Wednesday, April 24, 2024
Homeព័ត៌មានជាតិបក្ស​ប្រឆាំង ប្តូរ​ចិត្ត​មិន​ចូល​ប្រជុំ​សភា ក្រោយ​មេបក្ស​កាន់​អំណាច​ថា ចូល​ឬ​មិន​ចូល​ ក៏​ប៉ុណ្ណឹង

បក្ស​ប្រឆាំង ប្តូរ​ចិត្ត​មិន​ចូល​ប្រជុំ​សភា ក្រោយ​មេបក្ស​កាន់​អំណាច​ថា ចូល​ឬ​មិន​ចូល​ ក៏​ប៉ុណ្ណឹង

ភ្នំពេញ ៖ ក្រុមសមាជិកសភា គណបក្ស ប្រឆាំង បានប្តូរចិត្ត មិនចូលប្រជុំសភាពេញអង្គ កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ក្រោយប្រធានគណបក្សកាន់អំណាច សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងចំអកឱ្យថា ចូល ឬមិនចូលក៏ប៉ុណ្ណឹង។

សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៥ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ បានពិភាក្សានិងអនុម័តទៅលើរបៀបវារៈ ចំនួន៨ រួមមាន ៖

ព្រះរាជសារព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៥។

របាយការណ៍ស្តីពីសកម្មភាពរបស់ រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៥។

ការបោះឆ្នោតទុកចិត្តអគ្គសវនករ និង អគ្គសវនកររង ០៣រូប នៃអាជ្ញាធរសវនកម្មជាតិ សម្រាប់បន្តអាណត្តិ៥ (ប្រាំ)ឆ្នាំ។

ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យ សុខាភិបាល។

ការពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូន ឆ្លងកាត់ទំនិញ។

ការពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដើម្បី អនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហសេវា ហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ាន ស្តីពីសេវា។

ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់  ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ានបូក៣។

ការពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតនិងការអនុវត្តកញ្ចប់តែ មួយអាស៊ាន ពិធីសារស្តីពីការបង្កើត និងការ អនុវត្តបញ្ជរតែមួយអាស៊ាន និងពិធីសារស្តីពី ក្របខ័ណ្ឌច្បាប់ សម្រាប់អនុវត្តបញ្ជរតែមួយ អាស៊ាន។

hun-sen1

មុនមានកិច្ចប្រជុំពេញអង្គនេះ សម្រាប់ មជ្ឈដ្ឋានតាមដានសង្គមក៏មានការចាប់អារម្មណ៍ ថា នឹងមានការចូលរួមពីសមាជិកសភាទាំង២ គណបក្ស គឺគណបក្សប្រជាជនកម្ពុជា (បក្ស កាន់អំណាច) និងគណបក្សសង្គ្រោះជាតិ (បក្ស ប្រឆាំង) ដែលជាគណបក្សមានអាសនៈ នៅក្នុង រដ្ឋសភា ព្រោះគណបក្សប្រឆាំង បានប្រកាស មុននេះថា នឹងចូលប្រជុំសភាពេញអង្គនេះឡើង វិញ បន្ទាប់ពីបានធ្វើពហិការ អស់រយៈពេលជា ច្រើនខែ ចាប់តាំងពីលោកកឹម សុខា ប្រធាន ស្តីទីគណបក្ស និងតំណាងរាស្ត្រមួយចំនួន ត្រូវ ប្រឈមនឹងនីតិវិធីតុលាការ។ ប៉ុន្តែជាទិដ្ឋភាព នៅថ្ងៃនោះ តំណាងរាស្ត្រទាំង៥៥រូប របស់គណបក្សសង្គ្រោះជាតិ មិនបានចូលរួមប្រជុំទេ គឺ មានតែវត្តមានតំណាងរាស្ត្រគណបក្សប្រជាជន កម្ពុជា ៦៧រូបប៉ុណ្ណោះ។

ហេតុផលនៃការប្តូរចិត្តមិនចូលរួមប្រជុំ សភាពេញអង្គនេះ គណបក្សប្រឆាំង ធ្វើសន្និសីទ សារព័ត៌មាន កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ គឺស្របពេលដែលរដ្ឋសភា បើកសម័យ ប្រជុំពេញអង្គនោះ បញ្ជាក់ថា ដោយសារ តំណាងរាស្ត្រទទួលបានសារគំរាមកំហែងបំភិតបំភ័យពីជនអនាមិកដែលធ្វើឱ្យមានការព្រួយ បារម្ភខ្លាចប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកតំណាងរាស្ត្រហើយថា គណបក្សមិនធ្វើពហិការ ការប្រជុំសភាទេ។

អភិបាលនៃក្រុមសមាជិកសភាគណបក្ស សង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោកសុន ឆ័យ បានបញ្ជាក់ថា ដើមឡើយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពិតជាបានគ្រោងចូលរួមប្រជុំសភាពេញ អង្គមែន ប៉ុន្តែក្រោយពីបានទទួលសារគំរាមកំហែងពីជនអនាមិក ទើបតំណាងរាស្ត្រទាំង អស់មិនអាចចូលរួមប្រជុំបាន។ អត្ថន័យខ្លឹមសារ លិខិតគំរាមកំហែងនោះ បានចោទគណបក្ស សង្គ្រោះជាតិថា នៅពីក្រោយនៃការព្រមាន ធ្វើបាតុកម្មប្រឆាំងលោកហ៊ុន ម៉ាណែត បុត្រា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា របស់ក្រុមលោកហុង លីម សមាជិកសភាអូស្ត្រាលី។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនបាននៅពីក្រោយរឿងនេះទេ ហេតុ នេះគណបក្សមានការបារម្ភពីសុវត្ថិភាពតំណាងរាស្ត្រ។

លោកសុន ឆ័យ មានប្រសាសន៍ថា “សូម ជម្រាបដែរថា គោលការណ៍ដែលគណបក្ស សង្គ្រោះជាតិ ធ្វើនិងបន្តធ្វើ គឺគោលការណ៍ ទាមទារឱ្យមានការគោរពអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រឱ្យបានត្រឹមត្រូវ។ យើងដឹងហើយ ថា មានការលំបាកណាស់ មិនត្រឹមតែប្រជាពលរដ្ឋ ទេ សូម្បីតែតំណាងរាស្ត្រ រហូតយើងក៏មិនអាច បញ្ចោញមតិក្នុងតួនាទីការពារផលប្រយោជន៍ ប្រជាពលរដ្ឋបាន ហើយមកទល់ពេលនេះ សូម្បី តែសុវត្ថិភាពផ្ទាល់ខ្លួនក៏ទទួលរងការគំរាមកំហែង។ យើងដឹងហើយថា មានព័ត៌មានដែល យើងទទួលបានអំពីផលវិបាកដែលអាចប្រឈម របស់សមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ ដោយមូលហេតុមានការធ្វើបាតុកម្មដែលអាច នឹងធ្វើនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ព័ត៌មាននោះសុំបញ្ជាក់ហើយថា មិនពិតប៉ុនណា គណបក្សសង្គ្រោះជាតិ អត់មានពាក់ព័ន្ធទេ  ដោយយើងបានបញ្ជាក់ទៅថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបញ្ជាក់ទៅថ្នាក់ដឹកនាំគណបក្សនៅទីក្រុងមែលប៊ន ដែរថាអត់ មានការធ្វើបាតុកម្មណាមួយទេ។ ដូច្នេះសុំបញ្ជាក់ ឡើងវិញថា អ្វីដែលជាតួនាទីរបស់អ្នកតំណាងរាស្ត្រ ស្របតាបគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយប្រជាធិបតេយ្យ សេរី ពហុបក្សនេះ ត្រូវបានធានាមិនត្រឹមនៅក្នុងរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជាទេ គឺធានា ដោយអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងទីក្រុង ប៉ារីស។ យើងមានការព្រួយបារម្ភថា ការគំរាម ទៅដល់អភ័យឯកសិទ្ធិសភា ក៏ដូចជាការគំរាម ទៅលើផ្លូវកាយដែលធ្លាប់កើតមានម្តងរួចមក ហើយ។ នេះជាមូលដ្ឋានដែលធ្វើឱ្យអ្នកតំណាងរាស្ត្រយើងពិបាកនឹងបំពេញការងារពេញលេញ របស់ខ្លួន។ ដូច្នេះឆ្លៀតឱកាសនេះ គឺថាយើង បញ្ជាក់ឡើងវិញថា ព្រឹកមិញនេះ គឺការគំរាមកំហែងពីសុវត្ថិភាពដល់អ្នកអ្នកតំណាងរាស្ត្រ ដែលជាបញ្ហាធំនាំទៅដល់ការផ្លាស់ប្តូរពីគម្រោង ទៅចូលរួមប្រជុំ មិនចូលរួមនេះ ហើយទី២ យើងសូមអំពាវនាវដែរ ទៅដល់សមត្ថកិច្ចនៃ រាជរដ្ឋាភិបាល សុំឱ្យផ្តល់កិច្ចការពារសុវត្ថិភាព ដល់អ្នកតំណាងរាស្ត្រយើងគ្រប់រូប។ ទី៣ សុំកុំ ឱ្យភ្ជាប់ករណីទៅទីណាមួយដែលគ្មានមូលដ្ឋាន ច្បាស់លាស់ ដែលចោទប្រកាន់ទៅលើសកម្មភាព និងគោលការណ៍ជាមូលដ្ឋាននៃនយោបាយ របស់គណបក្សជជែកក្នុងស្មារតីនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ទី៤ ការគោរពសិទ្ធិគ្នា ទៅវិញទៅមករវាងក្រុមគណបក្សនយោបាយ”។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា មានហេតុផល២សំខាន់ ដែលគណបក្សសង្គ្រោះជាតិ មិន ចូលប្រជុំសភា។

លោកយឹម សុវណ្ណ បានបញ្ជាក់ថា “គឺ យើងបានទទួលព័ត៌មានដែលអាចជឿជាក់បានថា មានការផ្សារភ្ជាប់រវាងទៅនឹងការធ្វើបាតុកម្ម នៅប្រទេសអូស្ត្រាលី នៅក្នុងថ្ងៃនេះ ហើយ ការធ្វើបាតុកម្មនៅក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃ នេះ មិនមែនជាជំហររបស់គណបក្សទេ ហើយ គណបក្សក៏មិនបានរៀបចំដែរ មិនបានពាក់ព័ន្ធ ជាមួយអីការធ្វើបាតុកម្មទេ ហើយទី២ យើង ចង់បានដំណោះស្រាយជាក់ស្តែង យើងបានបង្ហាញ សុច្ឆន្ទៈទៅគណបក្សកាន់អំណាចថា លោក ប្រធានស្តីទី អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ហើយតំណាងរាស្ត្រទាំងអស់ នឹងអញ្ជើញទៅ ចូលរួមប្រជុំ ហើយចង់បានការជួបប្រជុំជជែក គ្នានិយាយដោះស្រាយបញ្ហា ការចូលរួមធ្វើ សកម្មភាពនយោបាយ ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ សិទ្ធិសេរីភាពសកម្មជនគណបក្ស ក៏ដូចជាសមាជិកព្រឹទ្ធសភាដែលកំពុងជាប់ពន្ធនាគារ ហើយនិងសកម្មជនសិទ្ធិមនុស្ស។ នេះ គឺជាដំណោះស្រាយដែលយើងចង់បាន ក៏ប៉ុន្តែ មកទល់នឹងពេលនេះ គឺគណបក្សកាន់អំណាច អត់បានបង្ហាញនូវឆន្ទៈនយោបាយណាមួយ អត់ មានដំណោះស្រាយណាមួយដែលឈានទៅ រកភាពប្រក្រតីវិញនៃស្ថានការណ៍នយោបាយ នេះទេ។ ដូច្នេះបានជាផ្អែកទៅលើហេតុផល២ ខាងលើនេះហើយដែលតំណាងគណបក្សសង្គ្រោះជាតិទាំងអស់ សុំមិនចូលរួមប្រជុំនៅក្នុងការ ប្រជុំសភា ព្រឹកមិញនេះ”។

លោកយឹម សុវណ្ណ បានបញ្ជាក់បន្តថា “ខ្ញុំអាចបញ្ជាក់បានថា សារហ្នឹង ក្នុងសារមាន ស្ថានការណ៍ធ្ងន់ធ្ងរ ហើយខ្ញុំមិនអាចបញ្ជាក់ពី ប្រភពថាជាអ្នកណាទេ ប៉ុន្តែយើងមានអំណះអំណាងគ្រប់គ្រាន់ ជាក់ស្តែង ដែលយើងសុំរក្សា ការសម្ងាត់ចំពោះការបញ្ចោញព័ត៌មានហ្នឹង ហើយ ក៏ជឿថា ភាគីម្ខាងទៀតក៏ដឹងច្បាស់ សារនោះ មានខ្លឹមសារដូចម្តេច”។

ទោះបីយ៉ាងណា គណបក្សកាន់អំណាច  ចាត់ទុកថា ហេតុផលមិនចូលប្រជុំសភាពេញ អង្គរបស់គណបក្សប្រឆាំង គ្រាន់តែជាលេសមួយ ប៉ុណ្ណោះ ឯការពិតគ្មានការគំរាមកំហែងដូចការ លើកឡើងរបស់គណបក្សប្រឆាំងនោះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ប្រទេសកម្ពុជា  មានសន្តិភាព មានស្ថិរភាពនយោបាយ ដូច្នេះការ ដែលបក្សប្រឆាំង អះអាងថា មានការគំរាមកំហែង គ្រាន់តែជាលេសមិនចូលប្រជុំសភា។

លោកសុខ ឥសាន មានប្រសាសន៍ថា “ការដែលគណបក្សសង្គ្រោះជាតិ មិនព្រមចូល  ប្រជុំសភានេះ វាមិនមានមូលហេតុអីផ្សេង ក្រៅពីលេសរបស់គាត់ប៉ុណ្ណោះ។ គាត់មិនព្រម ចូលសភា គឺគាត់ប្រឆាំងនឹងសេចក្តីសម្រេចរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមាន គ្នាគាត់៥រូបចូលរួមដែរ។ ទី២ គាត់ប្រឆាំងជាមួយនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ ដើម្បី លាក់បាំងនូវកំហុសនេះ គាត់ដាក់កំហុសទៅលើ អ្នកដទៃថា គំរាមកំហែងគាត់ អានេះជាបញ្ហា មួយ អ៊ីចឹង ខ្ញុំថាជាលេស ទី២ ខ្ញុំយល់ថា គាត់ ចូលសភាមិនចូលសភា ក៏សភាអាចដំណើរការ តាមកម្មវិធីដែលបានគ្រោងទុក ដោយមិនមាន ខុសនឹងខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាបទបញ្ជាផ្ទៃក្នុងរដ្ឋសភាទេ។ ពីព្រឹក មិញ វត្តមានរបស់សភា មានចំនួន៦៧ ដែល បានអនុម័តច្បាប់ ទៅតាមរបៀបវារៈដែលគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេច កាលពីថ្ងៃ មុនមករួចហើយ អត់មានរាំងស្ទះអីទេ។ អ៊ីចឹង សុំកុំឱ្យគណបក្សសង្គ្រោះជាតិ យករដ្ឋសភាធ្វើជា ចំណាប់ខ្មាំងរបស់ខ្លួន មិនអាចទៅរួចទេ”។

លោកសុខ ឥសាន មានប្រសាសន៍បន្តថា “យើងមិនដឹងរឿង យើងមិនអាចនិយាយបាន ទេ គាត់និយាយថា មិននៅពីក្រោយក៏ពិតមែន ក៏ប៉ុន្តែអ្នកដែលធ្វើបាតុកម្មប្រឆាំងមួយចំនួនធំ  វាសុទ្ធតែជាសមាជិករបស់គាត់ដែរ។ គាត់មានសិទ្ធិ ធ្វើបុណ្យ គេក៏មានសិទ្ធិជួបជុំសមាជិក សមាជិការបស់គេដែរ។ អ៊ីចឹងទេ មិនគួរលោកហុង  លឹម ហ្នឹង គឺថា ចង្អៀតចង្អល់ចំពោះបញ្ហាដែល យើងទៅធ្វើសកម្មភាពនយោបាយ ហើយយើង មានទៅរំខានអីគាត់ យើងទៅធ្វើផ្នែកខាងយើង គាត់ធ្វើផ្នែកខាងគាត់ មានពាក់ព័ន្ធអីគាត់មាន សិទ្ធិ យើងក៏មានសិទ្ធិដែរ ឱ្យតែអាជ្ញាធរអូស្ត្រាលី គេអនុញ្ញាត។ អ៊ីចឹងហើយ ខ្ញុំយល់ថា នេះជា ទស្សនៈចង្អៀតចង្អល់ ដែលប្រកាន់នូវនិន្នាការ នយោបាយផ្កាប់មុខ។ មានតែសិទ្ធិសេរីភាពខ្លួន ឯង ដល់អ្នកដទៃ គាត់ហាមសិទ្ធិសេរីភាពគេ ហើយគំរាមធ្វើបាតុកម្ម ខ្ញុំថាមិនអាចទៅរួចទេ កាលណាគណៈប្រតិភូរបស់ឯកឧត្តមហ៊ុន ម៉ាណែត ដែលអញ្ជើញទៅនេះ គឺថា មានច្បាប់មានទិដ្ឋាការត្រឹមត្រូវ ដែលអាជ្ញាធរអូស្ត្រាលី ត្រូវតែ ទទួលខុសត្រូវក្នុងការការពារដល់គណៈ ប្រតិភូ”។

គួរបញ្ជាក់ដែរថា នៅក្នុងសម័យប្រជុំពេញ អង្គសភា កាលពីម្សិលមិញនោះ ក្នុងនាមជា តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក៏បានអញ្ជើញចូលរួមប្រជុំដែរ បន្ទាប់ ពីសម្តេចបានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០១៦ ពាក់ព័ន្ធការចូលប្រជុំសភារបស់ បក្សប្រឆាំងថា ចូលក៏ប៉ុណ្ណឹង មិនចូលក៏ប៉ុណ្ណឹង។

លោកសុខ ឥសាន មានប្រសាសន៍បន្ថែម លើការលើកឡើងរបស់ប្រធានគណបក្សកាន់ អំណាចនេះថា “លោកចង់សំដៅថា សភាពការណ៍ នយោបាយកន្លងទៅ បក្សប្រឆាំងខ្លួនឯងប្រព្រឹត្ត ល្មើសច្បាប់ខ្លួនឯង មិនទទួលស្គាល់កំហុសចំពោះ មុខច្បាប់ ខ្លួនឯងទៅនិយាយថា ការដែលសមត្ថកិច្ចតុលាការកាត់សេចក្តីឱ្យជាប់ទោស វាទៅជា រឿងដែលថា នយោបាយក្តៅ។ ឥឡូវគាត់នៅ តែប៉ុណ្ណឹង ដូចឯកឧត្តមកឹម សុខា គាត់ឃុំខ្លួន ឯង គាត់បានប្រកាសជាចំហហើយថា គាត់ទៅ ណាក៏បានដែរ តែគាត់មិនទៅ គាត់សុខចិត្តនៅ សំងំ ដើម្បីធ្វើពហិការនយោបាយ។ អ៊ីចឹង ការដែលហៅថា នយោបាយក្តៅ ក៏អាស្រ័យ នៅលើមាត់គាត់ថា តែពេលណាគាត់ចង់ចូល សភា គាត់ថា នយោបាយត្រជាក់ ហើយបាន គាត់ចូល។ គាត់ចូលប្រជុំអចិន្ត្រៃយ៍ថ្ងៃមុន ២ ដងហ្នឹង គាត់ថា ត្រជាក់ហើយ បានគាត់ចូល។  ឥឡូវដល់ពេលដែលគាត់មើលទៅដោះស្រាយ មិនចេញ អ្នកជាប់គុក គាត់ត្រូវការប្រើភាសា ក្តៅទៀតហើយ គាត់មិនចូល”។

ដោយឡែក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន គណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល នៅព្រឹកថ្ងៃដដែលនោះ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់សម្តេចថា “ពេលនេះកំពុងប្រជុំរដ្ឋសភា ដែលជាដំណើការ ធម្មតា នៃអង្គនីតិប្បញ្ញត្តិ។ ដោយរបៀបវារៈ ច្រើនថ្ងៃនេះច្បាស់ជាបាយថ្ងៃត្រង់នៅរដ្ឋសភា ទៀតហើយ ហើយការប្រជុំច្បាស់ជាអូសបន្លាយ រហូតដល់ពេលល្ងាច។

ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅរះ ដដែលព្រោះមិនមែនជាចំណាប់ខ្មាំងរបស់ក្រុម ណាមួយនោះទេ។

ជូនពរជនរួមជាតិជួបតែសេចក្តីសុខ”។

ជាមួយគ្នានេះ ក្នុងទំព័រហ្វេសប៊ុករបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដដែល ក៏បាន សរសេរនៅរសៀលថ្ងៃដដែលនោះថា “នៅក្នុង កិច្ចប្រជុំសភា កាលពីព្រឹកមិញនេះ គឺមានតែ វត្តមានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលមានវត្តមានចំនួន៦៧រូប ព្រមទាំងមន្ត្រី ទូតមកពីប្រទេសនានាជាច្រើនរូបចូលរួមសង្កេត ការណ៍កិច្ចប្រជុំកម្រិតជាតិនេះ។ ចំពោះក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺមិនមក ចូលប្រជុំឡើយ។ នៅពេលនេះមន្ត្រីទូតនានា ប្រចាំកម្ពុជាកាន់តែបានឃើញយ៉ាងច្បាស់ចំពោះ ទង្វើ និងសកម្មភាពនៃតំណាងរាស្ត្ររបស់បក្ស ម្ខាងទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែមានប្រសាសន៍គ្រប់វិនាទី ទាំងអស់ថា ទីកន្លែងសភា គឺជាទីជួបជុំរវាង មន្ត្រីនៃបក្ស ដែលមានអាសនៈនៅសភា ហើយ ជាការល្អបំផុត ដែលត្រូវអង្គុយរួមគ្នាដោះស្រាយ បញ្ហា និងធ្វើកិច្ចការបម្រើប្រជាពលរដ្ឋ និង ប្រទេសជាតិ”។

ជុំវិញការមិនចូលប្រជុំសភា របស់គណបក្សប្រឆាំងនេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៦ ថា “គោរពជម្រាបជូនបណ្តាញសារព័ត៌មាននិងប្រិយមិត្ត ធពធស អាស្រ័យដោយអ្នកសារព័ត៌មានមួយចំនួន បានតាំងសំណួរយ៉ាងភ្ញាក់ ផ្អើលអំពីការធ្វើពហិការសាជាថ្មី របស់ CNRPរ មិនចូលប្រជុំរដ្ឋសភា ដែលយកលេសថា មានការ គំរាមកំហែងពីរដ្ឋាភិបាល និងការធ្វើបាតុកម្ម នៅចម្លើយជាផ្លូវការរបស់ខ្ញុំគឺ ៖

កិច្ចធ្វើពហិការ មិនចូលសភា របស់ CNRPរ គឺជាបន្តនូវទម្លាប់អាក្រក់ និងជាប្រចាំ ដែលយករដ្ឋសភា ជាចំណាប់ខ្មាំង ដើម្បីផលប្រយោជន៍របស់គណបក្សផ្ទាល់ ដែលបោះបង់ កាតព្វកិច្ចតំណាងមតិភាគតិចដែលប្រជាពលរដ្ឋ បានបោះឆ្នោតជូនឱ្យតំណាង។ ការធ្វើពហិការ នេះ គឺជាការបំផ្លាញនិងក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋភាគតិច ដែលគណបក្សនេះ ដែលបាន សន្យាយ៉ាងមុតមាំថា ៖ ការពារផលប្រយោជន៍ ប្រជាពលរដ្ឋទាំងអស់នោះ។ អ្វីដែលតែងតែ ប្រកាសយ៉ាងខ្ទរខ្ទារថា “យកប្រយោជន៍ជាតិ ជាធំនោះ គឺជាការភូតភរយ៉ាងជាក់ស្តែង ដែល បានបោះបង់កាតព្វកិច្ចជាអ្នកតំណាងរាស្ត្រ នៃ លទ្ធិប្រជាធិបតេយ្យ យកសកម្មភាពប្រឆាំង ឧទ្ទាមនិយម ជាទិសដៅនៃអំណាចផ្ទាល់ខ្លួនតែ ប៉ុណ្ណោះ”។

ការសម្តែងសកម្មភាព រាប់ទាំងផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីធ្វើឱ្យមតិសាធារណៈ  ឃើញថា កម្ពុជាមានវិបត្តិនយោបាយ ឬកម្តៅ នយោបាយ ក្នុងការផ្តល់ឱកាសឱ្យបរទេស ចូល មកជ្រៀតជ្រែកដែនអធិបតេយ្យជាតិ និងមោទនភាពជាតិ។ ខុសគ្នាពីរាជរដ្ឋាភិបាល ដែល ខំប្រឹងប្រែងក្នុងកិច្ចរក្សាសន្តិភាព និងស្ថិរភាព គឺថ្នាក់ដឹកនាំជាន់ខ្ពស់របស់ CNRP តែងតែប្រឌិត រឿងអាស្រូវផ្ទាល់ខ្លួន បន្លំឱ្យគេយល់ថា ជាបញ្ហា នយោបាយ ឬកម្តៅនយោបាយ ដែលខុសពី ការពិត។

ការស្វែងរកបរទេសចូលអន្តរាគមន៍ ឬជ្រៀតជ្រែកកម្ពុជា របស់ថ្នាក់ដឹកនាំ CNRP  រហូតដល់រៀបចំសេណារីយោ ប្តឹងបរិហារកេរ្តិ៍ រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីឆន្ទៈប្រជាពលរដ្ឋ មិនត្រឹមតែសកម្មភាពបំផ្លាញកម្ពុជា ផ្ទាល់នោះទេ ក៏ប៉ុន្តែជាការងារក្បត់នឹងផលប្រយោជន៍របស់កម្ពុជា រួមទាំងកិត្យានុភាព របស់ប្រជាជាតិដែលទើបតែរំដោះខ្លួនចេញពី បនឧក្រិដ្ឋកម្មមនុស្សជាតិ ក៏ដូចជាការស្វែង និង ការប្រឹងប្រែងធានាសន្តិភាព និងស្ថិរភាព ដើម្បី ភាពសុខសាន្តរបស់មហាជន ស្វែងទៅកាន់វឌ្ឍនភាពនៃជម្រើសរៀងៗខ្លួន។

-“អំពើក្បត់ម្តងហើយម្តងទៀត” ជាចរិក និងវប្បធម៌របស់ CNRP មិនត្រឹមតែប្រឆាំង នឹង “វប្បធម៌សន្ទនាប៉ុណ្ណោះទេ” ក៏ប៉ុន្តែនៅតែ បន្តយុទ្ធនាការកំសាក រៀបចំចលនាបាតុកម្ម ប្រឆាំងនឹងរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រុមគ្រួសាររបស់លោក។ សកម្មភាព កំសាក គ្មានតម្លៃសីលធម៌ និងគុណធម៌ មិន បានបែងចែករវាងនយោបាយ និងការងារផ្ទាល់ ខ្លួននោះទេ ក៏ប៉ុន្តែបានធ្វើឱ្យមានការបាក់បែក នៅក្នុងសង្គមខ្មែរ មិនថាក្នុងស្រុក ក៏ដូចជាបរទេស។ ចលនានេះ រឹតតែធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស បាត់បង់នូវព័ត៌មាន ពិតប្រាកដពីមាតុប្រទេសរបស់ខ្លួន តាមរយៈ គណៈប្រតិភូខ្មែរដែលធ្វើទស្សនកិច្ច ដើម្បីគោរព ជម្រាបជូនប្រជាពលរដ្ឋនៅទីនោះ ក៏ប៉ុន្តែរឹតតែ ធ្វើឱ្យប្រជាពលរដ្ឋទាំងនោះឯកោពីសាច់ញាតិ របស់ខ្លួន ឯកោពីវប្បធម៌របស់ខ្លួន ឯកោពីវឌ្ឍនភាពរបស់មាតុប្រទេសរបស់ខ្លួន គឺហាក់ដូចជា ក្រុមឧទ្ទាមបង្ខាំងប្រជាពលរដ្ឋទាំងនោះជា ចំណាប់ខ្មាំង ឱ្យដាច់ដោយឡែកពីមហាជនខ្មែរ ភាគច្រើនដាច់ខាត ហើយឱ្យក្លាយជាក្រុម ផ្តាច់ខ្លួនប្រឆាំង មិនហានធ្វើទស្សនកិច្ចមកកាន់ កម្ពុជា ដែលផ្ទុយស្រឡះពីរាជរដ្ឋាភិបាល ដែល លោកតែងតែស្វាគមន៍ជានិច្ចកាលចំពោះវត្តមានបងប្អូនរួមជាតិដែលរស់នៅបរទេស មក ទស្សនកិច្ច ក៏ដូចជាចូលរួមជីវភាពនយោបាយ និងជីវភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចនេះបងប្អូនជនរួមជាតិដែលរស់នៅ ក្រៅប្រទេស គឺជាធនធានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការកសាងជាតិ ក៏ដូចជាតម្លៃនៃអត្តសញ្ញាណ និងមោទនភាពកម្ពុជា។

អំពើកំសាក បែងចែកអ្នកនៅក្នុងស្រុក និង ក្រៅស្រុកខ្មែរ គឺជាអំពើភេរវកម្ម ដែលមិនមែន ជាសកម្មភាពនយោបាយពិតប្រាកដរបស់ប្រជាជាតិរួមសញ្ជាតិតែមួយនោះទេ គឺជាអំពើចំណាប់ ខ្មាំងប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ សុខសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ ក៏ដូចជាប្រឆាំងនឹង ប្រជាជាតិរួមឈាមជ័រខ្មែរតែមួយ។ ការកៀងគរ បាតុកម្មនៅក្រៅប្រទេស រៀបចំឡើងដោយ ក្រុមបណ្តាញ CNRPរ ប្រឆាំងនឹងវត្តមានរបស់ ឯកឧត្តមហ៊ុន ម៉ាណែត គឺបានបង្ហាញការពិត ជាក់ស្តែងនៃហេតុផលបរាជ័យរបស់ CNRPរ នៅក្រៅប្រទេស ដែលបានបង្ហាញជាក់ស្តែងជា សាធារណៈនូវភាពស្លន់ស្លោ ញ៉ាំងឱ្យក្រុមគេ នោះ ដែលខុសពីឧត្តមគតិនៃលទ្ធិប្រជាធិបតេយ្យ សេរី ស៊ីវីល័យ គោរពសិទ្ធិមនុស្ស និងមិនរើសអើង ជាមួយនឹងសិទ្ធិបញ្ចោញយោបល់ ឬជំនឿពីក្រុម  និងបុគ្គលដែលមានទស្សនៈមិនដូចគ្នា។ អាស្រ័យ ហេតុដូចនេះ CNRP ត្រូវតែទទួលខុសត្រូវ មិនថានៅក្នុងកម្ពុជា ឬនៅឯបរទេសនោះទេ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES