ស្ថានតំណាងពាណិជ្ជថៃ នៅរាជធានីភ្នំពេញ អគ្គនាយកដ្ឋានជុំរុញពាណិជ្ជករអន្ដរជាតិនៃក្រសួងពាណិជ្ជកម្មថៃ បានរៀបចំកម្មវិធីផ្សព្វផ្សាយ ម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ២០២០ (Thai Food & Beverage Festival 2020) នៅផ្សារម៉ាក្រូ សែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនាឆ្នាំ២០២០ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១០យប់។

កម្មវិធីផ្សព្វផ្សាយនេះប្រារព្ធធ្វើឡើងរយៈពេល៨ថ្ងៃ នឹងផ្ដល់ឱកាសឲ្យបងប្អូនអាចរីករាយជាមួយការទិញផលិតផលថៃ ភេសជ្ជៈថៃ និងគ្រឿងទេសថៃជាច្រើនមុខ ជាមួយការបញ្ចុះតម្លៃយ៉ាងពិសេសបំផុត ហើយថែមទាំងអាចទស្សនាការចម្អិន និងភ្លក្សម្ហូបថៃឆ្ងាញ់ៗពីភោជនីយដ្ឋានដែលទទួលបានស្លាកសញ្ញាបញ្ជាក់គុណភាពមុខម្ហូបពីថៃ Thai Select ថាជាភោជនីយដ្ឋានដែលមានម្ហួបថៃឈ្ងុយឆ្ងាញ់ផងដែរ។

កាន់តែចំណេញនោះ សម្រាប់រាល់ការចំណាយចាប់ពី១០ដុល្លារឡើងទៅ ក្នុងការជាវទំនិញថៃនានាដែលបានចូលរួមក្នុងកម្មវិធីនេះនឹងទទួលបានឆ្នោតផ្សងសំណាង១សន្លឹក ដែលនឹងមានការចាប់ឆ្នោតផ្សងសំណាងផ្ដល់រង្វាន់ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង៦ល្ងាច ក្នុងកម្មវិធីផ្សព្វផ្សាយនេះ ដែលក្នុងនោះរង្វាន់មានជាសម្ភារៈប្រើប្រាស់ជាច្រើនមុខផងដែរ។

លោកជីវ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ បានមានមានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយម្ហូបអាហារ និងភេសជ្ជៈគឺជាកម្មវិធីជំរុញការលក់ទំនិញម្ហូបអាហារ និងភេសជ្ជៈថៃ (Thai Food and Beverage Festival 2020) នៅផ្សារម៉ាក្រូ សាខាភ្នំពេញ នេះ ដើម្បីបើកឱកាសឲ្យប្រជាជនកម្ពុជាបានទិញទំនិញដែលមានគុណភាពល្អក្នុងតម្លៃសមរម្យ ហើយក៏បានជួយជំរុញការពង្រីកទីផ្សារទំនិញថៃដោយនាំយកទំនិញម្ហូបអាហារ និងភេសជ្ជៈ រួមទាំងសម្ភារៈវេចខ្ចប់ម្ហូបអាហារ ដែលមានដាក់លក់សា្រប់នៅផ្សារម៉ាក្រូ ដើម្បីរៀបចំកម្មវិធីជំរុញការលក់ ដោយរួមទាំងអស់មានចំនួន៥០ម៉ាកឬ១៦ស្ដង់។

ក្នុងនោះមានអាហារស្ងួត១២ស្ដង់, ផ្លែឈើ ទឹកដោះគោ និងសាច់ក្រក៣ស្ដង់ និងសម្ភារៈសម្រាប់វេចខ្ចប់ម្ហូបអាហារ១ស្ដង់ ផងដែរ៕

