ខេត្តបាត់ដំបង ៖ បុរស ១ក្រុម បានជុំគ្នាលេងល្បែងស៊ីសង (បៀ) ទៀងលេន លុះក្រោយមក បុរសម្នាក់លេងខូចគេ ចាញ់គេ សល់ហាយ ដល់ទៅ២ បែរជាព្យាយាមលាក់ មិនព្រមឱ្យដៃគូឆែក ធ្វើឱ្យកើតជាជម្លោះ ឈានដល់អំពើហិង្សា ដោយបុរសជាអ្នកលេងខូច ខឹងគេទារឆែកបៀ ក៏បានទាញដុំថ្មវាយក្បាលគេ ធ្វើឱ្យគូទំនាស់ខឹង ក៏ទាញកូនកន្ត្រៃ ចាក់ស្លាប់នៅក្នុងវង់ល្បែង ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ។ករណីអំពើឃាតកម្ម ចាក់សម្លាប់គ្នាក្នុងវង់ល្បែងស៊ីសងនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅម្តុំស្ថានីយរថភ្លើង ស្ថិតក្នុងភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ ដំបង។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរឿន មករា ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិអូរតាគាំ២ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះ វណ្ណា ឆើត ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។
តាមរបាយការណ៍របស់អធិការក្រុងបាត់ដំបង បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះវណ្ណា ឆើត ត្រូវជនដៃដល់ ចាក់ចំដើមទ្រូង ១កន្លែង បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តែប្រហែលមួយម៉ោងក្រោយ ជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ តាមចាប់ខ្លួនបានភ្លាមៗដែរ។
លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា អំពើហិង្សាដ៏ឃោរឃៅរហូតបណ្តាលឱ្យមនុស្សស្លាប់នេះ គឺផ្តើមចេញពីរឿងលេងល្បែងស៊ីសង (បៀ)។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ជនដៃដល់ បានចាក់ជនរងគ្រោះ ដោយប្រើកន្ត្រៃ ហើយផ្តើមដោយជនរងគ្រោះលេងខូច ដោយពួកគេលេងបៀ ដាក់លុយ (ទៀងឡេន ) ពេលនោះជនរងគ្រោះ លេងចាញ់ ហើយសល់ហាយរហូត ដល់ទៅ២ ហើយព្យាយាមលាក់ មិនឱ្យជនដៃដល់មើលទេ ព្រោះខ្លាចត្រូវសងលុយច្រើន ខណៈជនដៃដល់ ចេះតែទាមទារសុំមើល ប្រទាញប្រទង់គ្នា រហូតក្លាយជាអំពើហិង្សាតែម្តង។
ប្រភពដដែល បន្តថា ព្រោះតែខឹងជនដៃដល់ទាញសន្លឹកបៀរយកទៅឆែកមើល រហូតប្រតាយប្រតប់គ្នា ជនរង គ្រោះខឹង ក៏ទាញដុំថ្ម វាយក្បាលជនដៃដល់ ត្រូវ២កន្លែង ហើយជនដៃដល់ ក៏ស្ទុះទៅទាញកូនកន្ត្រៃ ចាក់ជន រងគ្រោះ ត្រូវក្បែរដើមទ្រូង ធ្វើឱ្យជនរងគ្រោះ ចុកប្រកាច់ ដួល ស្លាប់ភ្លាមៗតែម្តង។

ក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ ជនសង្ស័យឈ្មោះ រឿន មករា បានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់ឈ្មោះឆើត មែន ដោយសារខឹងឈ្មោះឆើត នេះលេងខូច សល់ហាយ លាក់មិនឱ្យគេដឹង ហើយថែមទាំងមិនឱ្យខ្លួនឆែកមើលទៀត។
ជនសង្ស័យ បាននិយាយប្រាប់សមត្ថកិច្ចថា ពេលខ្លួនឆែកសន្លឹកបៀ ក៏មានការប្រតាយប្រតប់គ្នា ស្រាប់តែឈ្មោះឆើត បានទាញដុំថ្ម មកវាយក្បាលខ្លួន ទើបខ្លួនទាញកូនកន្ត្រៃ ចាក់តែសងវិញម្តង។

ជនដៃដល់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕