Tuesday, September 23, 2025
Homeព័ត៌មានជាតិជាប់ទាំងអស់... ពេលសមត្ថកិច្ចចាប់បានស្ត្រីជាឈ្មួញកណ្តាលម្នាក់នេះ

ជាប់ទាំងអស់… ពេលសមត្ថកិច្ចចាប់បានស្ត្រីជាឈ្មួញកណ្តាលម្នាក់នេះ

ខេត្តតាកែវ ៖ កាលពីរសៀលត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជាយ៉ាង ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបរាល់បទល្មើសនៅក្នុងមូលដ្ឋាន និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ផងនោះ។

លោកវរសេនីយ៍ឯក ឈៀង សុន ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានក្រុងដូនកែវ ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។

ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះទិត្យ ម៉ូនីកា ភេទស្រី អាយុ៣៤ឆ្នាំ មានមុខរបរលក់ដូរ (ជាមុខសញ្ញាជួញដូរសកម្ម)។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា៤កញ្ចប់ធំ និងម៉ូតូ៣គ្រឿង ដែលមានម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ក្រហម គ្មានស្លាកលេខមួយគ្រឿង ម៉ាកវ៉េសសិន ស្លាកលេខភ្នំពេញ ១CP-០៩០៧ មួយគ្រឿង ម៉ាកធូដេ ស្លាកលេខភ្នំពេញ ១CW-៨៣៨៦ មួយគ្រឿង។

ក្រោយពីកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនសាកសួរយកចម្លើយពីជនសង្ស័យឈ្មោះ ទិត្យ ម៉ូនីកា បានសារភាពថា ថ្នាំញៀនដែលខ្លួនលក់ចែកចាយរាល់ថ្ងៃ គឺទិញពីឈ្មោះធឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ និងទិញពីឈ្មោះហួយ សុផល ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ (មុខសញ្ញាជួញដូរសកម្ម) ដោយប្រើរូបភាពឱ្យឈ្មោះដួង ពុធបូរ៉ាត់ (ហៅពេជ្រ) ជាអ្នកទៅទិញថ្នាំញៀនពីឈ្មោះខាងលើ រួចឈ្មោះទិត្យ ម៉ូនីកា ក៏ថ្លឹងចែករំលែកទៅឱ្យឈ្មោះដួង ពុធបូរ៉ាត់ និងឈ្មោះប៉ោះ ពាន ដើម្បីចែកចាយបន្ត។

ក្រោយទទួលបានចម្លើយនេះ សមត្ថកិច្ចឈានទៅឃាត់ខ្លួនបានជនសង្ស័យពីរនាក់បន្តទៀត ឈ្មោះ ដួង ពុធបូរ៉ាត់ (ហៅពេជ្រ) មុខរបរមិនពិតប្រាកដ និងឈ្មោះប៉ោះ ពាន មុខរបរមិនពិតប្រាកដ  ក្នុងផ្ទះសំណាក់យីហោវឌ្ឍនភាព ស្ថិតក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បន្តដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លាចំនួន១២កញ្ចប់ (ធំ៤កញ្ចប់ និងតូច៨កញ្ចប់) ជញ្ជើងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង និងទូរស័ព្ទដៃចំនួន៣គ្រឿង។

ក្រោយឃាត់ខ្លួនជំនាញកសាងសំណុំរឿងបញ្ជួនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តតាកែវ និងស្រាវជ្រាវតាមចាប់បក្ខពួកសេសសល់បន្តទៀត៕

RELATED ARTICLES