Saturday, November 23, 2024
Homeបរិយាយធ្វើត្រូវ កុំខ្លាច!

ធ្វើត្រូវ កុំខ្លាច!

សុភាសិតសាកល១ឃ្លា ចែងថា “ធ្វើត្រូវ កុំខ្លាច!” (Do right and fear no man) មានប មានខ្លឹមសារល្អណាស់ សម្រាប់ អប់រំមនុស្សគ្រប់ជាតិសាសន៍ ឱ្យហ៊ានប្រឈមមុខនឹងឧបសគ្គគ្រប់ជំពូក ខណៈដែលខ្លួនកំពុងបំពេញការងារអ្វីមួយតាមផ្លូវ ត្រូវ។ បើដឹងថាខ្លួនធ្វើត្រូវហើយ បែរជាខ្លាចឧបសគ្គនោះ អាចនឹងបាត់បង់ការគាំទ្រ ឬផលប្រយោជន៍ជាអាយុជីវិតជាតិ មាតុភូមិមិនខាន បើសិនជាសកម្មភាពនោះជាកិច្ចការនយោបាយ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃ នេះ…។

នៅក្នុងជីវភាពរបស់មនុស្សគ្រប់ជាតិសាសន៍ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ តែងដើរតាមផ្លូវខុស និងផ្លូវត្រូវ ចៀសមិនរួចឡើយ។ ផ្លូវខុស សំដៅដល់អំពើអយុត្តិធម៌ ទុច្ចរិត ពុករលួយ លុះទៅក្នុងអបាយមុខ និងលោភៈ ទោសៈ មោហៈ ដែលផ្លូវនេះរមែងនាំមំនុស្សធ្វើខុសឱ្យធ្លាក់ដល់បាតសង្គមក៏សឹងមាន។ រីឯផ្លូវត្រូវ សំដៅដល់អំពើយុត្តិធម៌ សុចរិត ភាពស្អាតស្អំ មិនលុះទៅក្នុងអបាយមុខទាំង៤ ប្រកាន់ខ្ជាប់ខ្ជួននូវគុណធម៌ បញ្ចសីលា ជាដើម។ អ្នកធ្វើខុស ឬដើរផ្លូវខុស ចាំបាច់ត្រូវតែកែខ្លួនវៀរចាកអំពើអាក្រក់ ពោលគឺត្រូវតែខ្លាចបាបកម្ម ប៉ុន្តែ សម្រាប់អ្នកធ្វើត្រូវ ដើរតាមមាគ៌ាល្អ មិនត្រូវ ញញើតឧបសគ្គអ្វីទាំងអស់ ខណៈដែលជ័យជម្នះកំពុងរង់ចាំនៅច្រកផ្លូវខាងមុខ។

“ធ្វើត្រូវ កុំខ្លាច!” ក៏អាចយកទៅអនុវត្តក្នុងយុទ្ធសាស្ត្រនយោបាយបានដែរ ឧទាហរណ៍ បក្សប្រឆាំង បានស្នើទៅ គ.ជ.ប “ឱ្យធ្វើការរៀបចំដើម្បីសម្រួលដល់ពលរដ្ឋខ្មែរដែលមានចំនួនច្រើនសែននាក់ កំពុងធ្វើការក្នុងប្រទេសថៃ អាចចុះឈ្មោះ បោះឆ្នោតត្រឹមទឹកដីខ្មែរ ក្បែរព្រំដែន ហើយក៏អាចមកបោះឆ្នោតនៅការិយាល័យបោះឆ្នោត ជាពិសេសតាមព្រំដែនផង ដែរ” ជាងនេះទៀត បក្សប្រឆាំង ក៏បានស្នើទៅ គ.ជ.ប ឱ្យ “រៀបចំសម្រួលដល់ប្រជាពលរដ្ឋ និងមន្ត្រីជាបុគ្គលិកស្ថានទូត ខ្មែរ បានចុះឈ្មោះ និងបោះឆ្នោតយ៉ាងហោចនៅតាមស្ថានទូត និងស្ថានកុងស៊ុលខ្មែរ ប្រចាំប្រទេសទាំងឡាយនោះផងដែរ”។ ពាក្យស្នើសុំនេះត្រូវបាន គ.ជ.ប ច្រានចោល ដោយលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅបរទេស គ្មានអត្តសញ្ញាណ- ប័ណ្ណសញ្ជាតិខ្មែរ និងគ្មានចែងនៅក្នុងច្បាប់បោះឆ្នោត។ ការច្រានចោលរបស់ គ.ជ.ប ប្រហាក់ប្រហែលនឹងការលើកឡើង របស់បក្សកាន់អំណាច ដែលប្រកាសថា គ្មានច្បាប់អនុញ្ញាតឱ្យអាណិកជនខ្មែរនៅក្រៅប្រទេសចូលរួមក្នុងការបោះឆ្នោត បានឡើយ។ ដោយឡែក ករណីលោកសម រង្ស៊ី និងលោកកឹម សុខា ដែលតុលាការដាក់ពិរុទ្ធភាពនោះ ក៏គ្មានសិទ្ធិចូលរួម ក្នុងការបោះឆ្នោត ឬឈរឈ្មោះឱ្យគេបោះឆ្នោតដែរ។ ស្របគ្នានេះដែរ លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានស្នើ គ.ជ.ប លុបឈ្មោះជនជាតិវៀតណាម ពីបញ្ជីបោះឆ្នោត ឯ គ.ជ.ប បញ្ជាក់ថា បញ្ជីឈ្មោះបោះឆ្នោតថ្មីនឹងគ្មាន ជនជាតិរៀតណាមទេ។

ពាក់ព័ន្ធនឹងបរិបទខាងលើនេះ ក៏មានតាៗញៀនកាហ្វេមួយចំនួន បានយកទៅជជែកគ្នាក្លាយជាទម្លាប់ទៅហើយ។ ជាក់- ស្តែង កាលពីម្សិលមិញ នៅក្នុងហាងកាហ្វេមួយកន្លែងក្បែរស្ថានទូតចិន តាញៀនកាហ្វេម្នាក់ មាននិន្នាការប្រឆាំង បាន និយាយថា “បក្សកាន់អំណាច មិនគួរខ្លាចអាណិកជនខ្មែរនៅបរទេសមិនឱ្យបោះឆ្នោតនោះទេ គួរតែសម្រួលយ៉ាងណាឱ្យ ពួកគាត់បានបោះឆ្នោតផង ព្រោះសម្តេចហ៊ុន សែន បានថ្លែងថា កាលលោកហ៊ុន ម៉ាណែត ជាកូនទៅអាមេរិក កាណាដា ក៏មានអាណិកជនខ្មែរ ទៅទទួលស្វាគមន៍លោកមួយកន្លែងៗ ប្រហែល៥០០នាក់ ឯអ្នកធ្វើបាតុកម្មប្រឆាំងលោកហ៊ុន ម៉ាណែត មានប្រហែល៣០នាក់ប៉ុណ្ណោះ។ បើអ៊ីចឹងខ្លាចអី! សម្របសម្រួលយ៉ាងណាឱ្យអាណិកជនខ្មែរនៅក្រៅប្រទេស បានបោះឆ្នោត ផងទៅ ព្រោះច្បាប់បោះឆ្នោតអាចកែបានតើ!”។ តាម្នាក់ទៀត គាំទ្របក្សកាន់អំណាច និយាយថា “បក្សខ្ញុំមិនខ្លាចទេ តែ មុននឹងធ្វើអ្វី ត្រូវពិចារណាដែរ បើកែច្បាប់ឱ្យអាណិកជនបោះឆ្នោតបាននោះ ក្រែងពិបាកគ្រប់គ្រង!” តាញៀនកាហ្វេម្នាក់ ទៀត មិនស្គាល់និន្នាការ បាននិយាយថា “មេបក្សអំណាចខ្មែរ ដែលស្នើឱ្យប្រយ័ត្នជនជាតិវៀតណាម ចូលបោះឆ្នោតនោះ មកពីបារម្ភថា ជនជាតិវៀតណាមទាំងអស់ បោះឆ្នោតឱ្យបក្សប្រជាជនកម្ពុជា។ តាមពិតជនជាតិវៀតណាម មានពួកសេរី ស្រឡាញ់របបធីវគី និងពួកកុម្មុយនិស្តស្រឡាញ់ហូ ជីមិញ អ៊ីចឹង បើជាយួនសេរី គេបោះឱ្យបក្សណាដើរតាមអាមេរិក បើ យួនកុម្មុយនិស្ត គេបោះឱ្យបក្សណាដើរតាមវៀតណាម កុំស្មានថា វៀតណាមទាំងអស់បោះឆ្នោតឱ្យតែគណបក្សប្រជាជន កម្ពុជា នោះ”។ ចំណែកតាម្នាក់ទៀតមិនស្គាល់និន្នាការដែរ បាននិយាយថា “មុនពេលបោះឆ្នោតអាណត្តិទី៥ ពេលឃើញ កម្មកររាប់ម៉ឺននាក់ ទៅទទួលដំណើរលោកសម រង្ស៊ី គេស្មានថា កម្មករច្បាស់ជាបោះឆ្នោតឱ្យបក្សប្រឆាំង ប៉ុន្តែ សម្រាប់ មណ្ឌលរាជធានីភ្នំពេញ ថ្ងៃបោះឆ្នោតនោះ កម្មករ កម្មការិនី ចុះទៅបោះឆ្នោតឯស្រុកកំណើត ស្ទើរគ្មានសល់ រហូតស្ងាត់ បន្ទប់ជួល ឃើញនៅសល់តែអ្នកមានៗ ឧកញ៉ា មន្ត្រីរាជការ ឧត្តមសេនីយ៍ ដឹងអី! ស្រាប់តែបក្សប្រឆាំងឈ្នះឆ្នោត នៅ មណ្ឌលភ្នំពេញ?”។

ការលើកឡើងខាងលើនេះ ស្តែងឱ្យឃើញថា យុទ្ធសាស្ត្រនយោបាយ តែងមានខុស និងត្រូវ ចៀសមិនរួចឡើយ ដូច្នេះ បើបក្សកាន់អំណាច ឬរដ្ឋាភិបាល យល់ថា ការដឹកនាំប្រទេសសព្វថ្ងៃ កំពុងដើរលើផ្លូវត្រូវ ផ្លូវសន្តិភាព ផ្លូវអភិវឌ្ឍន៍នោះ មិនត្រូវខ្លាចអ្វីទេ។ ករណីបក្សប្រឆាំង ស្នើឱ្យអាណិកជន ក៏ដូចជាពលករ ពលការិនីខ្មែរ នៅក្រៅប្រទេស បានចូលរួមក្នុង ការបោះឆ្នោតនោះ មានរឿងអីគួរខ្លាច បើសព្វថ្ងៃប្រជាពលរដ្ឋមើលឃើញនឹងភ្នែកថា កម្ពុជា កំពុងមានសុខសន្តិភាពពិតៗ ឥតក្លែងបន្លំនោះ? ម៉្យាងទៀត បើលោកសួន សេរីរដ្ឋា ស្នើទប់ស្កាត់ជនជាតិវៀតណាម មិនឱ្យបោះឆ្នោតនោះ ក៏មិនត្រូវ ខ្លាចដែរ ព្រោះវាមានវៀតណាមសេរី បោះឆ្នោតឱ្យបក្សប្រឆាំង ដែរតើ? ឯរឿងអង្គការ Global Witness ចេញរបាយ- ការណ៍ស្តីពី “អាណាចក្រជំនួញត្រកូលហ៊ុន” ក្នុងន័យបន្ទាបកិត្តិយសបក្សកាន់អំណាច មានរឿងអីដែលត្រូវខ្លាចប៉ះពាល់ដល់ សន្លឹកឆ្នោតនោះ ព្រោះអ្នកគាំទ្របក្សកាន់អំណាចថា អ្នកណាក៏មានសិទ្ធិធ្វើការរកស៊ីតាមជំនាញ កុំតែប្លន់គេ។

ដូច្នេះយើងឃើញថា បើ “ធ្វើត្រូវ កុំខ្លាច!” ពោលគឺ អ្នកដើរតាមផ្លូវត្រូវ ដូចព្រះពុទ្ធអង្គ ជាដើម ទោះជាពួកទមិឡ អត់សាសនា តាមព្យាបាទយ៉ាងណា ក៏ព្រះអង្គនៅតែយាងទៅមុខតាមមាគ៌ា “មជ្ឈិមបដិបទា” រហូត។ បក្សកាន់អំណាច មិនត្រូវញញើតមេដឹកនាំបក្សប្រឆាំង រហូតដល់រុញខ្ទប់ជញ្ជាំង មិនឱ្យចូលរួមក្នុងការបោះឆ្នោត ឬដាក់បេក្ខភាពឱ្យគេបោះ- ឆ្នោត តាមរយៈការប្តឹងផ្តល់ចោទប្រកាន់ឱ្យក្លាយជាទណ្ឌិតនោះឡើយ។ បានន័យថា បើប្រជាពលរដ្ឋមើលឃើញថា លោក សម រង្ស៊ី និងលោកកឹម សុខា បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរពិតមែននោះ គ្មានអ្នកណាបោះឆ្នោតឱ្យទេ ដូច្នេះ បើបក្សកាន់- អំណាច បើកផ្លូវឱ្យមេបក្សប្រឆាំងទាំងពីររូបនោះ បានចូលប្រឡូកក្នុងការបោះឆ្នោត បង្ហាញថា “បក្សកាន់អំណាចធ្វើ ត្រូវ”។ ការងារអ្វីក៏ដោយ ដូចជាការធ្វើជំនួញជាដើម បើឈ្មួញនោះរកស៊ីតាមសម្មាអាជីវោ មានការដឹកទំនិញស្របច្បាប់ បង់ពន្ធត្រឹមត្រូវ មិនត្រូវខ្លាចគយ ប៉ូលិស ប៉េអឹម ស្ទាក់ផ្លូវនោះទេ។ ចំណែកមេភូមិ មេឃុំ ដែលដឹកនាំពលរដ្ឋកសាងស្ពាន ស្តារប្រឡាយ ចេះតែធ្វើទៅ មិនត្រូវខ្លាចអ្នកមានលុយ មានអំណាចទៅរំលោភយកដីប្រឡាយនោះទេ។

សរុបទៅ “ធ្វើត្រូវ កុំខ្លាច!” គឺមានន័យយ៉ាងនេះឯង តម្រូវឱ្យមនុស្សគ្រប់រូប ជាពិសេសអ្នកនយោបាយ យកទៅអនុវត្ត ដើម្បីទទួលបានជោគជ័យ។ បើយើងធ្វើត្រូវ បែរជាខ្លាចនោះ អាចឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា មកពីយើងធ្វើខុស បានជាមិនហ៊ានប្រឈមនឹងឧបសគ្គរាំងមុខ។ ហេតុនេះ អ្នកនយោបាយគ្រប់រូប គ្រប់និន្នាការ ដែលកំពុងដើរយុទ្ធសាស្ត្រនោះ បើដឹងថាខ្លួនកំពុងធ្វើត្រូវ ដើម្បីប្រយោជន៍ជាតិពិតប្រាកដ កុំញញើតនឹងសំណូមពរ ឬគំនាបពីភាគីម្ខាង ព្រោះបើញញើត ច្បាស់ជាបាត់បង់ផលប្រយោជន៍មិនខានឡើយ”។

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES