Tuesday, April 30, 2024
Homeព័ត៌មានជាតិទៅគ្រូខ្មែរគ្រវីក្បាល បង្ហួសទៅកាន់មន្ទីរពេទ្យ បានត្រឹមដឹកមកផ្ទះវិញធ្វើបុណ្យ

ទៅគ្រូខ្មែរគ្រវីក្បាល បង្ហួសទៅកាន់មន្ទីរពេទ្យ បានត្រឹមដឹកមកផ្ទះវិញធ្វើបុណ្យ

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានដើរឆ្លុះសត្វនៅក្នុងព្រៃជាមួយអ្នកភូមិ ស្រាប់តែគាប់ជួនត្រូវពស់ពិស១ក្បាលចឹកបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវក្រុមគ្រួសារដឹកតាមម៉ូតូទៅរកគ្រូខ្មែរ តែដឹកទៅដល់គ្រូខ្មែរដាក់ថ្នាំអត់ចូល ឃើញភាពធ្ងន់ខ្លាំងពេកក៏ដឹកបង្ហួសទៅកាន់មន្ទីរពេទ្យ តែអកុសលយឺតពេលទៅហើយ ដោយជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចត្រពាំងព្រៃចុងបុស្ស ចម្ងាយ៣គីឡូម៉ែត្រ ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក។

យុវជនរងគ្រោះដែលត្រូវពស់ពិសចឹកស្លាប់ មានឈ្មោះយី ទាប អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះនិងឈ្មោះប៊ិន រ៉ាន រស់នៅភូមិជាមួយគ្នាបាននាំគ្នាចេញទៅរកឆ្លុះសត្វនៅត្រង់ចំណុចខាងលើ។

ស្រាប់តែមកដល់វេលាម៉ោង៨យប់ថ្ងៃដដែល ជនរងគ្រោះក៏ត្រូវពស់ស្រកាចាស់ចឹក ខណៈនោះឈ្មោះប៊ិន រ៉ា ក៏ដឹកជនរងគ្រោះតាមម៉ូតូទៅរកគ្រូខ្មែរនៅភូមិកន្ទួត តែទៅដល់គ្រូខ្មែរបង្អកថ្នាំមិនចូល ក៏ហៅបងប្អូនជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES