ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញប្រតិកម្មតបចំពោះក្រុមជ្រុលនិយមដែលចំអកឱ្យសម្តេច រឿងដែលសម្តេចលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូល មេគង្គសាធារណរដ្ឋកូរ៉េ លើកទី១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារនៅថែទាំម្តាយក្មេកសម្តេច គឺមហាឧបាសិកាប៊ុន ស៊ាងលី ដែលមានបញ្ហាសុខភាពស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត។
សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកក្រុមប្រឆាំងដែលប្រមាថមកលើសម្តេចនោះថា មិនអាចដឹកនាំ កុំថាឡើយដឹកនាំប្រទេស សូម្បីតែដឹកនាំកូនបក្សមួយ ឬភូមិមួយក៏មិនបានផង ព្រោះតែពួកអស់នោះ គ្មានគុណធម៌និងសីលធម៌ ហើយដោយសារតែចរិតទាំងមេនិងកូនបែបនេះហើយ ទើបនាំដល់ការរលាយបក្សនិងជាប់គុក ព្រោះគ្មានស្មារតីបង្រួមជាតិនិងគិតតែរឿងបំផ្លាញជាតិ។
ប្រតិកម្មរបស់សម្តេចហ៊ុន សែន ខាងលើនេះធ្វើឡើងភ្លាមៗបន្ទាប់ពីមានបុរសម្នាក់ឈ្មោះសោម សុវណ្ណារ៉ា ដែលជាក្រុមប្រឆាំងនិងជាសមាជិករណសិរ្សរំដោះជាតិខ្មែរ (KNLF) នៅស្រុកកំពង់ប្រណាកខេត្តព្រះវិហារ បានប្រើគណនីហ្វេសប៊ុកឈ្មោះ “Sovannara Som” បានចូលទៅបញ្ចេញយោបល់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩ ក្រោយពេលសម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះញរូបភាពស្តីពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេចជាមួយសំណេរបកស្រាយពីការយលច្រឡំមួយចំនួន។
មុនពេលសម្តេចហ៊ុន សែន បញ្ចេញប្រតិកម្មតបទៅ Comment របស់ក្រុមប្រឆាំងនោះ សម្តេចបានបង្ហោះរូបភាពនិងសំណេរថា “ម្សិលមិញមានហ្វេសប៊ុកមួយបានយករូបថតម្តាយក្មេកខ្ញុំនិងភរិយាខ្ញុំ កាលពីឆ្នាំ២០០៨ គឺ១១ឆ្នាំមុន នៅមន្ទីរពេទ្យសិង្ហបុរី មកបង្ហោះធ្វើឱ្យមានការភ័ន្តច្រឡំថា ម្តាយក្មេកខ្ញុំបានជាសះស្បើយឬបានធូរស្រាលហើយ ដែលធ្វើឱ្យខ្ញុំជួបការលំបាកក្នុងការបកស្រាយពីរឿងខ្ញុំលុបចោលការទៅចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង។
ខ្ញុំសូមបញ្ជាក់ថា ស្ថានភាពជំងឺម្តាយក្មេកខ្ញុំ ស្ថិតក្នុងដំណាក់ការសង្គ្រោះបន្ទាន់នៅឡើយ ដែលតម្រូវឱ្យកូនចៅនៅក្បែរគាត់ជានិច្ច។
សូមជូនរូបភាពមួយចំនួនពីម្សិលនិងព្រឹកថ្ងៃនេះ ២៤និង២៥ វិច្ឆិកា ២០១៩”។
បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះរូបភាពនិងសំណេរខាងលើ ស្រាប់តែក្រុមប្រឆាំង ឈ្មោះសោម សុវណ្ណារ៉ា បានប្រើគណនីហ្វេសប៊ុកឈ្មោះ “Sovannara Som” បានចូលទៅ Comment ថា “ព្រោះតែម្តាយក្មេក ធ្វើឱ្យហ៊ុន សែន មិនបានទៅប្រជុំនៅកូរ៉េ? ហ៊ុន សែន ជាអ្នកដឹងគុណដល់ថ្នាក់ហ្នឹងផង? ហាហា គួរឱ្យអស់សំណើចទេ?”។
ជាប្រតិកម្មឆ្លើយតប សម្តេចហ៊ុន សែន សរសេរ Comment ថា “បងប្អូនជនរួមជាតិ មើលចរិតពួកជ្រុលនិយមដែលបានលើកឡើងខាងលើ។ ខ្ញុំចង់ប្រាប់លោកថា ពួកអស់លោកមិនអាចដឹកនាំ កុំថាឡើយដឹកនាំប្រទេស សូម្បីតែដឹកនាំកូនបក្សមួយឬភូមិមួយក៏មិនបានផង ព្រោះតែអស់លោកគ្មានគុណធម៌និងសីលធម៌។
សូមដាក់ចេញជាសំណួរថា ៖ បើអស់លោកមិនគិតដល់ម្តាយរបស់ខ្លួនទៅហើយ តើអស់លោកអាចស្រឡាញ់និងយកចិត្តទុកដាក់ដល់ប្រជាជនយ៉ាងណាទៅ បើសូម្បីតែម្តាយខ្លួនឯង អស់លោកមិនស្រឡាញ់និងយកចិត្តទុកដាក់ផងនោះ។
ម៉្យាងទៀត ពេលនេះខ្ញុំកំពុងមានទុក្ខ ពួកលោកចូលមករករឿងខ្ញុំដូចនេះ អ្វីដែលខ្ញុំបានចាប់ពួកលោកញាត់គុកពេលដែលពួកលោកប្រព្រឹត្តខុសច្បាប់ គឺសមហេតុផលណាស់។ ដោយសារតែចរិតទាំងមេទាំងកូនបែបនេះហើយ ទើបនាំដល់ការរលាយបក្សនិងជាប់គុក ព្រោះគ្មានស្មារតីបង្រួមជាតិ និងគិតតែរឿងបំផ្លាញជាតិ”។
គួរបញ្ជាក់ថា តាមគម្រោង គឺសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូល មេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១ នៅទីក្រុង ប៊ូសាន សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ហើយក្នុងអំឡុងពេលនោះ សម្តេចហ៊ុន សែន នឹងទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យអន្តរជាតិប៊ូសាន ប្រទេសកូរ៉េខាងត្បូង នោះផងដែរ។
ប៉ុន្តែនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសលុបចោលដំណើរទៅប្រទេសកូរ៉េខាងត្បូង ដោយសារតែសម្តេចមានធុរៈក្នុងគ្រួសារត្រូវមើលថែម្តាយក្មេក គឺមហាឧបាសិកា ប៊ុន ស៊ាងលី ដែលមានវ័យជរា៩៧ឆ្នាំ ដែលឈឺធ្ងន់ កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។
សម្តេចហ៊ុន សែន បានសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងលោកប្រាយុទ្ឋ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានសម្រាប់កិច្ចប្រជុំដ៏មានសារសំខាន់នេះ។
ទោះជាយ៉ាងណា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចហ៊ុន សែន បានសរសើរក្រុមគ្រូពេទ្យខ្មែរ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជួយសង្គ្រោះម្តាយក្មេកសម្តេចបានទាន់ពេលវេលាដែលធ្វើឱ្យម្តាយក្មេកសម្តេចបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត ទោះបីគាត់កំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយ ក៏កូនចៅអស់ចិត្តដែរ។
សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកដដែលថា “បីថ្ងៃរួចមកហើយដែល ខ្ញុំមកកំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាលម៉ែត ដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល ខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អគារថ្មី និងទិញសម្ភារៈសម្រាប់បំពាក់ទាំងអគារថ្មី និងអាគារដែលមានរួចមកហើយ។
ថ្ងៃនេះខ្ញុំសម្រេចបញ្ចោញថវិការដ្ឋចំនួន៣០លានដុល្លារ ដើម្បីបន្តកសាងអគារកម្ពស់១២ជាន់ ដែលមន្ទីរពេទ្យសាងសង់បាន១៧ភាគរយរួចមកហើយ ក្នុងតម្លៃ៣៩លាន៧សែនដុល្លារ។
សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអគារថ្មីនិងអគារចាស់ ខ្ញុំបានចលនាសប្បុរសជនចូលរួមជួយដល់ជីវិតមនុស្សបានថវិកាចំនួន៥៣លានដុល្លារ គិតត្រឹមម៉ោង៤ល្ងាច ថ្ងៃ២៤ វិច្ឆិកា ២០១៩ នេះ ដែលសង្ឃឹមថានឹងមានសប្បុរសជនចូលរួមបន្ថែមទៀត ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង។
ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលតាមការអំពាវនាវរបស់ខ្ញុំ តាមពាក្យស្លោក (បរិច្ចាគដើម្បីជួយដល់ជិវិតមនុស្ស)។
ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះវេជ្ជបណ្ឌិត គ្រូពេទ្យគ្រប់ជំនាញ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងប្រកបដោយវិជ្ជាជីវៈខ្ពស់។
បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយ ក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួតអស់ចិត្តដែរ ព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែ ជួយទាន់ពេលវេលាទេ ម៉្លេះសមម្តាយក្មេកខ្ញុំបានលាចាកលោកនេះ តាំងពីថ្ងៃម្សិលមិញមកម៉្លេះ ព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំ តែដោយសារភាពជំនាញរបស់គ្រូពេទ្យនោះហើយ ដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្តរស់នៅជាមួយកូនចៅមួយរយៈ ទៀត“៕
ដោយ ៖ ខៀវទុំ