ភ្នំពេញ ៖ បក្សនយោបាយ បានស្នើរាជរដ្ឋាភិបាល ជាពិសេសអគ្គិសនីកម្ពុជា បញ្ចុះតម្លៃអគ្គិសនី និងដោះស្រាយប្រតិកម្មប្រជាពលរដ្ឋ រឿង “ស៊ីភ្លើង“ បន្ទាប់ពីមួយរយៈនេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានរអ៊ូរទាំថា តម្លៃប្រេងសាំងចុះហើយ បែរជាត្រូវបង់ថ្លៃអគ្គិសនី (ភ្លើង) ទ្វេមួយជាពីរ ដោយមានភាពមិនប្រក្រតីនៃតម្លៃប្រើប្រាស់ភ្លើងអគ្គិសនី ដែលពួកគាត់សង្ស័យថា ដោយសារអគ្គិសនីកម្ពុជា “ស៊ីភ្លើង”។
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសង្កេតឃើញថា មានប្រតិកម្មមួយចំនួននៃភាពមិនប្រក្រតីនៃការប្រើប្រាស់ថាមពលអគ្គិសនីតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយបរិមាណប្រើប្រាស់សម្រាប់ខែមីនា បានកើនឡើងប្រមាណជិត២ដង បើធៀបនឹងខែកុម្ភៈ ឆ្នាំនេះ។
ការនេះធ្វើឱ្យមានការកើនដល់បន្ទុកចំណាយក្នុង ខណៈដែលចំណូលរបស់ប្រជាពលរដ្ឋ កំពុងធ្លាក់ចុះដោយមូលហេតុនៃវិបត្តិ Covid-19។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើសុំទៅរាជរដ្ឋាភិបាល ធ្វើការអង្កេត និងបំភ្លឺចំពោះរឿងនេះជូនដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
ជាមួយនេះផងដែរ គ.ប.ម ស្នើសុំរាជរដ្ឋាភិបាល ពិចារណាបញ្ចុះតម្លៃអគ្គិសនី ដើម្បីជួយសម្រាលបន្ទុកចំណាយដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ដោយសារតែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកំពុងតែជួបប្រទះការលំបាកខ្លាំង បណ្តាលមកពីវិបត្តិ Covid-19។
យើងយល់ឃើញថា ការផ្គត់ផ្គង់ភ្លើង អគ្គិសនី និងទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ជាពិសេស ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋកំពុងជួបវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពី Covid-19”។
ជាមួយគ្នានោះដែរ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តីអំពាវនាវឱ្យរាជរដ្ឋាភិបាល ដោះស្រាយបញ្ចុះតម្លៃអគ្គិសនីផងដែរ។
សេចក្តីអំពាវនាវរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ចុះថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មានខ្លឹមសារថា “គណបក្សខ្មែរស្រឡាញ់ជាតិ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ពិនិត្យនិងដោះស្រាយបញ្ចុះតម្លៃថាមពលអគ្គិសនីនាពេលបច្ចុប្បន្ននេះ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងតែរងនូវផលប៉ះពាល់ និងការធ្លាក់ចុះចំណូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
គណបក្សខ្មែរស្រឡាញ់ជាតិ មើលឃើញតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ កំពុងតែធ្លាក់ចុះយ៉ាងគំហុកនៅក្នុងពេលបច្ចុប្បន្ននេះ។ ការបញ្ចុះតម្លៃអគ្គិសនី ប្រយោជន៍ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្មករនិយោជិតទូទាំងប្រទេសកម្ពុជា ដែលកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩ (Covid-19) ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់រោងចក្រ សហគ្រាស សិប្បកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលបានបណ្តាលឱ្យរាំងស្ទះខ្សែចង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ប្រាក់បៀវត្សរ៍របស់កម្មករនិយោជិតជាដើម។
គណបក្សខ្មែរស្រឡាញ់ជាតិ យល់ឃើញ ថា ការបញ្ចុះតម្លៃថាមពលអគ្គិសនីនៅក្នុងពេលនេះ គឺមានភាពចាំបាច់ខ្លាំងបំផុតក្នុងការជួយទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ ការបញ្ចុះតម្លៃអគ្គិសនីនេះទៀតសោត គឺដើម្បីធានារក្សានូវខ្សែចង្វាក់ផលិតកម្ម សិប្បកម្ម ឧស្សាហកម្មបានមួយកម្រិតទៀតសម្រាប់វិស័យសេដ្ឋកិច្ចជាតិ និងឯកជន ដើម្បីជាប្រយោជន៍ដល់កម្មករនយោជិត និងប្រជាពលរដ្ឋខ្មែរ។
គណបក្សខ្មែរស្រឡាញ់ជាតិ ស្នើសុំរាជរដ្ឋាភិបាល ពិនិត្យនិងពិចារណាក្នុងការបញ្ចុះតម្លៃអគ្គិសនី ដើម្បីបង្ការទប់ស្កាត់បញ្ហាធ្លាក់ចុះចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងតែប្រឈមនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដ៏ធ្ងន់ធ្ងរ”។
ជុំវិញការលើកឡើងនូវប្រតិកម្មរបស់ប្រជាពលរដ្ឋ និងសំណើរបស់គណបក្សនយោបាយ សុំបញ្ចុះតម្លៃអគ្គិសនីខាងលើនេះ “នគរធំ” បានព្យាយាមសុំការបញ្ជាក់ឆ្លើយតបពីលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោកកែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជា ដែរ ប៉ុន្តែមិនបានសម្រេចទេ កាលពីម្សិលមិញ៕
កុលបុត្រ