប្រសាសន៍ថាបើចង់ឱ្យប្រទេសកម្ពុជា មាន ការអភិវឌ្ឍ មានការរីកចម្រើន មានសុខដុមរមនាទាំងអស់គ្នា គ្រាន់តែប្រកួតគ្នាដោយស្មើភាព ដោយសេរីទៅ កុំចងដៃចងជើងគេ ខ្ទប់មាត់ ខ្ទប់ច្រមុះគេ ហើយបបួលគេមកវ៉ៃ អន់! អ៊ីចឹង បើមេដឹកនាំ និងសកម្មជនថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ទទួលរងនូវការគំរាមកំហែងបំភិតបំភ័យ ចាប់ចងធ្វើទុក្ខបុកម្នេញ គឺមិនអាចមាន ការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ បានទេ។ ឥឡូវយើងមើលស្អី ហេតុអីបានជាសហគមន៍អន្តរជាតិ គេចេញលិខិតជាបន្តបន្ទាប់? បងប្អូនទាំងអស់ជ្រាបហើយ សភាអាមេរិក ចេញ សេចក្តីសម្រេច អនុម័តលើសេចក្តីសម្រេចលេខ៧២៨ ហើយសេចក្តីសម្រេចនេះ គេខ្វាយខ្វល់ពីបញ្ហា សិទ្ធិមនុស្ស ការបោះឆ្នោតនៅកម្ពុជា។ ទី២ អង្គការ សហប្រជាជាតិ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ហើយថាបញ្ហាសិទ្ធិមនុស្សនៅប្រទេស កម្ពុជាធ្ងន់ធ្ងរទៀតហើយ។ ឥឡូវនេះ ប្រទេស ចំនួន៣៩ ហើយដំបូងឡើយ ៣៦ទេ ឥឡូវ អ្នកគាំទ្រថែមទៀតហើយៗសុទ្ធតែប្រទេស មហាអំណាច ម៉េចក៏មកខ្វាយខ្វល់រឿងសិទ្ធិមនុស្សនៅស្រុកខ្មែរ? គេភ្លើយ៉ាងម៉េច? គេមិន ល្ងង់ទេ គេមិនល្ងឹតទៀត គេមើលឃើញច្បាស់ បានគេដឹងបញ្ហាស្រុកខ្មែរ ជាងយើងទៅទៀត ព្រោះគេមានភ្នាក់ងារគេនៅទីនេះ គេដឹងព័ត៌មាន គ្រប់ជ្រុងជ្រោយ មិនអាចលាក់បាំងបានទេ។ ខ្ញុំ ជម្រាបជូនស្ថានភាពនយោបាយបច្ចុប្បន្ននេះ  មិនចាញ់កិច្ចព្រមព្រៀងក្រុងប៉ារីសទេ។ កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ៩១ មាន ១៨ ប្រទេស រួមទាំងអង្គការសហប្រជាជាតិទៀត ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស ឱ្យខ្មែរឈប់សម្លាប់គ្នា ឈប់ធ្វើសង្គ្រាម ដើម្បី កសាងប្រទេសឡើងវិញ គោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែឥឡូវនេះ គ្រាន់ តែចាប់ផ្តើមភ្លាម ៣៦ប្រទេស ទៅហើយ រឿងនេះរឿងធំណាស់។ ខ្ញុំបញ្ជាក់ជូនហេតុ ម៉េចបានបរទេសគេឈឺឆ្អាលលើខ្មែរហ្នឹង? តើគេចង់លូកដៃចូលកិច្ចការផ្ទៃក្នុងយើង? គេ រំលោភលើអធិបតេយ្យភាពយើងឬយ៉ាងណា? មិនមែនទេបងប្អូន ជាកាតព្វកិច្ចរបស់គេ ហើយ ក៏ជាកាតព្វកិច្ចរបស់រដ្ឋាភិបាលខ្មែរយើងផងដែរ  ជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរយើងផងដែរ

ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ លោកយឹម សុវណ្ណ បញ្ជាក់នៅ ក្នុងវេទិកានោះថា គណបក្សសង្គ្រោះជាតិ ខ្លាច និងមិនចង់ធ្វើបាតុកម្មនោះទេ ព្រោះធ្លាប់ធ្វើ បាតុកម្មអស់រយៈពេលជិត២០ឆ្នាំមកហើយ។ ប៉ុន្តែដោយសារតែគណបក្សសង្គ្រោះជាតិ គ្មាន ជម្រើស មានតែសម្រេចការធ្វើមហាបាតុកម្ម ទូទាំងប្រទេស ដើម្បីស្វែងរកដំណោះស្រាយ នយោបាយ។ ដូច្នេះលោកសូមអង្វរដល់គណបក្សកាន់អំណាចឱ្យបើកការចរចាទៅ ទើប មិនមានមហាបាតុកម្មកើតឡើង។

លោកយឹម សុវណ្ណ មានប្រសាសន៍ថា បញ្ហាធំ គឺបញ្ហាអី សូមឱ្យលោកប្រធានសម រង្ស៊ី វិលចូលក្នុងប្រទេស ចូលរួមសកម្មភាព ឃោសនាបោះឆ្នោត ហេតុអ្វីក៏លោកធ្វើមិនបាន? លោកមានធនធាន មានកងកម្លាំងប្រដាប់អាវុធ មានតុលាការ មានអ្វីៗទាំងអស់ ពួកយើងខ្ញុំ មានតែបាតដៃទទេ មានតែខួរក្បាល មានតែ ប៊ិក មានតែក្រដាស មានតែកុំព្យូទ័រ ម៉េចក៏ចាំបាច់ដឹកទាហានរាប់សិបឡាន មកគំរាមកំហែង យើងខ្ញុំ ហើយសួរថាខ្លាចឬអត់? ម្នាក់ៗហ្នឹង ខ្លាច ក៏ប៉ុន្តែអ្វីដែលខ្លាចជាងហ្នឹងតទៅទៀត គឺ ខ្លាចបាតបង់ប្រទេសជាតិ។ អ្វីដែលខ្លាចជាង ហ្នឹងតទៅទៀត គឺខ្លាចអំពើអយុត្តិធម៌នៅក្នុង សង្គម។ អ្វីដែលយើងខ្លាច គឺភាពក្រីក្ររបស់ ប្រជាពលរដ្ឋ អាប់មុខអាប់មាត់កិត្តិយសជាតិ របស់យើងនៅលើឆាកអន្តរជាតិ។ ដោះស្រាយ ទី២ អ្នកជាប់ពន្ធនាគារទាំងប៉ុន្មាន ដោយសារ ហេតុផលនយោបាយ សូមអញ្ជើញដោះលែង គាត់មកវិញ។ គាត់បញ្ចោញមតិការពារព្រំដែន  គាត់បញ្ចោញមតិការពារយុត្តិធម៌សង្គម គាត់ បញ្ចោញមតិការពារជនស្លូតត្រង់ ការពារការ រំលោភសិទ្ធិមនុស្ស ហេតុអីចាប់គាត់ដាក់គុក? ហើយបញ្ហាទី៣ ដែលត្រូវដោះ ដោះអីទៀត កុំដោះតែបក្សសង្គ្រោះជាតិ សង្គមស៊ីវិលទាំង ប៉ុន្មាន សកម្មជនដីធ្លី គួរឱ្យគាត់មានសេរីភាព។ ហើយនៅចុងបញ្ចប់ លោកប្រធានស្តីទី ឥឡូវ គាត់ស្នាក់នៅទីស្នាក់ការ ហើយឱ្យតែតុលាការ ចូលហ្នឹង ចាប់ហើយ ចាប់ដាក់៥ខែ ប៉ុន្តែមិន ៥ខែ លោកប្រធានចូលទៅ មិនដឹងនៅបន្ថែម អីទៀតទេ។ អត់ដឹងទេ ដូច្នេះសុំអង្វរគណបក្ស ម្ខាងទៀត សុំជួយដោះស្រាយទៅ កុំឱ្យឈាន ទៅដល់មហាបាតុកម្មទូទាំងប្រទេស រួចហើយ ប្រទូស្តប្រឆាំងគ្នា អត់ចង់សោះតែម្តង។ ខ្ញុំជម្រាប បងប្អូន ការធ្វើបាតុកម្ម អត់ចង់ទេ ព្រោះធ្លាប់ ធ្វើជាង២០ឆ្នាំហើយ ២១ឆ្នាំហើយ តាំងពីលោក ប្រធានសម រង្ស៊ី ដឹកនាំបាតុកម្ម មុនដំបូងគេ បំផុត ដឹកនាំកម្មករ៤០០០នាក់ នៅទឹកថ្លា ហើយតាំងពីថ្ងៃណា ក៏បាតុកម្មដែរ ជាង២០ឆ្នាំ ហើយ ទើបនឹងស្ងាត់តែ២៣ឆ្នាំ ឥឡូវបង្ខំឱ្យ យើងធ្វើទៀត។ ព្រោះអត់ជម្រើស មិនដឹងធ្វើ ម៉េច ខ្ញុំអង្គុយគិតដែរ តែមិនដឹងធ្វើម៉េច កុំឱ្យ មានបាតុកម្ម ហៅគេមកជជែគ្នាដោះស្រាយទៅ គេដឹងឮអស់ហើយ មិនមែនរឿងបុគ្គល១នាក់ ២នាក់ហ្នឹងទេ។ អាហ្នឹងមិនមែនរឿងបុគ្គលទេ រឿងនយោបាយហើយ

ទោះយ៉ាងណា ឆ្លើយតបទៅនឹងការលើក ឡើងរបស់បក្សប្រឆាំង គណបក្សកាន់អំណាច នៅតែប្រកាន់ជំហរមិនអាចចរចាបាន ព្រោះ ជារឿងនីតិវិធីរបស់តុលាការ មិនមែនជារឿង នយោបាយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានមានប្រសាសន៍ថា ទាំង ករណីលោកសម រង្ស៊ី ដែលកំពុងជាប់បណ្តឹង ជាច្រើននៅតុលាការ ទាំងករណីលោកកឹម សុខា ដែលត្រូវតុលាការប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់៨សែនរៀល ពីបទ បដិសេធក្នុងការចូលខ្លួនរួមទាំង ករណីមន្ត្រីសកម្មជនបក្សប្រឆាំង មន្ត្រីសង្គម ស៊ីវិល សកម្មជនដីធ្លី ដែលកំពុងជាប់ពន្ធនាគារ នោះ សុទ្ធតែជារឿងបុគ្គល មិនមែនជារឿង នយោបាយទេ។ ដូច្នេះសិទ្ធិរបស់តុលាការ ក្នុង ការអនុត្តច្បាប់ មិនទាក់ទងដល់គណបក្សនយោបាយឡើយ ហើយក៏មិនមានអីប៉ះពាល់ដល់ សិទ្ធិមនុស្ស ស្ថិរភាពសង្គម និងមិនប៉ះពាល់ដល់ ដំណើរការបោះឆ្នោតដែរ គឺប៉ះពាល់តែបក្ស ប្រឆាំងមួយក្រុម ដែលជ្រួលច្របល់ខ្លាចមាន ការចាប់ខ្លួនលោកកឹម សុខា ប៉ុណ្ណោះ ។

លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ នគរធំនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ថា ខ្ញុំយល់ថា ជ្រួលច្របល់នេះ ជ្រួលច្របល់តែក្នុងរង្វង់គណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ ពីព្រោះថា ក្រៅ ពីហ្នឹង គណបក្សដទៃ ដែលមានអត្ថិភាពនៅ ក្នុងសង្គមកម្ពុជា ក៏គេអត់មានជ្រួលច្របល់អី ផង បច្ចុប្បន្ននេះ គេកំពុងតែសស្រាក់សស្រាំ ក្នុងការឃោសនាទាក់ទាញ  ហើយពន្យល់ប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបានគ្រប់គ្នាៗ ដើម្បី បំពេញកាតព្វកិច្ចជាពលរដ្ឋពេញលេញនៅក្នុង ពេលបោះឆ្នោត នាពេលខាងមុខ ក្នុងឆ្នាំ២០១៧ និង២០១៨។ អ៊ីចឹងទេ ជ្រួលច្របល់ តែមនុស្ស មួយក្រុមតែប៉ុណ្ណោះទេ។ មនុស្សមួយក្រុមតូច នេះ គឺគ្មានអ្វីក្រៅពីមនុស្សដែលប្រព្រឹត្តល្មើសច្បាប់នោះឡើយ

សម្រាប់មជ្ឈដ្ឋានតាមដានសង្គម និងអ្នកវិភាគ និងអង្គការសង្គមស៊ីវិល នៅតែមានការ បារម្ភខ្លាចមានអំពើហិង្សាបង្ហូរឈាមគ្នារវាង ខ្មែរនិងខ្មែរ នៅពេលមានបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ផ្ទុះឡើង ហើយកងកម្លាំង ប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ធ្វើការបង្ក្រាប តាមបញ្ជារបស់នាយករដ្ឋមន្ត្រី។ ដូច្នេះមជ្ឈដ្ឋានទាំងនោះស្នើឱ្យគណបក្សទាំង២ វិលរក ការចរចាជាចាំបាច់ ដើម្បីដោះស្រាយវិបត្តិ នយោបាយនេះ។

លោកជា ហ៊ាន ប្រធានអង្គការប្រឆាំង អំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បានសរសេរនៅក្នុង បណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៦ថាជា ហ៊ាន ប្រធាន អង្គការ ACNCiPO នៅថ្ងៃទី១៧ ខែ៩ ឆ្នាំ ២០១៦ គឺជាថ្ងៃដាក់បិណ្ឌ១ សូមធ្វើការអំពាវនាវ ដល់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងឯកឧត្តមសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ មេត្តារកនីតិវិធីជំនួបគ្នា ដើម្បីរក ការចរចាគ្នា ដោះស្រាយបញ្ចប់វិបត្តិនយោបាយ នៅកម្ពុជា ដើម្បីបញ្ចៀសនូវការធ្វើបាតុកម្មណា មួយដែលបង្កឱ្យមានអំពើហិង្សា។ ខ្ញុំយល់ថា បើខ្មែរយើងបែកបាក់គ្នា យើងមិនចំណេញទេ  អ្នកដែលចំណេញគឺបរទេស។ ខ្ញុំចង់ឃើញខ្មែរ យើងចេះរួបរួមគ្នា ដើម្បីដោះស្រាយគ្នាដោយ សន្តិវិធី មិនប្រើអំពើហិង្សាហើយងាកមករក ការអភិវឌ្ឍ កសាងសន្តិភាព ដោះស្រាយរាល់ បញ្ហាពលរដ្ឋដែលមានវិបត្តិទំនាស់ដីធ្លី និងរួម គ្នាការពារព្រៃឈើ និងបញ្ហាព្រំដែន។ ខ្ញុំសង្ឃឹម ថា អ្នកនយោបាយទាំងពីរដែលជាអ្នកនយោបាយ ចាស់ទុំនោះ នឹងយោគយល់គ្នា រកកិច្ចចរចាគ្នា ដោយសន្តិវិធី ដើម្បីបញ្ចប់នូវិបត្តិនយោបាយ នៅកម្ពុជា

គួរបញ្ជាក់ថា លោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម មកដល់ពេលនេះ លោក បានបន្តឃុំខ្លួនឯងនៅក្នុងទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ អគារលេខ៥៧៦ ផ្លូវ ជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ អស់រយៈពេលជាង ៣ខែមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ មក បន្ទាប់ពីត្រូវបាន តុលាការសម្រេចចោទប្រកាន់ពីបទល្មើសជាក់ ស្តែង បដិសេធក្នុងការចូលខ្លួនដោយសារ លោកមិនបានបង្ហាញខ្លួនតាមដីកាកោះរបស់ តុលាការឱ្យទៅបំភ្លឺក្នុងឋានៈជាសាក្សីក្នុងសំណុំ រឿង សញ្ចារកម្មពាក់ព័ន្ធនឹងតំណាងរាស្ត្រ ២រូបនៃគណបក្សសង្គ្រោះជាតិ គឺលោកតុ វ៉ាន់ ចាន់ និងលោកពិន រតនា តាមពាក្យបណ្តឹងរបស់ កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបាន គេទម្លាយថា មានទំនាក់ទំនងផ្លូវភេទជាមួយ លោកកឹម សុខា ក្រោមការរៀបចំសម្របសម្រួលពីតំណាងរាស្ត្រ២រូបខាងលើ។

មកដល់ពេលនេះ ទោះបី គ..ប បញ្ជាក់ ថា លោកកឹម សុខា មានសិទ្ធិចុះឈ្មោះបោះឆ្នោត តែលោកមិនហ៊ានចេញពីទីស្នាក់ការគណបក្សទៅចុះឈ្មោះបោះឆ្នោតនោះទេ សូម្បី បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក៏លោកមិនហ៊ានចេញ ទៅធ្វើបុណ្យតាមវត្តអារាមនានាដែរ ដោយសារតែបារម្ភខ្លាចមានការចាប់ខ្លួនលោក ខណៈ ដែលតុលាការថ្មីៗនេះ បានប្រកាសសាលក្រម ផ្តន្ទាទោសលោក ដាក់ពន្ធនាគារកំណត់៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល ពីបទ បដិសេធ ក្នុងការចូលខ្លួនតាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES