Friday, March 29, 2024
Homeសន្ដិសុខសង្គមប្តីវ៉ៃកូនស្រីសន្លប់ ប្រពន្ធចូលឃាត់ សំពងបែកក្បាល

ប្តីវ៉ៃកូនស្រីសន្លប់ ប្រពន្ធចូលឃាត់ សំពងបែកក្បាល

ភ្នំពេញ៖ បុរសជាឪពុកចុងម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងជោក ក៏ស្តីប្រដៅកូនស្រី ដោយ ប្រើសម្តីអសុរោះ មិនអាចទទួលយកបាន ទើប កូនស្រីតបតវិញ២-៣ម៉ាត់ ទើបកើតជាជម្លោះ តឹងសរសៃកដាក់គ្នា រហូតដល់បុរសជាឪពុកចុង ទប់កំហឹងមិនបាន ក៏ស្ទុះទៅវាយកូនស្រីបណ្តាល ឱ្យប៉ោងមុខសន្លប់ស្តូកស្តឹង លុះស្ត្រីជាម្តាយចូល ទៅជួយឃាត់ ក៏ត្រូវប្តីកំណាចវាយបណ្តាលឱ្យ បែកក្បាលថែមម្នាក់ទៀត ទើបសាច់ញាតិសម្រេចប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួន យក ទៅចាត់ការតាមច្បាប់។

ករណីឪចុងស្រវឹងវាយប្រពន្ធនិងកូនស្រី  សន្លប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចផ្ទះលេខ៥១ ផ្លូវលេខ២០០ ក្រុម១ ភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កហេតុដែលផឹកស្រាស្រវឹងប្រើអំពើ ហិង្សាក្នុងគ្រួសារនេះ មានឈ្មោះសំ កុល អាយុ ៤៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅ ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។ ចំណែកកូនស្រីដែលរងរបួសប៉ោងមុខរហូតដល់សន្លប់ មានឈ្មោះខន ណាវី អាយុ ២៧ឆ្នាំ មុខរបរនៅផ្ទះ ដោយឡែកស្ត្រីជាម្តាយ មានឈ្មោះថូ ទូច អាយុ៤៧ឆ្នាំ រងរបួសត្រង់ ក្បាល។ ក្រុមគ្រួសារមួយនេះ ស្នាក់នៅជុំគ្នា ក្នុងផ្ទះកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីឈ្មោះថូ ទូច ត្រូវជា ប្រពន្ធជនបង្កហេតុ បានរៀបរាប់ប្រាប់ថា ពីមុន  គាត់មានប្តីម្តងរួចមកហើយ និងមានកូនស្រីម្នាក់ ឈ្មោះខន ណារី សព្វថ្ងៃអាយុ២៧ឆ្នាំហើយ តែក្រោយមក បន្ទាប់ពីបែកបាក់ជាមួយប្តីមុន គាត់ក៏ទទួលយកជនបង្កជាប្តីទី២ និងបានចាប់ ដៃគ្នាប៉ុន្មានឆ្នាំមកហើយ ដោយរស់នៅជុំគ្នា ៣នាក់កូនស្រី។ នៅរដូវភ្ជុំនេះ គាត់បានដេញ ប្តីឱ្យទៅស្រុកកំណើតដែរ តែប្តីមិនព្រមទៅ សោះ សុខចិត្តសំងំ សំកុកនៅផ្ទះ ផឹកតែស្រា ស្រវឹងធ្លាក់ភ្នែក រាល់ថ្ងៃ។

sdfddfssd

ប្រភពដដែលបន្តថា នៅមុនពេលកើត ហេតុ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ប្តីរបស់គាត់ (ជនបង្កហេតុ) បានទិញស្រាថ្នាំ១លីត្រកន្លះ មកអង្គុយ ផឹកនៅលើផ្ទត្ទែះម្នាក់ឯងរហូតដល់ស្រវឹងជោក លុះដល់ម៉ោង៩យប់ថ្ងៃដដែល ខណៈដែលកំពុង ស្រវឹងបើកភ្នែកមិនចង់រួច ប្តីនេះក៏មកស្តីប្រដៅ កូនស្រីនិងគាត់ជាប្រពន្ធ ដោយប្រើពាក្យសម្តី អសុរោះមិនគប្បីជាច្រើន រហូតដល់កូនស្រីគាត់ ទ្រាំមិនបាន យល់ថា ឪចុងប្រើសម្តីមិនសមរម្យ ជាចាស់ទុំ ក្នុងការស្តីប្រដៅប្រពន្ធកូន ទើបនាង តបតវិញ២-៣ម៉ាត់ ស្រាប់តែធ្វើឱ្យឪចុងផ្ទុះ កំហឹង ចោទថា កូនស្រីមើលងាយខ្លួន ក៏ស្ទុះ ទៅវាយកូនស្រីចំមុខ បណ្តាលឱ្យប៉ោងមុខ និង សន្លប់បាត់មាត់បាត់ក។ ភ្លាមនោះ គាត់ជាម្តាយ ឃើញប្តីវាយកូនស្រីបែបនេះ ក៏ស្ទុះចូលទៅឃាត់ ស្រាប់តែត្រូវប្តីប្រមឹក វាយទាំងគាត់ទៀត បណ្តាលឱ្យរងរបួសត្រង់ក្បាល។

ក្រោយកើតហេតុ អ្នកជិតខាងបាននាំគ្នាចូលទៅជួយឃាត់ រួចប្រញាប់ដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីព្យាបាល ។ បន្ទាប់មក ក្រុមគ្រួសារទ្រាំនឹងទង្វើ ហិង្សារបស់ជនបង្កហេតុជាឪពុកចុងលែងបាន  ក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យចុះចាប់ឃាត់ខ្លួនឪពុកចុងចិត្តកំណាចយកទៅសាកសួរ តែម្តង។

ជនបង្កហេតុត្រូវបានសមត្ថកិច្ចចុះឃាត់ ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំង រួចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន- ជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES