ជាលក្ខណៈធម្មជាតិតាក់តែងមក តែងមានផ្លូវបែក ផ្លូវវៀច ផ្លូវកោង ផ្លូវខ្វែង ផ្លូវត្រង់ និងផ្លូវប្រសព្វមុខគ្នា។ អ្នកដែល ដើរតាមផ្លូវខ្វែង ឬផ្លូវបែកជាពីរ តែងទៅជួបគ្នានៅកន្លែងប្រសព្វចៀសមិនរួចឡើយ សូម្បីស្ទឹង ទន្លេ ក៏មានផ្លូវទឹកប្រសព្វ មុខគ្នាដែរ។ ករណីគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា ធ្វើនយោបាយខ្វែងគ្នានោះ អាចស្របនឹងប្រធានបទ ខាងលើថា “អ្នកដើរផ្លូវខ្វែង ទៅជួបគ្នាកន្លែងប្រសព្វ” ដែល “នគរធំ” សូមលើកមកបរិយាយថ្ងៃនេះ…។
ជាទិដ្ឋភាពជាក់ស្តែង បើអ្នកដំណើរ២ក្រុម ជិះរថយន្ត២គ្រឿង ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅទីរួមខេត្តកំពត ពេល ទៅដល់ថ្នល់បែកគុស ក៏ចែកផ្លូវគ្នាម្ខាងម្នាក់ គឺរថយន្តមួយត្រូវបើកបរតាមផ្លូវជាតិលេខ៣ កាត់តាមស្រុកឈូក ស្រុកទឹកឈូ ឯមួយគ្រឿងទៀត បើកបរតាមផ្លូវជាតិលេខ៣១ កាត់តាមស្រុកអង្គរជ័យ បន្ទាយមាស និងកំពង់ត្រាច។ ទីបំផុតអ្នកដំណើរ ទាំងពីរក្រុមនេះ នឹងបានទៅជួបគ្នានៅចំណុចរង្វង់មូលផ្លែទុរេន កណ្តាលក្រុងកំពត ដែលជាទីប្រសព្វមុខ។ ដោយឡែក កាណូត ២គ្រឿង បើកចេញពីកំពង់ផែភ្នំពេញ ឆ្ពោះទៅស្ពានព្រែកតាមាក់ លុះទៅដល់កោះឧកញ៉ាតី ទន្លេមេគង្គបែកជា២នោះ ទោះជាកាណូតណាបើកតាមទន្លេខាងស្តាំ ឬខាងឆ្វេងចែកផ្លូវគ្នា ក៏ចៀសមិនផុតពីការទៅជួបគ្នានៅចំណុចប្រសព្វមុខកោះ- ដាច់ ដែលជារមណីយដ្ឋានទេសចរណ៍ល្បី។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានលើកឡើងពីបញ្ហា ព្រំប្រទល់ដែន ពាក់ព័ន្ធដល់តំណាងរាស្ត្របក្សប្រឆាំងម្នាក់ ដែលកំពុងជាប់ពន្ធនាគារ ដោយចាត់ទុកលោកអ៊ុំ សំអាន ជាវីរជន។ លោកប្រធានសមាគមនោះ បានទាំងស្នើឱ្យតុលាការពិចារណាទោសកំហុសតំណាងរាស្ត្របក្សប្រឆាំងនោះទៀតផង ដោយ បញ្ចោញទស្សនៈថា រឿងព្រំដែន ជារឿងជាតិ។
ក្តាប់បានពីទស្សនៈនេះ បង្ហាញថា ប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន ទាំងអ្នកនយោបាយ ទាំងរាស្ត្រសាមញ្ញ មិនដែលភ្លេច រឿងជាតិមាតុភូមិនោះឡើយ ដោយចាត់ទុកបូរណភាពទឹកដី ជារឿងចម្បង លើសពីអាយុវជីវិតខ្លួនទៅទៀត។ មានន័យថា គ្មានខ្មែរណាមិនគិតគូរដល់រឿងព្រំដែននោះទេ ជាពិសេសរាជរដ្ឋាភិបាល ខ្វល់ខ្វាយជាងបក្សប្រឆាំងទៅទៀត ពាក់ព័ន្ធដល់ ខ្សែបន្ទាត់ព្រំដែនជាប់នឹងប្រទេសវៀតណាម លាវ និងថៃ។ កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជារឿយៗថា ដីខ្មែរសូម្បី១មីល្លីម៉ែត្រ ក៏មិនឱ្យបាត់ដែរ ហើយកម្ពុជា ក៏មិនត្រូវការទឹកដីគេនោះដែរ។ ការបោះបង្គោលព្រំដែន នៅតែ មានភាពរអាក់រអួល ខណៈដែលភាគីវៀតណាម សង់ប៉ុស្តិ៍យាមល្បាត និងជីកស្រះចូលទឹកដីកម្ពុជា លើតំបន់ហាមឃាត់។ ភាគីកម្ពុជា បានទាំងផ្ញើកំណត់ទូតតវ៉ាឱ្យវៀតណាម រុះរើសំណង់ បានទាំងអញ្ជើញភាគីវៀតណាម មកប្រជុំនៅភ្នំពេញ ទៀត- ផង ប៉ុន្តែ ដំណោះស្រាយនៅជាប់គាំង។ ជាងនេះទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បញ្ចោញប្រតិកម្មថា សម្តេច មិនមែន “អាយ៉ងយួន” នោះទេ ហើយក៏ “មិនក្បត់វៀតណាម” ដូចអ្វីដែលជនជាតិវៀតណាមម្នាក់ បានចោទប្រកាន់សម្តេច តាមទំព័រហ្វេសប៊ុក។
ដូច្នេះយើងឃើញថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងខ្លាំងណាស់រឿងបូរណភាពទឹកដី ដោយមានដំណោះស្រាយសន្តិនិយម តាមរយៈបើកការចរចាទ្វេភាគី សម្របសម្រួលជាភាតរភាព។ បើរាជរដ្ឋាភិបាល កំពុងធ្វើបែបនេះ ហេតុអ្វីតំណាងរាស្ត្របក្ស- ប្រឆាំង ត្រូវជាប់ពន្ធនាគារព្រោះរឿងព្រំដែន? សំណួរនេះ ត្រូវបានលោករស់ សារ៉ុម បញ្ចោញទស្សនៈរួចហើយ ប៉ុន្តែ “នគរធំ” សូមជួយបន្ថែមឱ្យក្បោះក្បាយថា “អ្នកដើរផ្លូវខ្វែង ត្រូវទៅជួបគ្នាកន្លែងប្រសព្វ”។ មានន័យថា រាជរដ្ឋាភិបាលមានយន្តការ ដោយឡែក ទទួលភារកិច្ចដោះស្រាយរឿងព្រំដែន មិនចង់ឱ្យបក្សប្រឆាំង លូកដៃនោះទេ ព្រោះបញ្ហានេះជាចំណុចស្រូប- ទាញប្រជាប្រិយភាពខ្ពស់បំផុត។ បើលោកអ៊ុំ សំអាន លោកហុង សុខហួរ ចង់ប្រើយុទ្ធសាស្ត្រនេះ ដើម្បីទាក់ទាញប្រជា- ប្រិយភាពដែរនោះ ចាំបាច់ត្រូវតែដើរផ្លូវខ្វែងគ្នា មិនអាចឱ្យទៅផ្លូវតែមួយបានឡើយ។ បើរាជរដ្ឋាភិបាលដើរផ្លូវកៅស៊ូ ចាំបាច់ ត្រូវតែរុញអ្នកប្រឆាំង ឱ្យដើរផ្លូវក្រួស ហើយធម្មតាផ្លូវលំក្រាលក្រួសក្រហមនោះ តែងមានថ្លុកជង្ហុកសម្បុកមាន់ បើដើរ មិនប្រយ័ត្ន ច្បាស់ជាធ្លាក់ជង្ហុកគ្រេចកជើងមិនខានឡើយ។ យ៉ាងណាមិញ លោកហុង សុខហួរ និងលោកអ៊ុំ សំអាន ដើរ មិនប្រយ័ត្ន ក៏ដួលគ្រេចកជើងមែន ដោយត្រូវតុលាការចាត់ការទៅតាមនីតិវិធី ដូចឃើញកន្លងមក។
ក៏មានសំណួរថា តើលោកហុង សុខហួរ និងលោកអ៊ុំ សំអាន អាចត្រូវដោះលែងឱ្យមានសេរីភាពវិញឬទេ? យើងអាច ឆ្លើយបានថា កាលណារាជរដ្ឋាភិបាល បញ្ចប់ការបោះបង្គោលព្រំដែន ឬថា ដើរដល់ផ្លូវប្រសព្វមុខ គង់តែឈរចាំអ្នកដើរ ធ្លាក់ជង្ហុកនោះ ទៅជួបជុំគ្នាមិនខានឡើយ ព្រោះជាខ្មែរដូចគ្នាទេ។ ធម្មតាអ្នកដើរតាមផ្លូវស្រួល តែងទៅដល់មុនអ្នកដើរ តាមផ្លូវសម្បុកមាន់ និងមានការយោគយល់ដល់អ្នកគ្រេចកជើងមិនខាន ជួនកាលពេលទៅជួបគ្នានៅកន្លែងប្រសព្វមុខគ្នា នោះ ក៏នាំគ្នាឱបរឹត ជល់កែវ សម្តែងភាតរភាព ដោយហេតុថា ជនជាតិខ្មែរ កាន់ព្រះពុទ្ធសាសនា ទាស់គ្នាមិនដែលបានយូរទេ។
ដោយឡែក ករណីបក្សប្រឆាំង ធ្វើពហិការប៉ុន្មានខែកន្លងមកនេះ ក៏ជារឿងចែកផ្លូវគ្នាដើរដែរ ពោលគឺ បក្សកាន់អំណាច ដើរតាមផ្លូវស្តាំ ឬជិះរថយន្តទៅលេងមាត់សមុទ្រ ពេលទៅដល់ថ្នល់បែកគុស ក៏បើកបរតាមផ្លូវជាតិលេខ៣។ រីឯបក្សប្រឆាំង ដែលធ្វើពហិការនោះ បើកឡានតាមផ្លូវជាតិលេខ៣១ ហើយមិនយូរប៉ុន្មានច្បាស់ជាទៅជួបគ្នានៅមាត់សមុទ្រ បបួលគ្នា ជល់កែវសាមគ្គី។ យ៉ាងណាមិញ ករណីមន្ត្រីបក្សប្រឆាំង ប្រកាសចូលប្រជុំសភា ប្រសិនបើមានការកោះហៅនោះ មានន័យថា បក្សកាន់អំណាចដើរលឿនជាង និងទៅដល់ផ្លូវប្រសព្វមុខមុន ក៏ឈររង់ចាំ និងបោយដៃហៅបក្សប្រឆាំង ទៅជួបជុំគ្នា។ យុទ្ធសាស្ត្រនយោបាយចែកផ្លូវគ្នាដើរបែបនេះ សូម្បីអ្នកនយោបាយជំនាន់មុនក៏យកមកធ្វើដែរ ជាពិសេស ពាក់ព័ន្ធដល់រឿង បូរណភាពដែនដី ដូចអ្វីដែលយើងសូមលើកមកបង្ហាញខាងក្រោម ៖
លោកសេនាប្រមុខ លន់ នល់ បានចោទមេដឹកនាំខ្មែរក្រហម ថាជា “អាយ៉ងយួន” ដោយលាបពណ៌គ្នា ដើម្បីបង្ក្រាប ប៉ុន្តែ នៅពេលប៉ុល ពត មេខ្មែរក្រហម ឡើងកាន់អំណាច បានធ្វើសង្គ្រាមប្រឆាំងវៀតណាម យ៉ាងខ្លាំងក្លា។ លោកលន់ នល់ ក៏ធ្លាប់ចោទប្រកាន់សម្តេចព្រះនរោត្តម សីហនុ ថា លក់ដីឱ្យវៀតកុង-វៀតណាមខាងជើង ដែរ ប៉ុន្តែ ទីបំផុត សម្តេចឪ បានបង្កើតចលនាត្រីភាគីនៅទល់ដែន ធ្វើការវាយបណ្តេញកងទ័ពវៀតណាម។ ដូច្នេះ សកម្មភាពទាំងអស់នេះ មានន័យថា ឥស្សរជនណាក៏ស្នេហាជាតិ ការពារបូរណភាពទឹកដីដូចគ្នា តែគេលាបពណ៌គ្នា ចែកផ្លូវគ្នាដើរសិន លុះទៅដល់ទីប្រសព្វមុខ ឬឆ្លងទៅដល់ត្រើយសន្តិភាព ក៏ចាប់ដៃគ្នាវិញ។ នៅក្នុងវត្តមួយ ចៅអធិការវត្ត និងគ្រូសូត្រ ខ្វែងគំនិតគ្នារឿងសាងសង់ ព្រះវិហារ ពោលគឺ សង្គ្រាជកំពុងធ្វើ គ្រូសូត្រក៏ដណ្តើមធ្វើដែរ ដើម្បីទាក់ទាញការគាំទ្រពីញាតិញោមពុទ្ធបរិស័ទ។ ករណី នេះ គ្រូសូត្រ ក៏ត្រូវខ្ទាតចេញពីវត្ត លុះកសាងព្រះវិហាររួចរាល់ សង្គ្រាជលាចាកសិក្ខាបទ គ្រូសូត្រក៏សឹក ពេលបានជួបគ្នា ក៏ ឱបគ្នាស្មារលាទោសកំហុស។
សរុបទៅ “អ្នកដើរផ្លូវខ្វែង ជួបគ្នាកន្លែងប្រសព្វ” មានន័យយ៉ាងនេះឯង។ ដូចយើងលើកឡើងរួចមកហើយថា រាជរដ្ឋា- ភិបាល កំពុងតែធ្វើកិច្ចការព្រំដែន មិនចង់ឱ្យបក្សប្រឆាំងលូកដៃរញ៉េរញ៉ៃទេ។ បើតំណាងរាស្ត្រប្រឆាំងលូកដៃ ត្រូវឱ្យដើរ ផ្លូវម្ខាងដួលគ្រេចកជើងអ៊ីចឹងទៅ ប៉ុន្តែ មិនអីទេ! កាលណាបក្សកាន់អំណាច ដើរដល់ផ្លូវប្រសព្វមុខ ឬដោះស្រាយរឿងបោះ- បង្គោលព្រំដែនរួចរាល់ជាស្ថាពរ ច្បាស់ជាជួយព្យាបាលអ្នកគ្រេចកជើងនោះ មិនខានឡើយ”៕
ដោយ ៖ អាចារ្យថាំ