Monday, December 23, 2024
Homeបរិយាយបុណ្យ​ជា​ស្ពាន ទាន​ជា​ស្បៀង

បុណ្យ​ជា​ស្ពាន ទាន​ជា​ស្បៀង

រដូវកាន់បិណ្ឌ បានចូលមកដល់ហើយ ដែលវត្តអារាមនានាទូទាំងប្រទេស មានពុទ្ធបរិស័ទចេញចូលយ៉ាងច្រើនកុះករ ធ្វើបុណ្យដាក់បាត្រ ឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។ តាមការកត់សម្គាល់ អ្នកចូលវត្តខ្លះទៅធ្វើបុណ្យ តែគាត់មិនធ្វើទានទេ បានទាំងរើសអើង ស្អប់ខ្ពើមជនពិការក្រីក្រ អនាថា រង់ចាំសុំទានក្នុងវត្តទៀតផង។ យោងតាមទ្រឹស្តី ព្រះពុទ្ធសាសនាថា “បុណ្យជាស្ពាន ទានជាស្បៀង” ត្រូវដើរទន្ទឹមគ្នាទើបបាន ដែល “នគរធំ” សូមលើករឿងបុណ្យ និងទាន មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“បុណ្យ” ជាភាសាសំស្ក្រឹត ត្រូវនឹងភាសាបាលីថា “បុញ្ញ” មានន័យថា កុសល អំពើល្អ សេចក្តីសុខ គ្រឿងជម្រះសន្តានចិត្ត ឬធ្វើសេចក្តីល្អខាងកាយវាចាចិត្ត ឱ្យកើតមានដោយកិច្ចនិងទំនងផ្សេងៗ។ រីឯ “ទាន” ជាភាសាបាលី-សំស្ក្រឹត ដែរ មានន័យ ថា អំណោយ ការឱ្យអ្វីៗដែលគួរឱ្យ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជជួន ណាត។

ចាប់តាំងពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ នេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចាប់ផ្តើមឡើងតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលវត្តអារាមនានានៅទូទាំងប្រទេស មានពុទ្ធបរិស័ទចូលទៅធ្វើបុណ្យយ៉ាងច្រើនកុះករ ខ្លះជាប់វេន ចង្ហាន់តាមការរៀបចំរបស់គណៈកម្មការ-អាចារ្យវត្ត ខ្លះទៀតមិនជាប់វេនអ្វីទេ ប៉ុន្តែ បានចូលទៅធ្វើបុណ្យដោយសទ្ធាជ្រះថ្លា។ ចាប់តាំងពីម៉ោង៤ភ្លឺ បន្ទាប់ពីព្រះសង្ឃសូត្របទ “បរាភវសូត្រ” ឬ “សេចក្តីវិនាស១២យ៉ាង” ចប់ ការបោះបាយបិណ្ឌជុំវិញ ព្រះវិហារ ដោយមានសំឡេងស្គរធំឱ្យដំណើរទូង!ៗ ក៏ប្រព្រឹត្តទៅ រហូតភ្លឺស្រាងៗទើបចប់។ ការប្រគេនយាគូ ឆាន់ព្រឹករាប់ បាត្រ ឆាន់ត្រង់ ក៏រៀបចំធ្វើតាមលំដាប់លំដោយ ឮតែព្រះសង្ឃសម្តែង “ភត្តានុមោទនា” តាមឧគ្ឃោសនសព្ទ មិនស្ងាត់។ ពេលរាត្រី ក៏មានការប្រគេនភេសជ្ជៈ អារាធនាព្រះសង្ឃសម្តែងព្រះបរិត្ត ប្រទានធម៌ទេសនា ដោយមានអ្នកស្តាប់ត្រងត្រាប់ ចាប់យកទៅទុកទូន្មានខ្លួន ឱ្យស្គាល់បាបបុណ្យ គុណទោស៘

ដូច្នេះ យើងឃើញថា ឱកាសបុណ្យភ្ជុំនេះ ជាអំណោយផលល្អណាស់ សម្រាប់ជនក្រីក្រ អនាថា ឬពិកល្យពិការ ចូល ទៅវត្ត បានស្តាប់ធម៌ផង បានអាហារឆ្ងាញ់ៗទទួលទានផង ជាពិសេស បានទទួលអំណោយដែលសប្បុរសជនដាក់ទានឱ្យ ផង។ ក្រដាស១០០រៀលថ្មីៗ ទើបចេញពីពុម្ព ត្រូវធ្លាក់ទៅដល់ដៃអ្នកសុំទាននេះហើយ ទោះជាសប្បុរសជនជូនគាត់១សន្លឹក ក៏គាត់ត្រេកអរដែរ ព្រោះសន្សំយូរៗទៅ ក៏បានពេញហោប៉ៅ គ្រាន់នឹងទប់ទល់ជីវភាពត្រដាបត្រដួសបានមួយគ្រាដែរ។

ជាការគួរឱ្យសោកស្តាយបំផុត សម្រាប់វត្តអារាមខ្លះនៅរាជធានីភ្នំពេញ ក៏មានគណៈកម្មការ-អាចារ្យវត្ត រហូតដល់ ព្រះសង្ឃមួយចំនួន មានការរើសអើងជនក្រីក្រអនាថា ពិកល្យពិការ ដែលទៅជ្រកកោនក្នុងវត្ត។ ជនក្រីក្រខ្លះ ប្រកបរបរ រើសអេតចាយ បានយកចេតិយ ឬសំយាបព្រះវិហារ ជាជម្រកបណ្តោះអាសន្ន។ លុះរដូវកាន់បិណ្ឌ ចូលមកដល់ ជនក្រីក្រទាំងនោះ រីករាយណាស់ ដោយសង្ឃឹមបានម្ហូបអាហារសេសសល់ពីព្រះសង្ឃឆាន់ ក៏ដូចជាទេយ្យទានដែលទាយក-ទាយិកា សប្បុរសជន នានាផ្តល់ឱ្យ។ ដឹងអី! បែរជាគណៈកម្មការ-អាចារ្យវត្តខ្លះ រហូតដល់ព្រះសង្ឃដែលមានកងកិលេសមិនទាន់ប្រាសទៅ ស្អប់ ខ្ពើមជនក្រីក្រទាំងនោះ ក៏ដេញគ្នាចេញគ្មានមេត្តា ដោយសំអាងថា ធ្វើឱ្យបាត់បង់សោភណភាព និងសណ្តាប់ធ្នាប់ក្នុងវត្ត រហូតដល់គប់ដុំថ្មបែកចិញ្ចើមអ្នករើសអេតចាយ ដូចករណីវត្តមួយនៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ លុះជនរងគ្រោះ ទៅប្តឹងសមត្ថកិច្ច ក៏គ្មានប៉ូលិសណារកខុសត្រូវឱ្យដែរ ដោយហេតុថា អ្នកប្រកបរបរសុំទាន គឺជាកម្មវត្ថុនៃការចាប់ប្រមូល របស់អាជ្ញាធរ យកទៅទុកនៅមណ្ឌលកែប្រែ ព្រៃស្ពឺ។ អ្នកក្រអនាថា បានត្រឹមឈឺខ្លួនប៉ុណ្ណោះ និងយំតូចចិត្តអាណិតខ្លួន ដែល ព្រហ្មលិខិតឥតមេត្តា ដាក់ទណ្ឌកម្មរូបគេឱ្យក្រងើបមិនរួច សូម្បីតែវត្តអារាម ក៏មិនលើកលែងឱ្យដែរ។

បើដើរស្រង់ស្ថិតិជនក្រីក្រអនាថា ពិកល្យពិការកម្សត់អត់ឃ្លាននោះ ទោះជាអាជ្ញាធរដើរប្រមូលយ៉ាងណាក៏មិនអស់ ដែរ ឃើញកាន់តែច្រើនទៅៗ ដែលជនពិការមួយចំនួនជាអតីតយុទ្ធជនលក់ឈ្មោះឱ្យគេ លុះអស់អ្វីទីពឹង ក៏ងាកមកប្រកប របរសុំទាន។ ស្ត្រីមេម៉ាយខ្លះ មានកូនតូចៗពីរបីនាក់ ត្រូវប្តីបោះបង់ចោល ក៏ពកូនដើរសុំទានគេដើម្បីរស់។ អ្នកទាំងនោះ គ្មានទីជម្រកពិតប្រាកដទេ យប់កន្លែងណាដេកកន្លែងហ្នឹង ប៉ុន្តែ ក៏មានមួយចំនួន ជាសមាសភាពជនខិលខូចសេពគ្រឿងញៀន នៅសំងំលាក់ខ្លួនជាមួយអ្នកសុំទានដែរ។

ហេតុនេះបើចូលវត្ត ធ្វើបុណ្យភ្ជុំ គួរកុំភ្លេចទ្រឹស្តីព្រះពុទ្ធសាសនាថា “បុណ្យជាស្ពាន ទានជាស្បៀង” មានន័យថា ការធ្វើ បុណ្យសន្សំកុសល ចាត់ទុកជាការសង់ស្ពានសម្រាប់ដើរឆ្លងស្ទឹងអបាយភូមិ ចាកផុតពីនរក ប្រេត តិរច្ឆាន អសុរកាយ ឆ្ពោះ ទៅសុគតិភព។ រីឯការឱ្យទាន ចាត់ទុកជាការសន្សំស្បៀង សម្រាប់បច្ចុប្បន្នជាតិ និងអនាគតជាតិ ព្រោះថា បើធ្វើតែបុណ្យ មិនធ្វើទាន ពេលអស់អាយុសង្ខារទៅកើតជាទេវបុត្រ ទេពធីតា នឹងក្លាយជាទេវតាក្រីក្រ គ្មានវិមានប្រាសាទអ្វីទេ ដូចរឿង “បាយាសិទេវបុត្រ” ដែលពីជាតិមុន ជាស្តេច ធ្វើតែបុណ្យ និងធ្វើទានខ្ជីខ្ជា លុះសោយទិវង្គត ក៏ទៅកើតជារុក្ខទេវតា គ្មាន វិមានប្រាសាទដូចគេ។ បុគ្គលខ្លះធ្វើបុណ្យ ឬថា បានយកបច្ច័យទៅចូលបុណ្យ មានឈ្មោះក្នុងបញ្ជី ប៉ុន្តែ នៅពេលឃើញអ្នក- សុំទានលើកដៃសំពះសុំលុយ សូម្បី១០០រៀល ក៏គាត់មិនឱ្យដែរ បានទាំងស្តីបន្ទោសអ្នកសុំទាននោះថា “មានដៃមានជើង ដូចគេដែរ មិនប្រឹងប្រែងរកស៊ី បែរជាមកសំពះសុំគេ អន់ជាងស្វាទៅទៀត!” ការដែលអ្នកធ្វើបុណ្យបំភ្លេចការឱ្យទាន បាន ទាំងទ្រគោះបោះបោកឱ្យអ្នកសំពះខ្លួននោះ ធ្វើឱ្យកុសលផលបុណ្យរលាយដូចអំបិលត្រូវទឹក។ យោងតាមគម្ពីរព្រះពុទ្ធសាសនា បុគ្គលប្រភេទនេះ ពេលស្លាប់ នឹងទៅកើតជាប្រេតមិនខានឡើយ ដែលជាប្រភេទប្រេតអត់ឃ្លាន មានមាត់ស្រួចដូចម្ជុល។

នៅក្នុង “គម្ពីរបេតវត្ថុ” សម្តែងអំពីប្រេត១២ពួក កំពុងសោយផលនៃបាបកម្មផ្សេងៗគ្នា ក្នុងនោះរួមមាន ឈ្មោះទី១-វន្តាសា (មានមុខក្រញូវ ភ្នែកគ្រលួង) ទី២-កុណបា (មានមុខខ្លី ពោះធ្លាក់ទ្រយុក) ទី៣-គូថៈ (ស៊ីតែលាមក) ទី៤-អគ្គិជាល (មានភ្លើងឆេះជានិច្ច) ទី៥-សុធិមុខ (មាត់ស្រួចដូចម្ជុល មាឌធំប៉ុនភ្នំ) ទី៦-កណ្ហជិ (ខ្លួនធំដូចយក្ស) ទី៧-និជ្ឈា (មាន កន្ទុយដុះចេញពីមាត់ ដូចគោ) ទី៨-សព្វង្កា (ចេញដំបៅស្អុយពេញខ្លួន) ទី៩-បព្វង្កា (ភ្លើងឆេះ ស្រែករោទ៍ទាំងយប់ទាំង ថ្ងៃ) ទី១០-អដតរៈ (ខ្លួនដូចពស់ ក្បាលដូចក្របី) ទី១១-វិមានិកៈ (យប់សោយបាប ថ្ងៃសោយបុណ្យ) ១២-មហិទ្ធិកៈ (ជាស្តេចប្រេតមានរូបរាងដូចទេវតា ពេលថ្ងៃសោយអាហារទិព្វ ពេលយប់ស៊ីដែកក្តៅ)។ ប្រេតទាំង១២ពួកនេះ មានខ្លះ អាចទទួលផលដែលកូនចៅឧទ្ទិសផ្តល់ ខ្លះទៀតទទួលមិនបានទេ ព្រោះកម្មក្រាស់ពេក។ ចំពោះបុគ្គលធ្វើបុណ្យ ដោយ មិនធ្វើទាន ឬដៀលត្មះអ្នកសុំទាន តាមគម្ពីរថា នឹងទៅកើតជាប្រេតឈ្មោះវិមានិកៈ ឬមហិទ្ធិកៈ សោយបុណ្យផល បាប ផង ចៀសមិនរួចឡើយ។

សរុបទៅ “បុណ្យជាស្ពាន ទានជាស្បៀង” ពុំអាចកាត់រំលងយកមួយចោលមួយបានឡើយ ត្រូវធ្វើឱ្យទន្ទឹមគ្នា។ ហេតុ នេះ ពុទ្ធបរិស័ទដែលចូលទៅធ្វើបុណ្យភ្ជុំ តាមវត្តអារាមនានា បើធ្វើបុណ្យជាមួយព្រះសង្ឃស្រែបុណ្យរួចរាល់ កុំភ្លេចជូនទាន តាមសទ្ធាជ្រះថ្លា ដល់តាជី ដូនជី ជនពិការ ក្រីក្រ អនាថា សម្រាប់សន្សំទុកធ្វើស្បៀងទៅជាតិខាងមុខ។ ជួនកាលការ ជូនទាន ឱ្យផលដាក់ស្តែងក្នុងជាតិនេះតែម្តង ដោយបានលាភធំ រកស៊ីចម្រុងចម្រើនឡើងស័ក្តិយស ប៉ុន្តែ បើទៅធ្វើបុណ្យរួច ងាកទៅស្តីបណ្តេញអ្នកសុំទាននោះ ជាកម្មនាំឱ្យធ្លាក់បុណ្យស័ក្តិ រកស៊ីខាតឡុងចុង លុះអស់អាយុសង្ខារ អាចទៅកើតជា ប្រេតស្លៀកពាក់ដូចទេវតា យប់ឡើងស៊ីដែកក្តៅ ដូចអ្វីដែលគម្ពីរសាសនាបានចារទុក៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES