រឿងរ៉ាវតារាកំប្លែងស្ងួតតាក់ស៊ី ចូលសាងផ្នួសមិនទាន់ក្តៅចីវរផងក៏ស្រាប់តែលាចាកសិក្ខាបទនោះ ធ្វើឱ្យមហាជនចាប់អារម្មណ៍ស្ទើរតែគ្រប់គ្នា ដែលខ្លះថា លោកសាងផ្នួសព្រោះស្នេហ៍ឈឺចាប់ ហើយទីបំផុតបានសម្រេចដាក់ទានប្រពន្ធសាច់ខ្ចីឱ្យទៅប្រុសក្មេង រហូតអ្នកខ្លះហៅអន្ទិតតាក់ស៊ី ថា សមជាព្រះវេស្សន្តរទី២…។
លោកប៉ុល សារឿង ហៅនាយតាក់ស៊ី អាយុ៤១ឆ្នាំ អ្នកណាក៏ដឹងដែរថាលោកជាតារាកំប្លែងល្បីប្រចាំស្ថានីយទូរទស្សន៍ ប៉ុន្តែកាលពីប៉ុន្មានខែមុននោះ លោកបានទៅបួសជាតាជីនៅភ្នំគូលែនមួយរយៈខ្លី បន្ទាប់មកទៅសាងផ្នួសជាសង្ឃនៅវត្តថ្មីដងទង់ ខេត្ត កំពង់ស្ពឺ។
លោកបួសបានត្រឹម៩ថ្ងៃ ក៏ឡើងគ្រែទេសនាបញ្ចោញវោហារកំប្លែងធ្វើឱ្យញាតិញោមពុទ្ធបរិស័ទសើចគឹលៗពេញរោងបុណ្យ។ ធម្មកថិកអង្គនេះ ក៏ត្រូវអ្នកធ្លាប់បួសរៀនរិះគន់ថា ធម៌វិន័យនៅខ្ចីណាស់កុំប្រញាប់ទេសនាពេកក្រែងខុសវិន័យសិក្ខាបទ។ ទីបំផុតតេជគុណតាក់ស៊ី បានសម្រេចលាចាកសិក្ខាបទដោយប្រកាសថា មកពីជំងឺទឹកនោមផ្អែមធ្វើទុក្ខ មិនអាចទ្រទ្រង់សមណភេទបាន។

ពេលសឹកនោះ ឃើញតែមិត្តភក្តិទៅទទួល ដូចជាលោកអុល សំអាង និងអ្នកនាងផាត់ សម្ជស្ស ជាតួឯកល្ខោនបាសាក់ ដោយអវត្តមាននាងភីម ជាអតីតភរិយា ធ្វើឱ្យអ្នកតាមដានសង្ស័យថា រវាងអន្ទិតតាក់ស៊ី និងភរិយា អាចមានទំនាស់ផ្លូវចិត្តមិនខានឡើយ។ ឥឡូវការពិតបានបង្ហាញហើយ ពោលគឺរវាងអន្ទិតតាក់ស៊ី និងអ្នកនាងភីម ដើរដល់ផ្លូវបែកជាពីរមែន ដែលរឿងនេះផ្តើមចេញពីសេចក្តីស្នេហាឈឺចាប់។
ជួបជាមួយអ្នកយកព័ត៌មានយើងតាមទូរស័ព្ទកាលពីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ អន្ទិតតាក់ស៊ី បានរៀបរាប់ពីឆាកជីវិតគួរឱ្យអាណិតថា “រឿងភរិយាអត់ទទួលខ្ញុំជាប្តីវិញនោះ ខ្ញុំអត់ខឹងទេ ដោយសារទី១ ខ្ញុំអនុញ្ញាតឱ្យគាត់យកស្វាមីថ្មី ហើ ទី២ ខ្ញុំបានធ្វើសន្និសីទកាសែតថា អ្វីៗខ្ញុំប្រគល់ជូនគាត់ទាំងអស់ គឺខ្ញុំទៅសាងផ្នូសមួយជីវិត ក៏ប៉ុន្តែវាចៃដន្យអកុសលដែលខ្ញុំមិនអាចទ្រាំទ្រនឹងព្រះផ្នួសបាន ព្រោះសុខភាពខ្ញុំក៏ដាក់ផ្នួសមកវិញ”។

បទសម្ភាសន៍នេះ ជាការឆ្លើយតបនឹងសំណួរថា តើរវាងលោកអន្ទិត និងភរិយា អាចបន្តរួមរស់ឬយ៉ាងណា? ខណៈដែលនាងភីម អះអាងថា អតីតប្តីនេះបានផ្តិតមេដៃបើកសិទ្ធិឱ្យនាងយកប្តីទៅហើយ ដោយសន្យាបួសមួយជីវិតមិនថយក្រោយ។ ដូច្នេះនាងមិនអាចរួមរស់ជាមួយប្តីនេះទៀតទេ។
ទោះយ៉ាងណា អន្ទិតតាក់ស៊ី បញ្ជាក់ថា កាលលោកនៅជាសង្ឃ នាងភីម ធ្លាប់ដឹកដៃប្រុសស្នេហ៍វ័យក្មេងទៅថ្វាយបង្គំសុំយកគ្នាជាប្តីប្រពន្ធ លោកក៏មិនថាអីដែរឱ្យយកទៅគូស្នេហ៍ក្រោយនោះ មានវ័យនៅក្មេងជាងនាងភីម ទៅទៀត។ លុះលោកលាចាកសិក្ខាបទដោយសារជំងឺទឹកនោមផ្អែមធ្វើទុក្ខ ក៏មិនភ្លេចសន្យានោះដែរ បើអតីតភរិយារៀបការពេលណា លោករង់ចាំជូនពរនិងរាប់អានគ្នាដូចបងប្អូនទៅចុះ ធ្វើម៉េចជាតិនេះ និស្ស័យស្នេហ៍កម្មតម្រូវឱ្យ ជួបគ្នាតែត្រឹមនេះ។

ដោយឡែក នាងភីម បានបញ្ជាក់ថា មនុស្សមួយចំនួនរិះគន់នាងថាឃើញប្តីឈឺបោះបង់ចោលប៉ុន្តែតាមពិត គាត់ (តាក់ស៊ី) បានធ្វើឱ្យនាងឆ្អែតចិត្តតាំងពីមិនទាន់ទៅបួសម៉្លេះ។ ជួនកាលប្តីនេះងរង៉ក់ទៅចោលផ្ទះបាត់លុះត្រាតែនាងនិងកូនតាមអង្វរទើបលោកប្តីនេះវិលវិញ។ ឥឡូវអតីតប្តីបានផ្តិតមេដៃបើកសិទ្ធិឱ្យនាងយកប្តីទៀត មិនជំពាក់ជំពិនអ្វីទេមានទាំងអាជ្ញាធរជាសាក្សីផងតែរូបនាងនៅតែរាប់អានបងតាក់ស៊ី ដូចបងបង្កើតព្រោះត្រូវឡើងឆាកសម្តែងជាមួយគ្នានៅថ្ងៃក្រោយ។
យោងតាមប្រភពព័ត៌មានចចាមអារ៉ាមមួយចំនួន បានឱ្យដឹងថា ប្តីក្រោយរបស់នាងភីម ជាម្ចាស់ហាងមីស៊ុបកូនកាត់នៅកោះពេជ្រ ដែលជាមនុស្សស្រីធ្វើប្រុស ប៉ុន្តែព័ត៌មាននេះត្រូវបានអន្ទិតតាក់ស៊ី អះអាងថា ជារឿងមិនពិតហើយបញ្ជាក់ថា គូស្នេហ៍នាងភីម ជាបុរសសុទ្ធសាធតែមិនទាន់ស្គាល់ឈ្មោះនិងប្រវត្តិរបស់គេ។ ពេលនេះ អន្ទិតតាក់ស៊ី ត្រូវបង្ខំចិត្តទៅស្នាក់នៅបណ្តោះអាសន្នជាមួយនាយក្រូច ដែលជាតារាកំប្លែងរួមក្រុម ព្រោះផ្ទះសំបែងបានប្រគល់ឱ្យអតីតភរិយាដាច់ស្រឡះហើយមុនពេលទៅបួស។

ពាក់ព័ន្ធរឿងរ៉ាវអន្ទិតតាក់ស៊ី ដ៏កម្សត់សល់តែខោអាវមួយចង្កេះនិងមានរោគាពាធរាតត្បាតអត់អាសូរនេះ ក៏មានបុរសម្នាក់សុំមិនបញ្ចោញឈ្មោះនិយាយថា មូលហេតុដែលនាយតាក់ស៊ី ខឹងប្រពន្ធរត់ចោលផ្ទះជារឿយៗនោះ មកពីប្រចណ្ឌតែម្តង ប៉ុន្តែគាត់ចេះលាក់ចិត្តមិនឱ្យគេដឹង។ លោកតាក់ស៊ី មានអាយុច្រើនជាងប្រពន្ធ១០ឆ្នាំឯណោះ និងបានសាងស្នេហ៍កាលពួកគេលេងល្ខោនបាសាក់ជាមួយគ្នា។ តាក់ស៊ី រូបរាងមិនសូវសង្ហាប៉ុន្មានទេ ផ្ទុយពីប្រពន្ធស្រស់ផូរផង់សាច់ខ្ចីដូចអន្លក់ផាត់ក្រែមថែមម្សៅក្រអូបឆួល ជាហេតុនាំឱ្យប្តីហួងហែងប្រចែប្រចណ្ឌ។

បុរសរូបនោះបន្ថែមថា ការប្រចណ្ឌព្រោះស្រលាញ់ លុះធ្វើអ្វីគេមិនកើតមានតែដកខ្លួនថយហ្នឹងឯង ដែលមុនដំបូងត្រឹមរត់ចោលផ្ទះ រួចទៅបួសជាតាជី ហើយចុងក្រោយទៅបួសជាសង្ឃ។ ការតាំងចិត្តបួសមួយជីវិត មានកត្តា២យ៉ាងគឺ ទី១ ដោយសារជំងឺ ទី២ ឈឺចិត្តរឿងប្រពន្ធក្មេង មានវិធីដោះស្រាយតែម៉្យាងប៉ុណ្ណោះ គឺធ្វើព្រះវេស្សន្តរដាក់ទានប្រពន្ធឱ្យប្រុសក្មេងទើបឆាប់ចប់។
ទោះយ៉ាងណា “អង្គរធំ” មើលមិនឃើញមិនហ៊ានបកស្រាយអ្វីទេ ប៉ុន្តែក៏យល់ថា បុរសដែលជាប់ជំពាក់នឹងក្លិនរសសម្ជស្សសាងផ្នួសមិនបានយូរទេ ច្បាស់ជាក្តៅចីវរលាចាកសិក្ខាបទមិនខានឡើយទេ។ យើងក៏ស្ងើចចិត្តអន្ទិតតាក់ស៊ី ដែលហ៊ានលះបង់អ្វីៗទាំងអស់ដោយមិនស្តាយស្រណោះ ព្រោះកម្រមានណាស់បុរសដែលមានប្រពន្ធស្រស់បវរ បែរជាថាដាច់អាល័យសុំលាទៅបួសមួយជីវិត។

ការលះបង់ភរិយាឱ្យប្រុសថ្មី ដោយមិនបញ្ចោញឱ្យសាធារណជនបានដឹង កាលនៅជាសង្ឃនោះជាគំរូល្អបំផុត ព្រោះកិត្យានុភាពព្រះពុទ្ធសាសនា។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជួយគាំពាររក្សាអន្ទិតអភ័ព្វឱ្យបានជាសះស្បើយពីរោគាពាធ និងបានចូលលេងកំប្លែងជាមួយអតីតភរិយាកុំខាន ក្នុងនាមជាបងប្អូនធ្វើម្តេចបើនិស្ស័យស្នេហ៍កម្មត្រូវបញ្ចប់ត្រឹមនេះទៅហើយ៕