Saturday, April 27, 2024
Homeព័ត៌មានជាតិបាតុ​ភូត​ថ្ងៃរះ​ចំកណ្តាល​កំពូល​ប្រាសាទ អង្គរ ទេស​ចរ​ទស្សនា​កុះករ​ជិត​២​ម៉ឺន​នាក់

បាតុ​ភូត​ថ្ងៃរះ​ចំកណ្តាល​កំពូល​ប្រាសាទ អង្គរ ទេស​ចរ​ទស្សនា​កុះករ​ជិត​២​ម៉ឺន​នាក់

ខេត្តសៀមរាប ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណជិត២ម៉ឺននាក់ បាននាំគ្នាធ្វើដំណើរ ទៅទស្សនាព្រឹត្តិការណ៍បាតុភូតថ្ងៃរះចំកណ្តាល កំពូលប្រាសាទអង្គរវត្ត ដើម្បីឱ្យបានឃើញផ្ទាល់ ភ្នែក និងផ្តិតយករូបភាពដ៏អច្ឆរិយនេះ ធ្វើឱ្យ បរិវេណប្រាសាទអង្គរវត្ត ស្ថិតក្នុងក្រុងសៀម- រាប ប្រជុំដោយមនុស្សម្នាក់កុះករតាំងពីវេលា ទៀបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានរូតរះ ទៅកាន់ប្រាសាទអង្គវត្ត ដើម្បីទស្សនាទិដ្ឋភាព ដ៏អស្ចារ្យនៃព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គវត្ត នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

តាំងពីម៉ោងមិនទាន់៥ភ្លឺ ទេសចរប្រុសស្រី ដែលបានដឹងអំពីព្រឹត្តិការណ៍សមរាត្រី ដែល ព្រះអាទិត្យរះឡើងចំកំពូលកណ្តាលប្រាសាទ អង្គវត្តនោះ បានមកជួបជុំគ្នា ដើម្បីគយគន់ពន្លឺ ព្រះអាទិត្យ ដោយផ្សារភ្ជាប់នឹងទិដ្ឋភាពប្រាង្គ ប្រាសាទអង្គរវត្តយ៉ាងច្រើនកុះករណែនណាន់ តាន់តាប់។ នេះជាការប្រមូលផ្តុំមហាជនដ៏ច្រើន មិនធ្លាប់មានក្នុងព្រឹត្តិការណ៍បែបនេះកន្លងមក។

angkor-wat1

អ្នកប្រមាញ់រូបថត អ្នកមានអាជីពថតរូប និងអ្នកដែលចូលចិត្តថតរូបធម្មតា សុទ្ធតែបាន ត្រៀមខ្លួនជាស្រេច ដើម្បីផ្តិតយកទេសភាពដ៏ អស្ចារ្យនេះ។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មាន បណ្តាញទូរទស្សន៍ល្បីៗជាច្រើនក្នុងស្រុក ក៏បាន ប្រមូលជួបជុំគ្នា ដើម្បីបង្ហាញព្រឹត្តិការណ៍ដ៏ កម្រនេះ ទៅកាន់មហាជនជាច្រើនទៀត ដែល នៅឆ្ងាយៗ មិនអាចមកចូលរួមទស្សនាដោយ ផ្ទាល់បាន។

តាមប្រភពមន្ត្រីក្រសួងទេសចរណ៍ បាន បញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាល កំពូលប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នោះ មានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ចូលរួមទស្សនាប្រមាណជិត ២ម៉ឺននាក់។

ទាក់ទងទៅនឹងបាតុភូតព្រះអាទិត្យរះចំ កណ្តាលកំពូលប្រាសាទអង្គវត្តនេះ អ្នកជំនាញ របស់អាជ្ញាធរអប្សរា បានបានធ្វើការពន្យល់ពី មូលហេតុតាមបែបបុរាណវិទ្យា និងតារាសាស្ត្រ ថា ពុំមែនជារឿងចៃដន្យ ឬអព្ភូតហេតុអ្វីទេ តែ ជាគិតគូរដឹងមុនរបស់អ្នកប្រាជ្ញខ្មែរបុរាណដែល ជាអ្នកសាងសង់ប្រាសាទអង្គរវត្ត។ លោកអ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា និងជាអនុ- ប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និង តម្កល់ឯកសារអង្គរ នៃអាជ្ញាធរអប្សរា បាន ពន្យល់ថា ចំណេះដឹងដែលសិក្សាអំពីព្រះអាទិត្យ រះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទ អង្គរវត្តនេះ មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បាន ធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សា នេះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ ដើម្បី បញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជា អព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុន ផ្នែកតារាសាស្ត្រនៃអ្នកប្រាជ្ញបុរាណដែលដឹក- នាំកសាងប្រាសាទអង្គវត្ត។

តទៅនេះ គឺជាការពិចារណាដោយផ្អែក ទៅលើចំណេះផ្នែកបុរាណវិទ្យា និងតារាសាស្ត្រ ដែលពន្យល់ដោយលោកអ៊ឹម សុខរិទ្ធី អ្នក-ស្រាវជ្រាវបុរាណវិទ្យា និងជាអនុប្រធានមជ្ឈ- មណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារ អង្គរនៃអាជ្ញាធរអប្សរា។ ជាដំបូង លោកអ៊ឹម សុខរិទ្ធី ពន្យល់ថា ចំណេះដឹងដែលសិក្សាអំពី ព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាលនៃ ប្រាសាទអង្គរវត្តនេះ មិនមែនជារបកគំហើញ ថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវ ធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សានេះ គឺស្វែងយល់អំពីទំនាក់ទំនងរវាង សំណង់ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬ ជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុន ផ្នែកតារាសាស្ត្រនៃអ្នកប្រាជ្ញបុរាណ ដែលដឹកនាំ កសាងប្រាសាទអង្គវត្ត។

ដើម្បីយល់ពីរឿងនេះ លោកអ៊ឹម សុខរិទ្ធី ពន្យល់ថា ជាដំបូងគេត្រូវសិក្សាពីទម្រង់នៃ ចក្រវាលទូទៅ ហើយធៀបនឹងស្ថាបត្យកម្ម នៃប្រាសាទអង្គរវត្ត។ អ្នកប្រាជ្ញបុរាណ បាន រៀបចំអង្គរវត្ត ស្នងឱ្យរូបភាពបង្រួមរបស់ចក្រ-វាលនៅលើផែនដី តាមទម្រង់រូបវន្ត ដូចជាការ រៀបចំឱ្យមានមហាសមុទ្រ និងជួរភ្នំព័ទ្ធជុំវិញ  មានទ្វីបទាំងបួននៅក្នុងចក្រវាល និងភ្នំព្រះ-សុមេរុ នៅចំកណ្តាល ព្រមទាំងដំណើរវិវត្តន៍ របស់ចក្រវាលជាដើម។ បើយើងយកចំណុច ក្រោយនេះមកពិចារណា តាមរយៈក្បួនតារា-សាស្ត្ររបស់ឥណ្ឌា អំពីអាយុកាលរបស់ចក្រវាល ដែលមានបែងចែកជា៤យុគ បន្តបន្ទាប់គ្នា។ យុគ គឺជាវដ្តសង្សារនៃចក្រវាល ទាក់ទងនឹង ការកើតវិវត្តន៍ និងបាត់បង់ទៅវិញ។ ចន្លោះនៃ យុគនីមួយៗ មានអន្តរកាលមួយ ទើបកើតជា យុគថ្មីមួយទៀត។ មួយវដ្តនៃចក្រវាលមាន ៤យុគ ដែលស្មើនឹង ៤៣២០០០០ឆ្នាំមនុស្ស  នៅលើផែនដី ស្មើនឹង ១២០០០ឆ្នាំទិព្យ ប្រើ នៅលើឋានសួគ៌ (១ឆ្នាំទិព្យ ឬសួគ៌ ស្មើនឹង ៣៦០ឆ្នាំមនុស្សនៅលើផែនដី)។ មួយវដ្តនៃ យុគនេះ ហៅថា មហាយុគ១។ រយៈពេល  ២០០០មហាយុគ ស្មើនឹងកល្ប១ ហើយស្មើនឹង ១យប់១ថ្ងៃរបស់ព្រះព្រហ្ម ដែលត្រូវស្មើនឹង ៨៦៤លានឆ្នាំមនុស្ស។

មហាយុគ ចែកជា៤យុគតូចៗ ដូចខាង-ក្រោម ៖

១) ក្រឹត្យយុគ (យុគមាស) មានអាយុ កាល ១៧២៨០០០ឆ្នាំមនុស្ស ស្មើនឹង ៤៨០០ ឆ្នាំទិព្យ។ នាយុគនេះមនុស្សលោកមានអាយុ វែងៗ និងមានសេចក្តីសុខបរិបូណ៌។

២) ត្រេតយុគ (យុគប្រាក់) មានអាយុ- កាល ១២៩៦០០០ឆ្នាំមនុស្ស ស្មើនឹង ៣៦០០ ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុ វែងមធ្យម និងមានសេចក្តីសុខចម្រើន។

៣) ទ្វាបរយុគ (យុគចំនួនលេខគត់គូ) មានអាយុកាល ៨៦៤០០០ឆ្នាំមនុស្ស ស្មើនឹង ២៤០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងដែរនិងមានសេចក្តីសុខមធ្យម។

៤) កលិយុគ (យុគប្រកបដោយទោស ប្រកបដោយជម្លោះ) មានអាយុកាល ៤៣-២០០០ឆ្នាំមនុស្ស ស្មើនឹង ១២០០ឆ្នាំទិព្យ។  មនុស្សរស់នៅក្នុងយុគនេះ មានអាយុមិនច្រើន  និងមានសេចក្តីសុខតិចតួច។ យុគនេះបានចាប់ ផ្តើមហើយ តាំងពីឆ្នាំ៣១០៣មុនគ.ស។

ទន្ទឹមនឹងនេះ តាមក្បួនតារាសាស្ត្រឥណ្ឌា  គេបែងចែកពេលវេលា ដោយគិតទៅតាម ដំណើរព្រះចន្ទ និងព្រះអាទិត្យ ទើបកើតមាន ជាចន្ទគតិ និងសុរិយគតិ។ ក្នុងដំណើរមួយ គោចររបស់ព្រះអាទិត្យនេះ មួយឆ្នាំ ត្រូវបែង- ចែកជា២ដំណើរ គឺចំនួន១៨៩ថ្ងៃ និងចំនួន ១៧៦ថ្ងៃ។ ដោយសារអង្គរវត្ត មានទាក់ទងនឹង វដ្តសង្សាររបស់ចក្រវាលនោះ តួលេខនៃអាយុ- កាលរបស់យុគនីមួយៗ ទាក់ទងទៅនឹងទំហំ ប្រវែងនៃរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្ត  ដែលអ្នកស្រាវជ្រាវបានស្វែងរកឃើញកន្លងមក។

លោកអ៊ឹម សុខរិទ្ធី ពន្យល់តាមរយៈលទ្ធ- ផលនៃការស្រាវជ្រាវនោះថា ខ្នាតដែលស្ថាប- ត្យករ និងវិស្វករបុរាណប្រើ គឺហត្ថ។ ប្រវែង របស់ហត្ថ មិនដូចគ្នាទាំងអស់តាមជំនាន់រាជការ នីមួយៗទេ។ ពោលគឺ សម័យអង្គរវត្ត រាជការ ប្រើខ្នាតរបស់ហត្ថ មានប្រវែងស្មើ០,៤៣៦ម៉ែត្រ។ តាមខ្នាតនេះ យើងអាចស្វែងយល់   បានអំពីប្រវែង រចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្តដូច្នេះ ៖

១)ចម្ងាយស្ពានហាលឆ្លងកសិណ នៅមុខ អង្គរ មានប្រវែង ៤៣៩៧៨ហត្ថ

២)ចម្ងាយរានហាលចាប់ពីគុកតារាជ្យ ដល់ថែវទី២ ប្រវែង ៨៦៧០៣ហត្ថ

៣)ចម្ងាយពីគុកតារាជ្យ ដល់ជណ្តើរទី១ ឡើងបាកាន្ត ប្រវែង ១២៩៦,០៧ហត្ថ

៤)ចម្ងាយពីមុខនាគ ដល់ប្រាង្គកណ្តាល បាកាន្ត ប្រវែង ១៧៣៤,៤១ហត្ថ

៥)រចនាសម្ព័ន្ធនៅជាន់បាកាន្ត ដែលមាន ប្រាង្គប្រាំ សាងឡើងកាត់កែងគ្នា ដែលមាន ប្រវែងលិច-កើតចំនួន១៨៩ហត្ថ និងជើងត្បូង ប្រវែង ១៧៦,៣៧ហត្ថ។ បើបូកចំនួនទាំងពីរ គឺសរុបចំនួន ៣៦៥,៣៧ហត្ថ។

បើយើងលើកលែងការឃ្លៀងឃ្លាតខ្លះ ដោយចេតនា ដែលជាទំនៀមរបស់ជាងចេញ និងការបំពេញបង្គ្រប់ ព្រមទាំងកាត់ចំនួនសេស- សល់ចេញ តម្រូវឱ្យចំចំនួនគត់មកវិញនោះ យើង នឹងអាចយល់បានអំពីទំនាក់ទំនងនៃប្រវែង រចនាសម្ព័ន្ធសំខាន់របស់អង្គរវត្ត ទៅនឹងអាយុ កាលរបស់យុគ នៃវដ្តសង្សាររបស់ចក្រវាល។

ទំនាក់ទំនងនោះ អាចសង្ខេបមកដូច្នេះ ៖

១)ចម្ងាយដំណើរលើស្ពានហាល អាច ប្រមាណនឹងអាយុកាលរបស់កលិយុគដែលមាន រយៈពេល ៤៣២០០០ឆ្នាំ

២)ចម្ងាយដំណើរពីគុកតារាជ្យ ដល់ថែវទី២ អាចប្រមាណនឹងអាយុកាលរបស់ទ្វាបរយុគ ដែលមានរយៈពេល ៨៦៤០០០ឆ្នាំ

៣)ចម្ងាយពីគុកតារាជ្យ ដល់ជណ្តើរទី១ ឡើងបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ ត្រេតយុគ ដែលមានរយៈពេល១២៩៦០០០ឆ្នាំ

៤)ចម្ងាយដំណើរពីមុខនាគ ដល់ប្រាង្គ- កណ្តាលបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ ក្រឹត្យយុគ ដែលមានរយៈពេល១៧២៨០០០ឆ្នាំ

៥)រីឯប្រវែងនៅជាន់បាកាន្ត ដែលមាន សំណង់កាត់កែងគ្នា សរុបគឺ៣៦៥ហត្ថ ដែល រោងទងកាត់កែងលិច-កើតមាន១៨៩ហត្ថ និង រោងទងជើង-ត្បូង មាន១៧៦ហត្ថ នោះវា ត្រូវនឹងដំណើរគោចររបស់ព្រះអាទិត្យ ក្នុងរយៈ ពេល៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលវិស័យតារា- សាស្ត្រចែកជាពីរ ដំណើរគឺ១៨៩ថ្ងៃ និង១៧៦ថ្ងៃ។

តើហេតុអ្វីបានត្រូវបែងចែកជាពីរដំណើរ គោចរដូច្នេះ? ហើយមានពាក់ព័ន្ធអ្វីនឹងអង្គរវត្ត?

លោកអ៊ឹម សុខរិទ្ធី ពន្យល់តាមក្បួនតារា- សាស្ត្រថា ដោយសារមួយឆ្នាំៗ មានខែខ្លះថ្ងៃ វែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាង ថ្ងៃ។ ប៉ុន្តែក្នុងនោះ មានខែពីរ ដែលពេលយប់ និងថ្ងៃមានរយៈពេលស្ទើរតែស្នើគ្នានោះ គឺនៅ ពេលដែលព្រះអាទិត្យគោចរបាន១៨៦ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ ឬ២១ខែមីនា និងពេល ដែលព្រះអាទិត្យគោចរបាន១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ឬ២២ ខែកញ្ញា។ តាម ក្បួនតារាសាស្ត្រសម័យទំនើប ហៅបាតុភូត នេះថា ឆែន៉ិខៀ (មកពីភាសាឡាតាំង ាឆ៉េស មានន័យថាស្មើនឹង នៀខ គឺរាត្រី) ដែលមានគេ ប្រែសម្រួលជាភាសាជាតិថា “សមរាត្រី”។ យើង ក៏អាចសម្គាល់បានអំពីបាតុភូតនេះបានដែរ។ បើយើងឈរបែរមុខទៅកើតត្រង់ ក្នុងវេលាណា ដែលមានព្រះអាទិត្យរះឡើងចំពីមុខយើងត្រង់ បន្ទាប់មកទៀត រះឡើងត្រង់ចំកណ្តាលក្បាល យើង ហើយធ្វើឱ្យស្រមោល និងតួខ្លួនត្រួតស៊ីគ្នា។

ដោយគន់គូរតាមក្បួនតារាសាស្ត្រ និង លោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករ បុរាណកសាងអង្គរវត្ត ឱ្យឆ្លុះប្រៀបនឹងចក្រវាល ផង និងវដ្តសង្សារចក្រវាលផង ដោយយក ប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ជាគោល កណ្តាល និងជាចំណុចសូន្យ សម្គាល់គោចររបស់ ព្រះអាទិត្យ។ ក្នុងរវាង១៨៩ថ្ងៃ និងបន្ត១៧៦ ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង។ តាម តម្រានេះ ហើយទើបក្នុងមួយឆ្នាំព្រះអាទិត្យ តែងរះលូតឡើងត្រង់តាមកំពូលកណ្តាលនៃ អង្គរវត្ត ២ដង ក្នុងមួយឆ្នាំ ជាទៀងទាត់។

សមរាត្រី ជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង២ និង២១នាទីម៉ោងសាកល ដែលត្រូវនឹងវេលា នៅស្រុកខ្មែរ នាយប់ម៉ោង៩និង២១នាទី។ ប៉ុន្តែ ព្រឹត្តិការណ៍នៃព្រះអាទិត្យរះឡើងតាម និងចំ កំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតឡើង នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃបន្ទាប់ ពោលគឺ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

ជាសង្ខេបមកវិញ ការរះឡើងនៃព្រះ- អាទិត្យ តាមនិងចំលើកំពូលកណ្តាលរបស់អង្គរ- វត្តមិនមែនជារឿងចៃដន្យ ឬជាអព្ភូតហេតុនោះ ទេ តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាង ត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរ នាសម័យអង្គរ”។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ មុនមានបាតុភូតថ្ងៃរះចំ កណ្តាលកំពូលប្រាសាទអង្គរនេះដែរ លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ និងមន្ត្រីរាជការ ព្រមទាំងថ្នាក់ដឹកនាំខេត្តសៀម- រាប បានអញ្ជើញចូលរួមក្នុងពិធីបួងសួងនៅ បរិវេណប្រាសាទអង្គរវត្ត នៃទឹកដីខេត្តសៀមរាប សុំសុខសន្តិភាពដល់ប្រទេសកម្ពុជា ផងដែរ”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES