ភ្នំពេញ ៖ បណ្ឌិតកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកយ៉ង សាំងកុមារ បានរិះគន់នយោបាយដឹកនាំប្រទេសរបស់បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ថាមិនមានការរីកចម្រើនទៅលើនយោបាយកសិកម្ម សិប្បកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម។
លោកយ៉ង សាំងកុមារ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “ប្រទេសសម្បូរសមុទ្រ ទឹកប្រៃ និងសម្បូរពន្លឺថ្ងៃ តែនាំអំបិលចូល។
ប្រទេសសម្បូរបឹងស្ទឹងទន្លេ តែនាំត្រីចូល។
ប្រទេសសម្បូរទឹក សម្បូរដី តែនាំស្លឹកគ្រៃចូល។
ប្រទេសសម្បូរប្ញស្សី សម្បូរឈើ តែនាំតុទូកៅអី ចង្កឹះ និងឈើចាក់ធ្មេញចូល។
ប្រទេសសម្បូរជ័រកៅស៊ូ តែនាំសំបកកង់ចូល។
ប្រទេសសម្បូរទឹកដីអំណោយផលដល់ ការដាំកប្បាស ក្រចៅ តែនាំក្រណាត់និងបាវចូល។
ប្រទេសសម្បូរចម្ការស្វាយចន្ទី តែនាំគ្រាប់ចន្ទីចូល៘ និង៘
នេះជានយោបាយកសិកម្ម សិប្បកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន?
ការគាំទ្រកសិករ សិប្បករ និងឧស្សាហករក្នុងស្រុក ដើម្បីបង្កើនការផលិតនិងកែច្នៃ និងមានសមត្ថភាពប្រកួតប្រជែងជាគោលនយោបាយសេដ្ឋកិច្ចនិងការងារ ដែលនាំមកនូវភាពសម្បូរសប្បាយនិងអធិប្បតេយជាតិពិតប្រាកដ ដូចបានចែងក្នុងសៀវភៅបៃតងរបស់គបម។
គោលបំណងទីមួយនៃការធ្វើនយោបាយយើង គឺប្រកួតប្រជែងគោលនយោបាយកសាងជាតិ មិនមែនយកឈ្នះយកចាញ់ ដើម្បីតំណែង តួនាទី ឬកៅអីទេ”។
លោកយ៉ង សាំងកុមារ មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះបានទេ កាលពីម្សិលមិញ។
ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ថា ការរិះគន់របស់លោកយ៉ង សាំងកុមារ ទទួលយកបានឬមិនបាន អាស្រ័យទៅលើប្រជាជន តើពួកគាត់គាំទ្រលោកយ៉ង សាំងកុមារ ឬគាំទ្រកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា?
លោកសុខ ឥសាន បានមានប្រសាសន៍ ថា “អាហ្នឹងយើងដឹងហើយថា លោកយ៉ង សាំងកុមារ គាត់ជាប្រធានគណបក្សប្រកួតប្រជែងមួយ ជាមួយនឹងគណបក្សប្រជាជន គាត់មិនដែលនិយាយល្អជាមួយគណបក្សប្រជាជន ធ្វើម៉េចគាត់យកឈ្នះគណបក្សប្រជាជនបាន អាហ្នឹងហើយជាការទិតៀន កសាងគ្នាទៅតាម កម្មវិធីនយោបាយ”។
លោកសុខ ឥសាន បន្តថា “ឥឡូវបើកម្មវិធីនយោបាយរបស់គណបក្សប្រជាជន មិនល្អត្រង់ចំណុច ណាឱ្យគាត់ធ្វើកម្មវិធីនយោបាយរបស់គណបក្សគាត់ ឱ្យល្អតាមហ្នឹងទៅ អាហ្នឹងគាត់គង់តែឈ្នះឆ្នោតទេ ថ្ងៃមុខគាត់ឡើងកាន់អំណាច ហើយគាត់ធ្វើបានហើយ។ ដូច្នេះការរិះគន់របស់គាត់នេះ ទទួលយកបាន មិនបាន អាស្រ័យទៅលើប្រជាជនទេ តើគាត់គាំទ្រការរិះគន់របស់លោកយ៉ង សាំងកុមារ ឬអត់?
លោកសុខ ឥសាន បន្តទៀតថា “យើងម៉េចថាជំនួសប្រជាជនបាន ពេលណាដែលប្រជាជនគាំទ្រកម្មវិធីនយោបាយរបស់គណបក្សលោកយ៉ង សាំងកុមារ ពេលហ្នឹងហើយ ប្រជាជននឹងបោះឆ្នោតគាំទ្រឱ្យគណបក្សហ្នឹងឈ្នះឆ្នោត ហើយតែបើពេលណាដែលបោះឆ្នោតហើយ អត់ជាប់ឆ្នោតទេ បានសេចក្តីថា កម្មវិធីនយោបាយរបស់គាត់ហ្នឹងមិនទទួលបានការគាំទ្រទេ”។
អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះ បានបន្ថែមថា “គោលនយោបាយ! ឥឡូវលោកយ៉ង សាំងកុមារ គាត់ទិតៀនគោលនយោបាយរបស់គណបក្សប្រជាជនហើយៗ ឥឡូវគណបក្សប្រជាជនមានកម្មវិធីនយោបាយចំណុចខ្សោយកន្លែងណា ឱ្យគាត់ពង្រឹងនូវចំណុចខ្លាំងរបស់គាត់ទៅ ដើម្បីយកឈ្នះឆ្នោតទៅ អាហ្នឹងវាស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យហើយ”។
លោកសុខ ឥសាន បន្ថែមទៀតថា “ប៉ុន្តែគោលនយោបាយរបស់គណបក្សប្រជាជន ខ្ញុំជឿជាក់ថា នៅតែមានការគាំទ្រពីប្រជាពលរដ្ឋ បើទោះបី៦អាណត្តិហើយ ដែលគណបក្សប្រជាជនឈ្នះឆ្នោតហ្នឹង ក៏នៅតែទទួលការគាំទ្រពីប្រជាពលរដ្ឋទៀត ពីព្រោះកម្មវិធីនយោបាយរបស់គណបក្សប្រជាជន វាហុចផលប្រយោជន៍ជាក់ស្តែងឱ្យប្រជាជន ហើយនិងប្រទេសជាតិ”៕