ភ្នំពេញ ៖ អង្គការសង្គមស៊ីវិល សហជីព តាមរយៈញត្តិមួយគ្រោងនឹងស្នើដល់រាជរដ្ឋាភិបាលផ្តល់ទីតាំងសាធារណៈនៅទីរួមខេត្តពីរ គឺខេត្តព្រះសីហនុនិងខេត្តកែប ដើម្បីរំលឹកការចងចាំព្រឹត្តិការណ៍នៃការបាក់រលំអគារនៅខេត្តទាំងពីរនេះ បន្ទាប់ពីមានការបាក់រលំអគារនារយៈពេល៦ខែចុងក្រោយនេះ បណ្តាលឱ្យជីវិតមនុស្សរាប់សិបនាក់ស្លាប់ និងរបួស។
ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នេះ លោកឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា CENTRAL បានអះអាងថា បំណងនៃការ សាងសង់ស្តូបនេះគឺធ្វើឡើងដើម្បីជាការក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យមានការចងចាំនូវករណីបាក់រលំអគារទាំងនេះ ហើយធ្វើយ៉ាងណាការពារកុំឱ្យករណីបែបនេះ កើតឡើងបន្តទៀត។ លោកសង្ឃឹមថា រាជរដ្ឋាភិបាលនឹងផ្តល់ទីតាំងមួយសមរម្យក្នុងការសាងសង់ស្តូបទាំងពីរនេះ។

ទោះបីយ៉ាងណា ជាការឆ្លើយតបលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មិនចាំបាច់មានការសាងសង់ស្តូបរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារការរលំអគារនោះទេ។
លោកផៃ ស៊ីផាន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ថា “សំណើសាងសង់ស្តូបជានិម្មិតរូបនៃជនរងគ្រោះដោយសារការបាក់រលំអាគារសំណង់ ដែលស្នើដោយអង្គការសង្គមស៊ីវិល ដើម្បីរំលឹកការចងចាំគឺមិនចាំបាច់ ដោយហេតុថា ទាំងប្រមុខរាជរដ្ឋាភិបាល សម្តេចហ៊ុន សែន ទាំងសប្បុរសជនបានយកចិត្តទុកដាក់បំភ្លឺ និងដោះស្រាយជូនជនរងគ្រោះរួចរាល់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញជំហរនៃការអនុវត្តច្បាប់សំណង់ ដែលទើបចូលជាធរមានឱ្យមានប្រសិទ្ធភាព។ ដូច្នេះស្តូបគ្រាន់តែជានិម្មិតរូបនៃព្រឹត្តិការណ៍តែប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលបានបង្ហាញសកម្មភាពជាក់ស្តែង និងសមិទ្ធផលជាសកល និងយូរអង្វែង”។

គួរបញ្ជាក់ថា ក្នុងញត្តិរបស់អង្គការសង្គមស៊ីវិល សហជីព ដែលគ្រោងដាក់ទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល រួមមាន៧ចំណុច ដូចជា ៖ការស្នើសុំឱ្យមានការផ្អាកជាបន្ទាន់នូវគម្រោងសាងសង់ ដែលរកឃើញថាមិនមានច្បាប់អនុញ្ញាត និងសាងសង់ខុសស្តង់ដារ។
ជំរុញឱ្យមានការចុះធ្វើអធិការកិច្ចការងារជាប្រចាំឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ដើម្បីពិនិត្យមើល លក្ខខណ្ឌសុវត្ថិភាពនិងបទដ្ឋានការងាររបស់កម្មករសំណង់ និងធ្វើការចុះបញ្ជីក្រុមហ៊ុនសាងសង់។
ផ្តល់សំណងការខូចដល់ជនរងគ្រោះឱ្យបានសមរម្យ រួមទាំងអ្នករស់នៅក្នុងបន្ទុក គ្រួសារជនរងគ្រោះ។
ស្រាវជ្រាវរកអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោស ទៅតាមច្បាប់។ និងជំរុញឱ្យមានការផ្តល់កន្លែងស្នាក់នៅសម្រាប់កម្មករនិយោជិតស្នាក់នៅក្រៅការដ្ឋានសំណង់។
ក្នុងនោះសង្គមស៊ីវិលដែលធ្វើការផ្នែកការពារសិទ្ធិកម្មករ ក៏ផ្តោតសំខាន់លើការជំរុញឱ្យរាជរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងចំពោះសំណង់ខុសច្បាប់ និងស្វែងរកមន្ត្រីដែលពាក់ព័ន្ធនឹងករណីបាក់រលំអគារនៅខេត្តកែប មកទទួលខុសត្រូវតាមផ្លូវច្បាប់។
លោកសុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (Building and Wood Workers Trade Union Federation of Cambodia ឬហៅកាត់ថា BWTUC) បានលើកឡើងថា ការបាក់រលំអគារជាច្រើនដងនៅប្រទេសកម្ពុជា រួមជាមួយការកើនឡើងនូវចំនួនអគារដែលកំពុងបន្តសាងសង់ដោយមិនមានច្បាប់កំពុងបង្ហាញកម្សោយនៃអនុវត្តច្បាប់ ពាក់ព័ន្ធនឹងការត្រួតពិនិត្យសំណង់។
ជាមួយគ្នានោះដែរ លោកស៊ូ ឆ្លូញ អនុប្រធានសហព័ន្ធ BWTUC ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលផ្អាករាល់សំណង់អគារផ្សេងៗទៀតដែលកំពុងសាងសង់ដោយមិនមានច្បាប់ និងសាងសង់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

គួររំលឹកថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់អគារដែលកំពុងសាងសង់មួយក្នុងខេត្តកែប ដោយបណ្តាលឱ្យមនុស្សចំនួន៣៦នាក់ស្លាប់និង២៣នាក់រងរបួស។ ម្ចាស់សំណង់ត្រូវបានឃាត់ខ្លួនរួចបញ្ជូនទៅតុលាការ ប៉ុន្តែត្រូវបានតុលាការសម្រេចមិនឃុំខ្លួន ដោយដាក់ឱ្យស្ថិតនៅក្រោមលក្ខខណ្ឌមួយចំនួន ដូចជាការមិនឱ្យចាកចេញទៅក្រៅប្រទេស។
តាមច្បាប់ស្តីពីសំណង់ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ មានការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ចំពោះជនណាដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ដោយគ្មានលិខិតអនុញ្ញាត ចំពោះអ្នកសិក្សាគម្រោងប្លង់ណាដែលបានសិក្សាគម្រោងប្លង់ដោយមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងចំពោះអ្នកសាងសង់ដែលបានសាងសង់ ឬរុះរើ មិនអនុលោមតាមគម្រោងប្លង់និងតាមបទប្បញ្ញត្តិ ដែលបណ្តាលឱ្យមានរបួស ឬបណ្តាលឱ្យខូចសុខភាពអ្នកដទៃ។
មាត្រា១០១នៃច្បាប់ស្តីពីសំណង់ ចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ចំពោះអ្នកត្រួតពិនិត្យនិងបញ្ជាក់ ដែលបានបញ្ជាក់លើគម្រោងប្លង់ ឬការងារសាងសង់ ឬរុះរើថាត្រឹមត្រូវ ដែលតាមជាក់ស្តែងគម្រោងប្លង់ ឬការងារសាងសង់ ឬរុះរើនោះ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និង ,ឬតាមគម្រោងប្លង់ដែលបានអនុញ្ញាតហើយ បណ្តាលឱ្យមានរបួស ឬបណ្តាលឱ្យខូចសុខភាព ដល់អ្នកដទៃ។
មាត្រា១០៣ ចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ទៅ១០ឆ្នាំ កាលបើអំពីនេះ បណ្តាលឱ្យមានការកាត់អវយវៈ ឬនាំឱ្យមានពិការភាពជាអចិន្ត្រៃយ៍ដល់ជនរងគ្រោះ។ ហើយកាន់តែធ្ងន់ធ្ងរត្រូវផ្តន្ទាទោសពី៧ទៅ១៥ឆ្នាំ កាលបើអំពើនេះបណ្តាលឱ្យមានមនុស្សស្លាប់។

របាយការណ៍របស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៨ ស្តីពី “ឆ្ពោះទៅសម្រេចសក្តានុពលនគរូបនីយកម្ម” បញ្ជាក់ថា ប្រទេសកម្ពុជា បានប្រឈមនឹង “គុណភាពអន់ថយនៃសំណង់លំនៅដ្ឋាន និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីប្រជុំជន”។
របាយការណ៍បានបន្ថែមថា ការផ្តល់ការអនុញ្ញាតឱ្យធ្វើសំណង់នៅតែជាបញ្ហាដោយសារគោលការណ៍ “សង់ជាមុន ផ្តល់អាជ្ញាបណ្ណតាមក្រោយ”៕
កុលបុត្រ