Friday, April 26, 2024
Homeព័ត៌មានជាតិធ្វើខួបកំណើតគម្រប់អាយុ២៨ឆ្នាំចប់ ស្រាប់តែគាត់មានរឿងបែបនេះទៅវិញ

ធ្វើខួបកំណើតគម្រប់អាយុ២៨ឆ្នាំចប់ ស្រាប់តែគាត់មានរឿងបែបនេះទៅវិញ

ខេត្តកំពង់ធំ ៖ បុរសជនជាតិវៀតណាម ជាមេការក្រុមហ៊ុនចម្ការកៅស៊ូម្នាក់បានរៀបចំពិធីខួបកំណើតខ្លួនឯង ដោយមានអ្នករួមការងារជាមួយ ចូលរួមផឹកស៊ីរហូតដល់ស្រវឹងក៏ចូលទៅដេកក្នុងបន្ទប់ ស្រាប់តែព្រឹកឡើងក៏ត្រូវបានគេប្រទះឃើញដេកស្លាប់រឹងស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចការដ្ឋានទី៤ ចម្ការកៅស៊ូបៀនហៀក មានទីតាំងស្ថិតក្នុងភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

បុរសរងគ្រោះខាងលើ មានឈ្មោះ HO KHAC QUY អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមេការទី៥ ការដ្ឋានទី៤ ចម្ការកៅស៊ូបៀនហៀក នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

តាមការបំភ្លឺរបស់ឈ្មោះងៀន អាញ់ជី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ជាអ្នកធ្វើការជាមួយ បានរៀបរាប់ប្រាប់ថា គាត់បានមកធ្វើការនៅក្រុមហ៊ុនកៅស៊ូបៀនហៀក ឃុំសាគ្រាម ជាមួយជនរងគ្រោះ ហើយដេកនៅក្នុងបន្ទប់ស្នាក់នៅលេខ១០៧ ក្នុងការដ្ឋានទី៤ ដោយជនរងគ្រោះមានតួនាទីជាមេក្រុមទី៥។

នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះបានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួន (ជនរងគ្រោះ) នៅកន្លែងធ្វើការ និងមានរៀបចំពិធីហូបចុកបន្តិចបន្តួច ដោយក្នុងនោះ លោកប្រធានក្រុមហ៊ុនក៏ចូលរួមដែរ លុះក្រោយមកគាត់មិនសូវស្រួលខ្លួនហូបតែស្រាបៀរអស់១ កំប៉ុងក៏ទៅសម្រាកមុន។ ចំណែកជនរងគ្រោះនៅផឹកស៊ីជាមួយលោកប្រធានក្រុមហ៊ុន និងក្រុមការងារ រហូតដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែល ស្រវឹងរៀងខ្លួនក៏ចែកផ្លូវគ្នាទៅរកកន្លែងដេកអស់ទៅ។

ប្រភពដដែលបន្តថា រហូតដល់ម៉ោងប្រហែល៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ គាត់ក៏ក្រោកពីដេក ដើម្បីទៅមើលកម្មករជៀរជ័រកៅស៊ូតាមឡូតិ៍ ដល់ម៉ោងប្រហែល៦និង៣០នាទីព្រឹកថ្ងៃដដែល ក៏ត្រឡប់មកការដ្ឋានទី៤វិញ ស្រាប់តែឮអ្នកធ្វើការជាមួយប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។

តាមការបំភ្លឺរបស់ឈ្មោះងៀន វ៉ាន់ហ៊ាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ជាអ្នកធ្វើការជាមួយ និងដេកគ្រែជាមួយជនរងគ្រោះ បានបំភ្លឺថា គាត់ធ្វើការជាមួយជនរងគ្រោះ ហើយសម្រាកលើគ្រែជាមួយគ្នា។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះបានរៀបចំកម្មវិធីខួបកំណើត មានអ្នកធ្វើការជាមួយចូលរួមផងដែរ ក៏នាំគ្នាផឹកស្រាបៀរនិងជជែកគ្នាផ្សេងៗ លុះដល់ម៉ោងប្រហែល១០យប់ ជនរងគ្រោះរៀងស្រវឹង ក៏ដើរទៅដេកលើគ្រែក្នុងបន្ទប់មុន ឯគាត់នៅផឹកបន្តដល់ម៉ោង ប្រហែល១០និង៣០នាទី ទើបឈប់ផឹក ហើយដើរទៅដេកលើគ្រែជាមួយជនរងគ្រោះ។

លុះព្រឹកឡើងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៣ទៀបភ្លឺ គាត់បានទៅមើលកម្មករជៀរជ័រនៅតាមឡូតិ៍ រហូតដល់ម៉ោងប្រហែល៦និង២៥នាទីថ្ងៃដដែល ត្រឡប់មកវិញ ហើយចូលទៅដាស់ជនរងគ្រោះដើម្បីមកហូបបាយ តែជនរងគ្រោះស្លាប់បាត់ទៅហើយ មិនដឹងស្លាប់តាំងពីពេលណាទេ គាត់ក៏ស្រែកហៅគេឱ្យជួយតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញសហការជាមួយលោកមេភូមិ នាយប៉ុស្តិ៍រដ្ឋបាលសាគ្រាម គ្រូពេទ្យ និងតំណាងក្រុមហ៊ុន ធ្វើការពិនិត្យសពនិងទីកន្លែងកើតហេតុ។ តាមការពិនិត្យនៅដងខ្លួនសាកសព ពុំឃើញមានស្លាកស្នាមគួរកត់សម្គាល់ឡើយ ហើយបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺរបស់ខ្លួនឯង (គាំងបេះដូង)។

សពត្រូវបានក្រុមគ្រូពេទ្យរបស់ក្រុមហ៊ុន ធ្វើការវះកាត់សរសៃជើងខាងឆ្វេង ចាក់ថ្នាំចូលដើម្បីការពារមិនឱ្យហើមប៉ោង និងដេរផ្ជិតវិញ ចំនួន៤ថ្នេរ។

បន្ទាប់ពីពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុ ប្រគល់សពជូនតំណាងក្រុមហ៊ុនចម្ការកៅស៊ូបៀនហៀក៕

RELATED ARTICLES