Thursday, April 25, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ប្រកាស​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ទាប​បំផុត ៩៥​ម៉ឺន

សម្តេច​ហ៊ុន សែន ប្រកាស​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ទាប​បំផុត ៩៥​ម៉ឺន

ភ្នំពេញ  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស ដំឡើងប្រាក់ខែគ្រូបង្រៀនបន្ថែមទៀត ទាបបំផុត ត្រឹម៩៥ម៉ឺនរៀល ចាប់ពីខែមករា ឆ្នាំ២០១៧ ខាងមុខនេះទៅ ខណៈដែលបច្ចុប្បន្ន ប្រាក់ខែ គ្រូបង្រៀន មានចំនួនជាង៨០ម៉ឺនរៀល។

នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល នឹងចាប់ផ្តើមដំឡើងប្រាក់ខែគោល អប្បបរមាសម្រាប់គ្រូបង្រៀន នៅឆ្នាំ២០១៧ ខាងមុខនេះ ឱ្យដល់៩៥ម៉ឺនរៀល ក្នុងមួយខែ ដោយមិនទាន់បូកនូវអត្ថប្រយោជន៍ផ្សេងទៀត នោះទេ ដោយការដំឡើងប្រាក់ខែនេះ នឹងធ្វើ ឡើងជា២ដំណាក់កាល គឺចាប់ពីខែមករា ឆ្នាំ ២០១៧ គ្រោងនឹងដំឡើងដល់៨៥ម៉ឺន ៣៥០០ រៀល ហើយចាប់ពីខែមេសា ទៅ នឹងដំឡើង ទៅដល់៩៥ម៉ឺន ៣៥០០រៀល។

ឆ្លើយតបទៅនឹងការប្រកាសដំឡើងប្រាក់ ខែដល់គ្រូបង្រៀននេះ អង្គការសង្គមស៊ីវិល ពិសេសអង្គការពាក់ព័ន្ធនឹងវិស័យអប់រំ បាន សម្តែងនូវការអបអរសាទរចំពោះការប្រកាស របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទន្ទឹម នេះអង្គការសង្គមស៊ីវិល បានត្អូញត្អែរថា ចំនួន នេះ នៅមិនទាន់អាចទប់ទល់ទៅនឹងតម្លៃទំនិញ នៅលើទីផ្សារបាននៅឡើយ ហេតុនេះប្រាក់ខែ គ្រូបង្រៀន គួរដំឡើងឱ្យបាន១លានកន្លះ ទើប គ្រូបង្រៀនអាចរស់នៅបានសមរម្យ។

យោងតាមរបាយការណ៍របស់សមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជាក់ឱ្យដឹង ថា នៅក្នុងប្រទេសកម្ពុជា មានគ្រូបង្រៀនទូទាំង ប្រទេសជាង១០ម៉ឺននាក់ ហើយបច្ចុប្បន្ន ប្រាក់ខែគ្រូបង្រៀនថ្នាក់បឋមសិក្សា ទាបបំផុតចំនួន ៤៦ម៉ឺនរៀល អនុវិទ្យាល័យ ៥០ម៉ឺនរៀល ចំណែក វិទ្យាល័យ ជាង៨០ម៉ឺនរៀល។ យ៉ាងណា គ្រូ- បង្រៀននៅតែត្អូញត្អែរថា ប្រាក់ខែរបស់ពួកគាត់មិនទាន់អាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន គ្រប់គ្រាន់នៅឡើយ ខណៈដែលទំនិញលើទីផ្សារ មានតម្លៃខ្ពស់។ ជាមួយនេះ សមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យ បានទាមទារឱ្យមានការដំឡើង ប្រាក់ខែគោលសម្រាប់គ្រូបង្រៀន រហូតដល់ ១លាន ៥០ម៉ឺនរៀល និងទាមទារដំឡើងប្រាក់ សុខភាព ព្រមទាំងប្រាក់ខែប្រពន្ធនិងកូនគ្រូ- បង្រៀន ឱ្យបានដល់៤ទៅ៥ម៉ឺនរៀលផងដែរ។

យោងតាមទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឱ្យដឹង កាលពី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ថា “នៅព្រឹកថ្ងៃទី ០៣ ខែតុលា នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃ កម្ពុជា CUS ដែលមានបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សរុបចំនួន ៦២៥១នាក់។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ និង ឪពុកម្តាយ អាណាព្យាបាល ដែលតែងតែគាំទ្រ កូនចៅឱ្យបានសិក្សារៀនសូត្រ រហូតដល់ទទួល បានលទ្ធផលនាពេលនេះ។ សម្តេចតេជោ សង្ឃឹម ថា ក្មួយៗនិស្សិតនឹងបន្តការសិក្សាស្រាវជ្រាវ ជាបន្តទៀត ព្រោះថា ការសិក្សាគឺគ្មានដែនកំណត់។ ចំពោះការអភិរក្សនិយមខ្លាំងពេក គឺ អាចធ្វើឱ្យមានគ្រោះថ្នាក់ ជាពិសេស គឺយើង ត្រូវដើរឱ្យទាន់សភាពការណ៍ទាំងក្នុងប្រទេស  ក្នុងតំបន់ និងក្នុងពិភពលោក។ ជាង៣៧ឆ្នាំមក នេះ គឺកម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្ស យ៉ាងច្រើន។ ទោះបីយើងម្នាក់ៗមានចំណេះដឹង ជំនាញ និងសមត្ថភាពខុសៗគ្នាពិតមែន តែយើង មានទិសដៅរួមគ្នាក្នុងការកសាងសង្គមជាតិដូច គ្នា។ ក្មួយៗនិស្សិតត្រូវចងចាំថា អតីតគ្រូ- បង្រៀនរបស់ក្មួយៗ គឺធ្លាប់ជាអតីតចេញមកពី គ្រូបង្រៀនដូរអង្ករ ដូច្នេះទោះបីពេលនេះក្មួយៗ បានសិក្សាជ្រៅជ្រះយ៉ាងណាក៏ដោយ គឺយើង ត្រូវចងចាំនូវឧបការគុណ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបាន ប្រឹងប្រែងអប់រំបណ្តុះបណ្តាលក្មួយៗ រហូត មានចំណេះដឹងខ្ពង់ខ្ពស់ជ្រៅជ្រះ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានមាន ប្រសាសន៍ចំពោះការដំឡើងប្រាក់ខែអប្បបរមា គ្រូបង្រៀន នៅឆ្នាំ២០១៧ នឹងកើនដល់ជាង ៩០ម៉ឺនរៀល (៩៥៣៥០០៛) ខណៈឆ្នាំ២០១៦ នេះ មានជាង៨០ម៉ឺនរៀល (៨០៥០០០៛)។

ទោះបីមានកិច្ចការរវល់មមាញឹកទាំងក្នុង និងក្រៅប្រទេសយ៉ាងណា សម្តេចតេជោ នាយក- រដ្ឋមន្ត្រី បានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ សម្តេចតេជោ នឹងអញ្ជើញចុះ ពិនិត្យសមិទ្ធផល និងជួបសំណេះសំណាលជា-មួយបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត នៅ ពេលខាងមុខនេះ ដូចជា ខេត្តព្រៃវែង ស្វាយ- រៀង កោះកុង ប៉ៃលិន ជាដើម…៘

ទំព័រហ្វេសប៊ុកដដែលបន្តថា ទន្ទឹមនឹងការ រីកចម្រើននៃធនធានមនុស្សនៅកម្ពុជា សម្តេច តេជោ បានមានប្រសាសន៍ថា “ប្រសិនបើកម្ពុជា មិនទាន់បានពន្លត់សង្គ្រាមទេនោះ គឺនៅតាម តំបន់ តាមខេត្តមួយចំនួន មិនដឹងទៅជាយ៉ាង- ណានោះទេ… ដោយសារយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល គឺបានធ្វើឱ្យកម្ពុជា មានសុខ- សន្តិភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទី កន្លែង និងរីកចម្រើនជាបន្តបន្ទាប់”។

សម្តេចតេជោហ៊ុន សែន បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលដល់ អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ទាំងអស់គ្នាកុំខាន។ ជាមួយគ្នានេះដែរ សម្តេច តេជោ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ មន្ត្រីរាជការ កងទ័ព សមាគម អង្គការ និងអ្នកដែលមានលទ្ធភាព សូមបន្តជួយ ទិញស្រូវពីប្រជាកសិករ ដើម្បីជួយដោះស្រាយ ជីវភាពកសិករយើង ជាពិសេសនៅខេត្តបន្ទាយ- មានជ័យ បាត់ដំបង ពោធិ៍សាត់… គឺសូមជួយ ពួកគាត់ជាបន្តទៀត។

នៅថ្ងៃអាទិត្យទី១៦ តុលា ខាងមុខនេះ គឺត្រូវចំថ្ងៃចេញវស្សា សម្តេចតេជោ នឹងអញ្ជើញ ចូលរួមនៅក្នុងពិធីអុំទូក នៅក្រុងតាខ្មៅ ផងដែរ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES