ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ចនគរបាលបន្តនីតិវិធី បន្ទាប់ពីជននេះធ្វើសកម្មភាពខ្ចីម៉ូតូគេជិះ ក្នុងគោលបំណងស៊ីដាច់ លុះជិះគេចខ្លួនរហូតម៉ូតូអស់សាំង ស្រាប់តែទុកម៉ូតូចោល បន្តលួចរថយន្តគេ១គ្រឿង តែត្រូវអស់លក្ខណ៍ម្ចាស់ក្របួចជាប់។

ហេតុការណ៍ពលរដ្ឋឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចនេះ បានធ្វើឡើងនៅវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងមុខវត្តបក្សីចាំក្រុង ហៅវត្តអូរបាក់ត្រាលើ ស្ថិតនៅភូមិអូរបាក់ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកភ្នំក្រវាញ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះខែម រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នមកស្នាក់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីរកស៊ី (អារឈើលក់)។
បើតាមស្ត្រីឈ្មោះសឿន ឡាយ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងខាងលើ ជនសង្ស័យ (ខែម រ៉ាវី) បានខ្ចីម៉ូតូរបស់គាត់ ម៉ាកហុងដាវ៉េវអ៊ី ពណ៌ខ្មៅ គ្មានស្លាកលេខ ថាជិះទៅទិញបង្អែមហូបមួយភ្លែត។ ប៉ុន្តែការពិត ជនសង្ស័យមានទាំងបង្វេចខោអាវយកមកជាមួយ ក្នុងគោលបំណងជិះម៉ូតូទៅស្រុកនៅឯខេត្តកំពត ឯណោះ។

ប៉ុន្តែជិះមកដល់ចំណុចខាងលើ សំណាងមិនល្អម៉ូតូក៏អស់សាំង ស្រាប់តែទុកម៉ូតូចោល ហើយឃើញគេចតរថយន្តក្នុងរបងផ្ទះ និងមានសោនៅក្នុងរថយន្តស្រាប់ ក៏ចូលទៅបើកទ្វាររថយន្តគេបញ្ឆោះ តែត្រូវម្ចាស់គេទាន់ចាប់បានយកទៅប្រគល់ជូនសមត្ថកិច្ចនគរបាល ចាត់ការតែម្តង។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ (ខែម រ៉ាវី) ត្រូវសមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្តនីតិវិធី៕