Monday, November 25, 2024
Homeនយោបាយលុបបំបាត់មន្ត្រីស៊ីដី អតីតមេបក្សមួយ ស្នើអនុវត្តបទបញ្ជាអភិក្រមនាយករដ្ឋមន្ត្រី

លុបបំបាត់មន្ត្រីស៊ីដី អតីតមេបក្សមួយ ស្នើអនុវត្តបទបញ្ជាអភិក្រមនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ ដើម្បីលុបបំបាត់មន្ត្រីស៊ីដី ឬមន្ត្រីលោភលន់ ឃុបឃិតគ្នាជាប្រព័ន្ធ ប្លន់លួចយកដីរដ្ឋ និងដីពលរដ្ឋ ធ្វើឱ្យពលរដ្ឋទឹកភ្នែក អត់មានដីធ្វើស្រែ សង់លំនៅឋាននោះ អតីតមេបក្សមួយស្នើឱ្យអនុវត្តបទបញ្ជា និងអភិក្រមទាំង៥ របស់នាយករដ្ឋមន្ត្រី។

លោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ថា “សត្វជន្លេនវាស៊ីដី តែវាជួយធ្វើឱ្យដីផុស ដីធូរ ដីមានអុកស៊ីហ្សែន សម្រាប់មនុស្សប្រើប្រាស់ដីបង្កបង្កើនផល បានផលល្អ… តែអ្នកមានទុច្ចរិត និងមន្ត្រីស៊ីដី លោភលន់ ដែលឃុបឃិតគ្នាជាប្រព័ន្ធ ប្លន់លួចយកដីរដ្ឋ និងដីពលរដ្ឋ ធ្វើឱ្យពលរដ្ឋទឹកភ្នែក អត់មានដីធ្វើស្រែ សង់លំនៅឋាន រស់នៅមិនបាន គ្មានទឹកប្រើប្រាស់ គ្មានសាលារៀន រួចចោទចាត់ទុកពលរដ្ឋជាក្រុមក្រៅច្បាប់ អបគមន៍នោះ ពួកអ្នកអស់នេះគឺជាកោសិកាស្អុយរលួយក្នុងសង្គម ដែលរដ្ឋាភិបាល បម្រើពលរដ្ឋកើតឡើងដោយពលរដ្ឋត្រូវតែចេញវិធានការលុបបំបាត់ ពួកនេះឱ្យអស់។

ទំនាស់ដីធ្លីរ៉ាំរ៉ៃ អំពើអយុត្តិធម៌រឿងដីធ្លីគ្រប់ខេត្ត-ក្រុង ដែលធ្វើឱ្យពលរដ្ឋឈឺចាប់ទឹកភ្នែករហូតស្អប់រដ្ឋាភិបាល លែងជឿ លែងមានទំនុកចិត្តលើរដ្ឋាភិបាល គឺកើតឡើងដោយសារតែពួកអ្នកមានទុច្ចរិត និងមន្ត្រីអាងអំណាច ស៊ីដីពលរដ្ឋមិនចេះឆ្អែតអស់នេះឯង។

វិធានការ បទបញ្ជា អភិក្រមរបស់នាយករដ្ឋមន្ត្រី និងច្បាប់ការពារសិទ្ធិពលរដ្ឋម្ចាស់ដី ត្រូវយកមកអនុវត្តចាប់ពួកមន្ត្រីស៊ីដី និងអ្នកមានទុច្ចរិតដាក់ទោសឱ្យអស់ ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជាកាដូដើម្បីជូតទឹកភ្នែកជូនពលរដ្ឋរងគ្រោះនោះ ទើបទំនាស់ដីធ្លីអាចបញ្ចប់ ហើយរដ្ឋាភិបាល លែងមានឧបសគ្គក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកសួន សេរីរដ្ឋា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ថា “បើយើងក្រឡេកឃើញទៅ ទំនាស់ដីធ្លីទាំងអស់ ដែលកើតឡើងនៅក្នុងប្រទេសខ្មែរ គ្រប់ខេត្ត-ក្រុងទាំងអស់ហ្នឹង គឺមន្ត្រីចាប់ពីឋានៈក្រោមរដ្ឋមន្ត្រីមក គឺចាប់ពីរដ្ឋលេខាធិការ ចុះមកក្រោមហ្នឹង គឺថាមានមន្ត្រីច្រើនណាស់ដែលពាក់ព័ន្ធទៅនឹងការលួចបន្លំយកដីរដ្ឋ លួចបន្លំយកដីរបស់ពលរដ្ឋ ដែលធ្វើឱ្យពលរដ្ឋហ្នឹង គឺថាវេទនា។

លោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ

អ៊ីចឹងហើយបានជាយើងឃើញថា គ្រប់ក្រសួងទាំងអស់រដ្ឋមន្ត្រីដែលឡើងកាន់ថ្មី គាត់អត់អាចចាត់ការធ្វើអ្វីកើតទេ ពីព្រោះមន្ត្រីក្រោមឱវាទរបស់គាត់ទាំងអស់ហ្នឹង គឺសុទ្ធតែជាមន្ត្រីស្តេចត្រាញ់ដែលចាក់គ្រឹះជាមួយនឹងមន្ត្រីបច្ចេកទេសជាមួយនឹងមន្ត្រីជំនាញផ្សេងៗ ជាពិសេសគឺមានទំនាក់ទំនង មានឥទ្ធិពលលើមន្ត្រីសុរិយោដីខេត្ត-ក្រុង ស្រុក ខណ្ឌទាំងអស់ហ្នឹង ដែលធ្វើកិច្ចការមួយចំនួន គឺថា បន្លំភ្នែកថ្នាក់លើ។ អាហ្នឹងហើយគឺជារឿងដែលកកស្ទះ ដោះស្រាយមិនចេញនៅថ្នាក់ក្រោម ហើយដែលថ្នាក់លើអត់បានដឹងអីទេ គឺគ្រាន់តែទទួលបាននូវរបាយការណ៍បន្លំ ភូតភរមួយ ដើម្បីបង្ហាញថា រឿងក្តីនេះ វាអ៊ីចេះ វាអ៊ីចុះ ក៏ប៉ុន្តែតាមពិត គឺថាវាអត់មានអីទេ អត់មានដោះស្រាយទេ”។

លោកសួន សេរីរដ្ឋា បន្តថា “ខ្ញុំយល់ថា នៅក្នុងអភិក្រមទាំង៥ចំណុច ដែលនាយករដ្ឋមន្ត្រីបានដាក់ចេញទាំងអស់ហ្នឹង គឺថាត្រូវតែអនុវត្តទាំងអស់ តាមវិធានទី១ ទី២ ទី៣ ទី៤ ទី៥ គឺត្រូវអនុវត្តទាំងអស់ហើយបើសិនជាមន្ត្រីទាំងអស់ហ្នឹងមិនស្តាប់ទេ គឺត្រូវតែដកតំណែងគាត់ត្រូវតែបញ្ជូនគាត់ឱ្យតុលាការកាត់ទោសអ៊ីចឹងទៅ ដើម្បីព្រមានដល់មន្ត្រីផ្សេងទៀតដែលគាត់ច្រើនតែយកតួនាទីយកឋានៈរបស់គាត់ហ្នឹង គឺអត់យកទៅបម្រើពលរដ្ឋតាមតួនាទីដែលមន្ត្រីជាអ្នកបម្រើពលរដ្ឋ គឺយកតួនាទីមន្ត្រីទៅជិះជាន់ពលរដ្ឋទៅប្លនរំលោភយកដីពលរដ្ឋ ហើយកន្លែងខ្លះមិនមែនប្លន់យកដីរបស់ពលរដ្ឋគឺប្លន់យកដីរដ្ឋតែម្តង ដីបឹង ដីមេទឹក ដីសាធារណៈដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដីភ្នំអីហ្នឹង គឺថាគាត់នាំគ្នាប្លន់ឈូសឆាយយក ហើយបានគាត់រៀបចំខ្សប្រព័ន្ធរបស់គាត់មន្ត្រីសុរិយោដីហ្នឹង ឱ្យរៀបចំធ្វើប្លង់រឹងឱ្យគាត់តែម្តង។

ចំពោះបញ្ហានេះ វាធ្វើឱ្យរាស្ត្រ ធ្វើឱ្យពលរដ្ឋដែលជាម្ចាស់ដីដែលបាត់បង់ដី ដោយសារពួកអ្នកមានទុច្ចរិតដោយសារពួកមន្ត្រីហ្នឹង គឺថា គាត់ទឹកភ្នែករហេមរហាម មានទុក្ខរ៉ាំរ៉ៃរាប់ឆ្នាំមកហើយ ដោះស្រាយមិនចេញ។

រឿងខ្លះ រឿងវិបត្តិដីធ្លីនេះ មិនមែនកើតឡើងបណ្តឹងតទល់គ្នាមួយឆ្នាំ ពីរឆ្នាំទេ ម្ភៃឆ្នាំប្លាយ តាំងពីម្ចាស់ដីហ្នឹង គឺថា កូននៅតូចៗរហូតកូនកំលោះក្រមុំ ការមានកូន មានចៅទៀតហើយ ដោះស្រាយមិនទាន់ចេញផង អាហ្នឹងដោយសារអី? ដោយសារមន្ត្រីនៅខាងក្រោមហ្នឹង គឺមន្ត្រីដែលក្រោមជាតិ ហើយនិងមន្ត្រីថ្នាក់ក្រោមក្រសួងហ្នឹង គឺថា គាត់ប្រើអំណាចរបស់គាត់ជាប្រព័ន្ធ គប់គិតជាប្រព័ន្ធ ដើម្បីបិទបាំងថ្នាក់លើ”។

លោកសួន សេរីរដ្ឋា បន្តទៀតថា “ការអនុវត្តបទបញ្ជា អភិក្រមទាំងអស់នេះ ខ្ញុំគិតថា មានប្រសិទ្ធភាព ពីព្រោះហេតុអី? ពីព្រោះថា កាលណាអនុវត្តគ្រប់គ្នាទាំងអស់អ៊ីចឹងទៅ គឺជាការព្រមានដល់មន្ត្រីខូចទាំងអស់ហ្នឹង គឺឱ្យដកខ្លួនចេញពីទំនាស់ដីធ្លី ហើយបើសិនជាខ្លួនឯងកំពុងតែរំលោភ ឬក៏លួចប្លន់ដីពលរដ្ឋ លួចប្លន់ដីរដ្ឋហ្នឹង គឺថាត្រូវដកខ្លួនទៅលាងខ្លួនឱ្យស្អាត ធ្វើជាមន្ត្រីល្អទៅ អាហ្នឹងមានអនាគត ហើយក៏វាមិនប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំដែរ តែបើសិនជានៅបន្តទុកមន្ត្រីអស់ ហ្នឹងទៀត មែនទែនទៅ ពលរដ្ឋគេអត់គិតច្រើនទេ គេស្អប់ទៅដល់អ្នកដឹកនាំរដ្ឋាភិបាល ថាអ្នកដឹកនាំរដ្ឋាភិបាល គឺរដ្ឋាភិបាលហ្នឹងជាអ្នក ធ្វើឱ្យពួកគាត់ឈឺចាប់ ប៉ុន្តែការពិតគឺមន្ត្រីថ្នាក់ក្រោមទេ ដែលអត់គោរពអត់អនុវត្តតាមគោលការណ៍ច្បាប់ដែលមានជាធរមាន”។

លោកសួន សេរីរដ្ឋា បន្ថែមថា “បើសិនជាការអនុវត្តបទបញ្ជា អភិក្រមហ្នឹងមិនមានប្រសិទ្ធភាពទេ យើងត្រូវតែយកច្បាប់ភូមិបាល ច្បាប់គ្រប់គ្រងភូមិបាល ច្បាប់ការពារសិទ្ធិដីធ្លីរបស់ពលរដ្ឋហ្នឹង ហើយប្រគល់ភារកិច្ចហ្នឹងជូនទៅអ្នកដោះស្រាយវិវាទដីធ្លី យកច្បាប់ជាមូលដ្ឋានមក ព្រោះពលរដ្ឋខ្លះ គាត់រស់នៅលើដីហ្នឹង បួនដប់ម្ភៃឆ្នាំហើយៗ គាត់បង្កបង្កើនផល ដាំដំណាំ ធ្វើស្រែចម្ការលើដីហ្នឹងយូរណាស់ហើយ ប៉ុន្តែអ្នកដែលមានអំណាចមានឥទ្ធិពលហ្នឹង គឺថា ទៅឃាត់ឃាំងទៅរារាំងគាត់ ក្រោយនេះ លួចយកធ្វើប្លង់ដីរបស់គាត់។

អ៊ីចឹងយើងសិក្សាពីប្រវត្តិដីឱ្យបានច្បាស់លាស់ត្រឹមត្រូវ ហើយប្រគល់សិទ្ធិឱ្យពលរដ្ឋចែកដីឱ្យពលរដ្ឋ ធ្វើប្លង់ឱ្យពលរដ្ឋទៅ ដើម្បីកុំឱ្យពួកហ្នឹងចេះតែបន្តសំណុំរឿងធ្វើបាបពលរដ្ឋតទៅទៀត។ បានន័យ ថា អាចលុបបំបាត់បញ្ហាដីធ្លីនេះបាន វាស៊ីសងនឹងការអនុវត្តពេញលេញ បើសិនជាយើងអត់អនុវត្តពេញលេញទេ យើងនៅតែបណ្តែតបណ្តោយយល់មុខពួកមន្ត្រីទាំងអស់ហ្នឹង ហើយពួកមន្ត្រីទាំងអស់ហ្នឹងអត់យល់មុខរដ្ឋាភិបាលទេ គឺធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល ហើយធ្វើឱ្យពលរដ្ឋរឹតតែស្អប់រដ្ឋាភិបាល អ៊ីចឹងរដ្ឋាភិបាលគួរតែចាត់ការចំពោះមន្ត្រីទាំងអស់ហ្នឹង ដើម្បីជាកាដូមួយជូតទឹកភ្នែកឱ្យពលរដ្ឋ កុំឱ្យពលរដ្ឋមានទឹកភ្នែកដោយសារបញ្ហានេះតទៅទៀត។

ដូច្នេះ សំណូមពរវាគ្មានអ្វីក្រៅពីទាមទារឱ្យស្ថាប័ន អនុវត្តច្បាប់ថ្នាក់ដឹកនាំដែលមានតួនាទីជាអ្នកដឹកនាំ គឺត្រូវតែអនុវត្តទាំងច្បាប់ វិធានការ ហើយនិងអភិក្រមទាំងអស់ ព្រមទាំងច្បាប់នានា ដែលការពារសិទ្ធិពលរដ្ឋក្នុងការការពារដីធ្លីហ្នឹង ធ្វើម៉េចផ្តល់សិទ្ធិឱ្យពលរដ្ឋទទួលបានប្លង់រឹង ជាកម្មសិទ្ធិដីធ្លីហ្នឹងស្របច្បាប់ បញ្ចប់ទំនាស់ដីធ្លី កុំឱ្យមានអ្នកមានលុយទុច្ចរិត ពួកអ្នកមានតួនាទី អំណាច ដែលគប់គិតគ្នាជាប្រព័ន្ធហ្នឹង ត្រូវផ្តល់អំពើមួយដែលថាលួចប្លន់យកដីរបស់ពួកគាត់តទៅទៀត”។

គួរបញ្ជាក់ថា អភិក្រមទាំង៥ របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

សម្តេចហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា អភិក្រមទាំងប្រាំរបស់សម្តេច ត្រូវបានដាក់ចេញដោយសម្តេចផ្ទាល់ ដើម្បីឱ្យមន្ត្រីទាំងអស់អនុវត្ត និងគោរពតាម មិនមែនជាការដាក់តាំងលេងនោះទេ៕

 កុលបុត្រ

RELATED ARTICLES