Friday, March 29, 2024
Homeព័ត៌មានជាតិ សម្តី​នាយក​រដ្ឋ​មន្ត្រី មន្ត្រី​បក្ស​កាន់​អំ​ណាច ថា បក្ស​​ប្រឆាំង ដាច់​អា​ជីព​បាតុ​កម្ម

 សម្តី​នាយក​រដ្ឋ​មន្ត្រី មន្ត្រី​បក្ស​កាន់​អំ​ណាច ថា បក្ស​​ប្រឆាំង ដាច់​អា​ជីព​បាតុ​កម្ម

ភ្នំពេញ  មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល និង មន្ត្រីនាំពាក្យគណបក្សកាន់អំណាច បានលើក ឡើងថា គណបក្សប្រឆាំង ដាច់អាជីពធ្វើបាតុកម្មហើយ ក្រោយពេលប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ បញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការគំរាមធ្វើបាតុកម្ម ដើម្បីដាក់សម្ពាធសុំចរចា គ្មានផ្លូវទេ។ ពោលគឺ នឹងគ្មានការចរចានយោបាយជាមួយបក្សប្រឆាំង ជាដាច់ខាត បើបក្សនេះនៅតែគំរាមធ្វើមហា បាតុកម្ម។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យបញ្ញាជាតិ នៅវិទ្យាស្ថានជាតិ អប់រំ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំបញ្ជាក់ថា នៅកម្ពុជា គ្មានវិបត្តិនយោបាយ គ្មានវិបត្តិផ្ទៃក្នុង។ សម្រាប់ ផ្ទាល់ខ្លួន វិបត្តិ និងក្រុមរបស់អ្នកឯង វិបត្តិ គឺ ជារឿងរបស់អ្នកឯងដោះស្រាយជាមួយនឹង  តុលាការ មិនមែនជាសមត្ថកិច្ចរបស់បក្សនយោបាយ ហើយក៏មិនមែនជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលទេ។ រឿងណាដែលតទៅដល់តុលាការ ហើយជារឿងរបស់តុលាការ ខ្ញុំអត់អាចជ្រៀតជ្រែកបានទេ ផុតពីតុលាការ សាលក្រមចូលជា ស្ថាពរ ទើបបានវិលមករកនាយករដ្ឋមន្ត្រីវិញ។ ប៉ុន្តែនាយករដ្ឋមន្ត្រី ក៏ត្រូវមើលផងដែរ ច្បាប់ ពន្ធនាគារ គេអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី ប៉ុន្តែ នាយករដ្ឋមន្ត្រីក៏មើលដែរ មិនមែនចេះតែធ្វើទេ រៀងច្រំដែលវាបានកើតច្រើនដងហើយ រឿង តែដដែល។ ដូច្នេះសូមបញ្ជាក់ឱ្យហើយ មិន អាចឱ្យអ្នកណាមួយបំផ្លាញនូវស្ថិរភាពសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមបាន ទេ។ សេចក្តីត្រូវការរបស់ប្រជាជនពេលនេះ គឺសន្តិភាព សេចក្តីត្រូវការរបស់ប្រជាជននៅ ពេលនេះ គឺស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នា់ប់សង្គម ដើម្បីការអភិវឌ្ឍ។ អ្នក លក់ដូរ ត្រូវការជាមួយនឹងការលក់ដូរ នៅពេល ដែលក្បួនបាតុកម្មណាមួយ ហែកាត់មុខផ្ទះ មុខ តែរើអីវ៉ាន់ចូលប្លុក។ ប្រជាពលរដ្ឋត្រូវការធ្វើ ស្រែចម្ការ សុំកុំនឹកថា មានតែខ្លួនមានប្រជាជន។ ដូចមនុស្សម្នាក់ comment ចូលមកពីកម្ពុជាក្រោមថា ម្ខាងមានប្រដាប់អាវុធ ម្ខាងមាន ទ័ព ម្ខាងមានប្រជាជន ខ្ញុំនិយាយថា អ្នកឯង និយាយខុសហើយ ធម្មតាបក្សកាន់អំណាច គេមានប្រជាជនគាំទ្រច្រើនជាង ទើបគេឈ្នះ ធ្វើបក្សកាន់អំណាចនោះ។ ដូច្នេះគេមានទាំងគូ ហ្នឹង គេមានទាំងប្រជាជនផង គេមានទាំង ប្រដាប់អាវុធទ្រទ្រង់ផង រដ្ឋបាលទ្រទ្រង់ផង។ និយាយគ្នាឱ្យច្បាស់ កុំស្អីឡើង គំរាមធ្វើបាតុកម្ម។ គំរាមគេធ្វើបាតុកម្ម ដើម្បីចរចា អ្ហាក ! អត់ផ្លូវទេអាពៅ និយាយគ្នាឱ្យច្បាស់ ចង់ចរចា និយាយគ្នាឱ្យត្រង់ និយាយគ្នាឱ្យស្រួល បាតុកម្ម ចរចា។ បើអញចរចា ឆ្កែសុទ្ធអ្ហា! ប្រាប់ឱ្យ ហើយទៅ។ អាណាដែលមកគំរាមគេអ៊ីចឹង កន្លែងតែមួយគត់ ដើម្បីនិយាយគ្នា គឺសភា  ហើយសភា អ្នកឯងដើរចោលសភា ហើយមាន កន្លែងឯណាទៅជួបគ្នា? កន្លែងមាន មិនទៅ ធ្វើទេ ដើរចោល ជួនកាលអាកន្លែងសភាហ្នឹង វាមានប្រយោជន៍របស់វាដែរ គេមិនណាត់ជួប គ្នាមុនទេ ក៏ប៉ុន្តែគេចូលសភា ដើរទៅចាប់ដៃ។ ចាប់ដៃហើយ និយាយពីរបីម៉ាត់អី និយាយ រឿងនេះរឿងនោះទៅវារាលដាលដល់រឿង អ៊ីចេះទៅ វាអាចបង្កើតការយោគយល់គ្នាខ្លះ ប៉ុន្តែឥឡូវមក បើមិនចរចា ធ្វើបាតុកម្ម។ ហេស! អញ្ជើញចុះ ប្រាប់ឱ្យច្បាស់ៗឱ្យហើយ

ក្រោយការមានប្រសាសន៍របស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នោះមក បានធ្វើឱ្យ មជ្ឈដ្ឋានមួយចំនួនបានសម្តែងការចាប់អារម្មណ៍។ ក្នុងនោះអ្នកតាមដានសង្គម និងនយោបាយ តាម បណ្តាញសង្គមហ្វេសប៊ុក បានបញ្ចោញទស្សនៈ ដូចគ្នាថា បាតុកម្មគណបក្សសង្គ្រោះជាតិ មិន អាចទៅរួចទេ។

លោកអានន្ទ ដាយ៉ាត ក្នុងនាមជាប្រពលរដ្ឋ ម្នាក់ បានសរសេរយ៉ាងខ្លីនៅក្នុងហ្វេសប៊ុកលោក ជុំវិញបញ្ហានេះថាដាច់អាជីពបាតុកម្មបាត់ ហើយ សម្តេច។ បោកលែងបានហើយ សន្យាក៏អស់ ខ្យល់ បានអីជាបន្ទាល់គុកដេកស្អាត

បន្ថែមលើសំណេរតាមហ្វេសប៊ុកនេះ លោក អានន្ទ ដាយ៉ាត បានបញ្ជាក់ប្រាប់នគរធំនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ថា បាតុកម្ម បើកាលណាយកធ្វើជាអាជីព វាលែងទៅជា ប្រជាធិបតេយ្យហើយ។ ដូច្នេះលោកសុំឱ្យអ្នក នយោបាយ បែងចែកឱ្យច្បាស់រវាងបញ្ហានយោបាយ និងបញ្ហាផ្ទាល់ខ្លួន ព្រោះបើមិនបែងចែក ឱ្យច្បាស់ទេ នឹងនៅតែមានបញ្ហានឹងគ្នាអត់ចំណេញ ទាំងសងខាង ហើយអ្នកដែលខាត គឺគណបក្ស សង្គ្រោះជាតិ ។

លោកអានន្ទ ដាយ៉ាត មានប្រសាសន៍ថា ខ្ញុំមើលទៅ វាជាការលំបាកហើយ ការដែល ធ្វើបាតុកម្មហ្នឹង មិនមែនជាដំណោះស្រាយទេ ការ ដែលធ្វើបាតុកម្មនេះ។ អ្វីដែលជាដំណោះស្រាយ នោះ ដូចដែលខ្ញុំលើកឡើងតាំងំពីយូរ សំណូមពរ ដល់ប្រជាពលរដ្ឋរាប់លាននាក់បានបោះឆ្នោត ឱ្យយើង៥៥អាសនៈ ឱ្យយើងទៅអង្គុយនៅក្នុង រដ្ឋសភា ដើម្បីតស៊ូមតិ តំណាងឱ្យគាត់។ ផ្ទុយ ទៅវិញ យើងចូលចិត្តតែនាំគ្នាពហិការ។ ការ ពហិការនេះ វាធ្វើឱ្យខូចផលប្រយោជន៍ប្រជាពលរដ្ឋ វាប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលយើងជាតំណាងឱ្យប្រជាពលរដ្ឋ។ ទី២ វាប៉ះពាល់ទៅនឹងភាពជិតស្និទ្ធ ការទំនាក់ទំនងគ្នារវាងបក្សភាគច្រើន និងបក្សភាគតិច។ ដូច្នេះហើយ ការដែលពហិការនេះ មិនមែន ជាដំណោះស្រាយ ការដែលធ្វើបាតុកម្មក៏មិន មែនជាដំណោះស្រាយ រាជរដ្ឋាភិបាល លោក មានតួនាទីសំខាន់ណាស់ ដែលលោកទទួលបាន ដោយស្របច្បាប់ពីប្រជាពលរដ្ឋនេះ គឺការពារ ស្ថិរភាពនយោបាយ សង្គម សុខសុវត្ថិភាព ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលោកប្រកប របររកទទួលទានដោយសន្តិភាព នេះជាតួនាទី ធំរបស់រាជរដ្ឋាភិបាល។ ដូច្នេះហើយការដែល ធ្វើបាតុកម្ម ឬក៏ពហិការ ខ្ញុំថាមិនមែនជាដំណោះស្រាយ។ បាតុកម្ម កាលណាយើងយកធ្វើជា អាជីព វាមិនមែនប្រជាធិបតេយ្យ វាទៅអនាធិបតេយ្យវិញហើយ។ បាតុកម្មតែងតែមាន គោលការណ៍មួយ ទិសដៅមួយ បើសិនជាយើង គ្រាន់តែធ្វើបាតុកម្មដោយអត់មានទិសដៅច្បាស់លាស់ សួរថាយើងប្រាសចាកពីលទ្ធិប្រជាធិបតេយ្យប៉ុនណា? បាតុកម្មគ្រប់គ្រងដោយច្បាប់ មួយទៀតដោយឡែក។ ខ្ញុំយល់ឃើញថា គួរតែនាំគ្នាទៅអង្គុយក្នុងរដ្ឋសភា រៀនស្គាល់គ្នា ឡើងវិញ រៀនទុកចិត្តគ្នាឡើងវិញ ពីព្រោះអី គោលការណ៍មានរួចអស់ហើយ កិច្ចព្រមព្រៀង ថ្ងៃ២២ កក្កដា សេចក្តីថ្លែងការណ៍រួមបន្តបន្ទាប់ មក មានស្រាប់ហើយជាមូលដ្ឋាន

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការ លោកផៃ ស៊ីផាន បានបញ្ជាក់ ប្រាប់នគរធំនៅថ្ងៃដដែលនោះថា គណបក្ស ប្រឆាំង ដាច់ខាតគឺអស់អាជីពក្នុងការកៀងគរ កម្លាំងធ្វើបាតុកម្ម ដោយមិនសមហេតុសមផល ហើយ។ ដូច្នេះលោកសំណូមពរគណបក្សប្រឆាំង ធ្វើការក្នុងសភា ក្នុងនាមជាតំណាងរាស្ត្រ ជាជាង កៀងគរកម្លាំងមនុស្ស មកធ្វើបាតុកម្ម។

លោកផៃ ស៊ីផាន មានប្រសាសន៍ថា បាទ! ជម្រាបជូន ដូចប្រមុខជាន់ខ្ពស់រាជរដ្ឋាភិបាល  លោកបានប្រកាសហើយថា មិនអនុញ្ញាតជាដាច់ខាតនូវការកៀងគរកម្លាំងមកធ្វើបាតុកម្ម ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការ ជា អំពើខុសច្បាប់ គេមិនហៅថា បាតុកម្ម គេហៅ ថា កុបកម្មប្រឆាំងនឹងអំណាចរដ្ឋ អាហ្នឹងចំណុច ទី១។ ហើយចំណុចទី២ ខ្ញុំឮអ្នកនាំពាក្យរបស់ គណបក្សសង្គ្រោះជាតិ គឺលោកថាច់ សេដ្ឋា ហ្នឹង បានលើកឡើងថា បាតុកម្មគណបក្សសង្គ្រោះជាតិហ្នឹង មិនមែនរៀបចំដើម្បីការពារកឹម សុខា ឬសម រង្ស៊ី នោះទេ គឺការរៀបចំដើម្បីឱ្យមានការ បោះឆ្នោតដោយតម្លាភាព។ ដូច្នេះអានេះគ្រាន់ ជាលេស ហើយទុច្ចរិតរបស់ក្រុមហ្នឹង ពួកហ្នឹង ទេ។ អាស្រ័យដោយហេតុនិយាយថា វាគ្មាន រឿងអីពាក់ព័ន្ធនឹងការបោះឆ្នោតនោះទេ ពីព្រោះ ការបោះឆ្នោត ត្រូវស្ថិតនៅនៃសុពលភាពច្បាប់ បោះឆ្នោតរបស់កម្ពុជា យន្តការនៃការបោះឆ្នោត និងជំរុញនៃការបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រីឯការវិនិច្ឆ័យក្តី គឺក្រុមប្រឹក្សាធម្មនុញ្ញោនាះ នៅតែស្ថិតក្នុង សុពលភាពនៃដំណើរការរបស់ច្បាប់ ចុះឈ្មោះ  និងបោះឆ្នោតដដែល។ អាស្រ័យហេតុដូច្នេះ  ជាលេសរបស់ក្រុមទុច្ចរិតនយោបាយ

លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថាដាច់ខាតគឺអស់អាជីពក្នុងការកៀងគរកម្លាំង ដោយមិនសមហេតុសមផល ហើយយើងសូម អំពាវនាវឱ្យគណបក្សសង្គ្រោះជាតិហ្នឹង ទៅធ្វើ កិច្ចការដែលជាកាតព្វកិច្ចរបស់ខ្លួន គឺអ្នកតំណាងរាស្ត្រអង្គុយនៅសភា ជាជាងកៀងគរកម្លាំង មនុស្សមកធ្វើបាតុកម្ម ដែលរំខានដល់ជីវភាព របស់ប្រជាពលរដ្ឋយើង ឬអាចរហូតប៉ះពាល់ ដល់អាយុជីវិតរបស់គេ ឬធ្វើឱ្យគេជាប់ពន្ធនាគារ ដែលគណបក្សនោះ មិនដែលទទួលខុសត្រូវ ទាល់តែសោះ។ ទីបំផុតនាំគ្នារត់ចោលស្រុក ទាំងអស់ ចំពោះការប្រឈមរបស់កឹម សុខា គឺ ប្រឈមនឹងកាតព្វកិច្ចតុលាការ មិនមានពាក់ព័ន្ធ រាជរដ្ឋាភិបាលទេ បើសិនជាតុលាការហ្នឹងសម្រេច ឱ្យរាជរដ្ឋាភិបាលចូលសម្រួល រួមជាមួយការ ចាប់គាត់ដាក់ពន្ធនាគារ យើងក៏ច្បាប់ក្រោម បង្គាប់របស់តុលាការ។ យើងចាត់វិធានការដ៏ ម៉ឺងម៉ាត់គ្រប់មធ្យោបាយដែលអនុញ្ញាតដោយ ច្បាប់ គឺមិនឱ្យមានបាតុកម្មជាដាច់ខាត

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា  លោកសុខ ឥសាន បានបញ្ជាក់ប្រាប់នគរធំនៅថ្ងៃដដែលនោះដែរថា គណបក្សប្រឆាំង មិន អាចនៅពីលើច្បាប់បានទេ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ មិនអាចយកគណបក្សនយោបាយមកដោះស្រាយបានឡើយ។

លោកសុខ ឥសាន មានប្រសាសន៍ថា រឿងបាតុកម្ម គាត់យកបាតុកម្មហ្នឹងវាមិនត្រូវ មុខព្រួញ គាត់ដាក់កំហុសបុគ្គល ហើយមក កេណ្ឌកម្លាំងប្រជាជនឱ្យមកពាំងមុខកំហុស បុគ្គល អាហ្នឹងទៅម៉េចរួច អាហ្នឹងកំហុសបុគ្គលៗុ មិនព្រមទទួលខុសត្រូវចំពោះមុខច្បាប់ ទៅជា យកមហាជនមកឱ្យការពារខ្លួន អាហ្នឹងវាមិនមែនជាបុព្វហេតុត្រឹមត្រូវទេ។ អ៊ីចឹងទោះបី ជាសុំច្បាប់ក្តី មិនសុំច្បាប់ក្តី គឺរាជរដ្ឋាភិបាល ដែលជាអ្នកគ្រប់គ្រងប្រទេស មានតួនាទីភារកិច្ច ការពារសន្តិភាព ការពារសុវត្ថិភាព ស្ថិរភាព  នយោបាយ គឺមិនអនុគ្រោះឱ្យបានទេ។ អ៊ីចឹង  គាត់ធ្វើនេះក្នុងចេតនាមិនល្អ ហើយចង់បន្លំ  បង្វែរទិសពីការទទួលខុសត្រូវចំពោះមុខច្បាប់  ដែលជនប្រព្រឹត្តបទល្មើសហ្នឹងឱ្យទៅជាកម្លាំង បះបោរអី មិនមែនជារឿងសហការទេ។ អ៊ីចឹង បានជាយើងក្នុងនាមគណបក្សកាន់អំណាច ក៏ ដូចជារាជរដ្ឋាភិបាល ត្រូវតែធានាឱ្យបាននូវ សន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់ សាធារណៈសង្គម ជូនដល់ប្រជាពលរដ្ឋទូទៅ

ទោះយ៉ាងណា ជុំវិញការលើកឡើងរបស់ មន្ត្រីបក្សកាន់អំណាចខាងលើនេះ មិនទាន់មាន យោបល់ឆ្លើយតបពីមេបក្សប្រឆាំង ទេ ប៉ុន្តែ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក  នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុង និរទេសខ្លួននៅក្រៅប្រទេស បានលើកឡើង ថា រដ្ឋាភិបាលសព្វថ្ងៃ ប្រើកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសជាតិ  ដោយខុសច្បាប់ ដើម្បី ធ្វើសង្គ្រាមពីរយ៉ាងប្រឆាំងប្រជារាស្ត្រខ្លួនឯង។

លោកសម រង្ស៊ី បានសរសេរថា រដ្ឋាភិបាល សព្វថ្ងៃប្រើកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ជាតិ ដោយខុសច្បាប់ ដើម្បីធ្វើសង្គ្រាមពីរយ៉ាង ប្រឆាំងប្រជារាស្ត្រ ខ្លួនឯង 

សង្គ្រាមនយោបាយ តាមរយៈប្រជាធិបតេយ្យក្លែងក្លាយ ដែលគ្រាន់តែជាសំបក ក្រៅ ដើម្បីប្រើអំណាចផ្តាច់ការជិះជាន់ប្រជារាស្ត្រ និងកម្ចាត់អ្នកដែលហ៊ានទាមទារសេរីភាព និងយុត្តិធម៌។

សង្គ្រាមសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍក្លែងក្លាយ ដែលគ្រាន់តែជាល្បិចដើម្បីលួច ប្លន់ដីធ្លីប្រជារាស្ត្រ កាប់បំផ្លាញព្រៃឈើ និង យកទ្រព្យសម្បត្តិសាធារណៈទៅលក់ដូរតាម ចិត្ត

ដោយ ៖ កុលបុត្រ

RELATED ARTICLES