Tuesday, September 23, 2025
Homeព័ត៌មានជាតិប្រពន្ធនៅធ្វើបុណ្យឯវត្ត នៅផ្ទះផ្អើលឈូឆរ ព្រោះតែប្តី...

ប្រពន្ធនៅធ្វើបុណ្យឯវត្ត នៅផ្ទះផ្អើលឈូឆរ ព្រោះតែប្តី…

ខេត្តកំពង់ធំ ៖ បុរសម្នាក់បើកភ្នែកសឹងមិនទាន់សុំលុយប្រពន្ធយកទៅទិញស្រាផឹក លុះឱ្យលុយប្តីរួច ប្រពន្ធក៏ចេញដំណើរទៅធ្វើបុណ្យនៅតាមខេត្តជាមួយអ្នកភូមិ ស្រាប់តែមិនបានប៉ុន្មានកូនៗក៏ទូរស័ព្ទទៅប្រាប់ថា មានគេប្រទះឃើញឪពុកដេកស្លាប់ក្បែរក្លោងទ្វារវត្ត បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចជិតក្លោងទ្វារវត្តស្មោញ ស្ថិតនៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ។

សពជនរងគ្រោះមានឈ្មោះអិន កែវ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្នុងភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ។

តាមការបំភ្លឺរបស់ឈ្មោះខាវ យ៉ុម ភេទស្រី អាយុ៣៧ឆ្នាំ ត្រូវជាក្មួយរបស់សព បានបំភ្លឺថា ជនរងគ្រោះត្រូវជាពូបង្កើត គាត់ជាមនុស្សញៀនស្រាស ហើយតែងផឹកស្រវឹងរាល់ថ្ងៃ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ គាត់បានទៅដឹកគោដែលចងឱ្យស៊ីស្មៅនៅខាងជើងក្លោងទ្វារវត្តស្មោញ ស្រាប់តែបានឃើញពូ កែវ (ជនរងគ្រោះ) ដេកជិតក្លោងទ្វារ ទើបគាត់ដើរទៅស្រែកហៅ តែគាត់មិនឆ្លើយ លុះដើរទៅជិតពិនិត្យមើល ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ។

តាមការបំភ្លឺរបស់ឈ្មោះជួន ស៊ុំ ភេទស្រី អាយុ៥៩ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានបំភ្លឺថា ប្តីរបស់គាត់ជាមនុស្សញៀនស្រា តែងផឹកស្រវឹងភ្លេចបាយភ្លេចទឹកស្ទើរាល់ថ្ងៃ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល៦ព្រឹក ប្តីគាត់បានសុំលុយទៅទិញស្រាសមកផឹក។ ចំណែកគាត់រួមជាមួយអ្នកភូមិស្មោញ ឃុំផាន់ញើម មួយចំនួនបាននាំគ្នាជួលឡាន១គ្រឿងទៅរៀបចង្ហាន់លោកនៅវត្តជីអោក ស្រុករវៀង ខេត្តព្រះវិហារ ដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ស្រាប់តែកូនរបស់គាត់ទូរស័ព្ទមកប្រាប់ថា ពុកខ្យល់គ ស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញសហការជាមួយលោកមេភូមិ នាយប៉ុស្តិ៍រដ្ឋបាលផាន់ញើម និងប្រជាពលរដ្ឋ សាច់ញាតិសព ដើម្បីធ្វើការពិនិត្យសាកសព និងពិនិត្យទីកន្លែងកើតហេតុ។ តាមការពិនិត្យ នៅដងខ្លួនសាកសពយើងពុំឃើញមានស្លាកស្នាមអ្វី គួរឱ្យកត់សម្គាល់ឡើយ។

ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់ សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះឈ្មោះអិន កែវ បានស្លាប់ដោយសារជំងឺរបស់ខ្លួនឯង (ខ្យល់គ)។ មូលហេតុជនរងគ្រោះជាមនុស្សញៀនស្រាជាប្រចាំ ដែលបណ្តាលឱ្យកើតខ្យល់គរ-គាំងបេះដូង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES