ចំណាស់នេះទៅហើយ មិនគួរលោកយាយប្រព្រឹត្តនូវទង្វើនេះទេ

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានបែកគំនិតលួងលោមបង្ខំក្មេងប្រុសស្រីតូចៗចំនួន៧នាក់ឱ្យដើរសុំទានតាមសួនច្បារនិងទីសាធារណៈ ដើម្បីរកលុយមកឱ្យខ្លួនទុកសម្រាប់ផឹកស្រា ហើយប្រសិនបើក្មេងៗណាដើរសុំទានមិនបានទេនោះ នឹងត្រូវស្ត្រីចំណាស់ចិត្តកំណាចរូបនេះ វាយដំធ្វើទារុណកម្មជាំសាច់មិនខាន ទីបំផុតបែកធ្លាយរឿងរ៉ាវដឹងដល់សមត្ថកិច្ចចុះអន្តរាគមន៍រំដោះក្មេងៗទាំង៦នាក់ និងឃាត់ខ្លួនស្ត្រីចំណាស់ខាងលើ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចសួនច្បារ ម្តុំសណ្ឋាគារសុខា តាមផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោកគុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចជំនាញ បានធ្វើការស្ត្រីសង្ស័យវ័យចំណាស់ជាអ្នកគ្រប់គ្រងម្នាក់ និងសង្គ្រោះកុមារ៧នាក់ ក្នុងនោះមានស្រី២នាក់។

ស្ត្រីចំណាស់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ុំ យឿន អាយុ៥៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

ប្រភពដដែលបន្តថា មុនឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃ រហូតដល់ស៊ីជម្រៅ បានចុះទៅឃាត់ខ្លួនស្ត្រីសង្ស័យនិងកុមារចំនួន៧នាក់ បានភ្លាមៗតែម្តង នាំមកការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ។

តាមសម្តីរបស់ស្ត្រីសង្ស័យ បានរៀបរាប់ប្រាប់ថា ជារៀងរាល់ព្រឹក គាត់បាននាំក្មេងៗទាំង៧នាក់ខាងលើ ទៅសុំទាននៅចំណុចតាមសួនច្បារ ម្តុំសណ្ឋាគារសុខា ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ដើម្បីដើរសុំទាននៅក្នុងផ្សារ រហូតដល់ម៉ោង៥ទៅម៉ោង៦ល្ងាច ទើបឱ្យក្មេងៗដេកនៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋ នៅម្តុំជ្រោយចង្វាវិញ។ ក្នុងនោះផងដែរក្មេងៗម្នាក់ៗ ក្នុង១ថ្ងៃ អាចសុំទានបានលុយពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល ដោយខ្លួនយកលុយទាំងអស់ និងឱ្យក្មេងៗម្នាក់១៥០០រៀល ឬ២០០០រៀលប៉ុណ្ណោះ គ្រាន់ទិញរបស់របរហូប។

សូមបញ្ជាក់ផងដែរស្ត្រីរូបនេះជាមនុស្សញៀនស្រា ថ្ងៃណាមួយដែលក្មេងៗមិនដើរសុំទាន់ស្ត្រីនោះវៃដំទៅលើក្មេងៗនោះផងដែរ។

បច្ចុប្បន្ន ស្ត្រីសង្ស័យត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាំមកសាកសួរ រួចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកកុមារទាំង៧នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ៕