Tuesday, September 23, 2025
Homeព័ត៌មានជាតិដឹកគ្នាទៅ២នាក់... សមត្ថកិច្ចឃើញផ្ទាល់ភ្នែក ចាប់បានតែម្នាក់

ដឹកគ្នាទៅ២នាក់… សមត្ថកិច្ចឃើញផ្ទាល់ភ្នែក ចាប់បានតែម្នាក់

ភ្នំពេញ ៖ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយឱ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីល្ងាច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច បន្ទាប់ពីជននេះនិងបក្ខពួកម្នាក់ទៀត ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅចំណុចមុខផ្ទះគ្មានលេខ តាមផ្លូវបេតុង ក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយបក្ខពួកម្នាក់ ឈ្មោះនិច បានរត់គេចខ្លួនបាត់។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលកម្លាំងឃាត់ខ្លួនករណីលួចនេះ ឈ្មោះ លឹម មុន្នី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀនក្នុងខ្លួន ដោយជននេះនិងបក្ខពួកបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះស្រេង សុអី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សម្ភារៈបន្សល់ទុកម៉ូតូ០២គ្រឿង ១-ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ ស្លាកលេខភ្នំពេញ 1GJ-1046 ប្រគល់ឱ្យជនរងគ្រោះវិញ ទី២-ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1GK-4798  របស់ជនសង្ស័យជិះដឹកគ្នាទៅធ្វើសកម្មភាព។

ប្រភពសមត្ថកិច្ចដដែលឱ្យដឹងដែរថា នៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលកម្លាំងរបស់ប៉ុស្តិ៍ កំពុងល្បាតនៅក្នុងមូលដ្ឋានដល់ត្រង់ចំណុចផ្ទះគ្មានលេខខាងលើ ក៏បានប្រទះឃើញជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួច ក៏ឃាត់សួរនាំ ទើបដឹងថា ពួកគេទើបនឹងលួចម៉ូតូបានតែម្នាក់រត់គេចខ្លួនទាន់។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES