Tuesday, September 23, 2025
Homeព័ត៌មានជាតិគ្រាន់តែគេហាមកុំឲ្យសម្ងែងសោះ គាត់ខឹងឆេវភ្លាមតែម្តង

គ្រាន់តែគេហាមកុំឲ្យសម្ងែងសោះ គាត់ខឹងឆេវភ្លាមតែម្តង

ភ្នំពេញ ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបានធ្វើសកម្មភាពបាញ់ចំនួន៤គ្រាប់ នៅមុខហាងផឹកស៊ីមួយកន្លែងនៅខណ្ឌទួលគោក ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយខ្មាន់កាំភ្លើងរូបនោះ គឺជាមន្ត្រីយោធា ហើយមូលហេតុដែលនាំឱ្យមានការបាញ់បោះសេរីបែបនេះ គឺដោយសារជនជាខ្មាន់កាំភ្លើងខឹងរឿងគេឃាត់មិនឱ្យសម្ងែងកាំភ្លើង។

ជនសង្ស័យជាខ្មាន់កាំភ្លើងដែលត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនខាងលើ មានឈ្មោះវណ្ណៈ ជាមន្ត្រីយោធា បម្រើការងារនៅក្រសួងការពារជាតិ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅតាមបណ្តោយផ្លូវ២៨៧ កែងផ្លូវ៥២៨ នៅមុខចំណុចស៊ីកនេតឈ័រ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ បានធ្វើសកម្មភាពដកកាំភ្លើងបាញ់សំដៅទៅលើស្លាកយីហោហាងផឹកស៊ីមួយកន្លែង យីហោស៊ីកនេតឈ័រ ចំនួន៤គ្រាប់ បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសដែលជាខ្មាន់កាំភ្លើង ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយសុគីនិច បើកដល់ផ្លូវបែកជាបួន ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជនល្មើសដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ឡើងទៅលើចំនួន៤គ្រាប់ រួចហើយជិះរត់គេចខ្លួនបាត់ស្រមោល។

ដោយឡែក តាមប្រភពីសាក្សីដែលជាអ្នកម៉ូតូកង់បី បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញថានៅក្នុងហាងស៊ីកនេតឈ័រ ខាងលើ មានគេឈ្លោះប្រកែកគ្នា ហើយដកកាំភ្លើងមួយសាររួចមកហើយតែមិនបានផ្ទុះអាវុធភ្លាមៗនោះទេ ស្រាប់តែមកដល់វេលាម៉ោងកើត ហេតុខាងលើ ក៏លេចមុខខ្មាន់កាំភ្លើង២នាក់ ដកកាំភ្លើងបាញ់មុខហាងចំនួន៤គ្រាប់តែម្តង។

ក្រោយកើតមានករណីបាញ់បោះសេរីខាងលើរួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូត ឈានដល់ការ ឃាត់ខ្លួនជនជាខ្មាន់កាំភ្លើងបាននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ព្រមទាំងដកហូតបាន អាវុធខ្លីមួយដើម ម៉ាក Glock និង រថយន្ត១គ្រឿង ជារបស់ជនសង្ស័យផងដែរ។

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យបានទៅចូលផឹកស៊ីនៅហាងលើ តែមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែដកកាំភ្លើងពីចង្កះហើយអាមេបញ្ចូលគ្រាប់រួចដាក់លើតុ។ ឃើញបែបនេះ មេការហាងបានដើរទៅសួរនាំ និងសុំទោសខ្មាន់កាំភ្លើង ដើម្បីឱ្យយកកាំភ្លើងទុកវិញ ព្រោះការធ្វើបែបនេះធ្វើឱ្យភ្ញៀវដ៏ទៃមានការភ័យខ្លាច។

ក្រោយមកខ្មាន់កាំភ្លើងបានគិតលុយ រួចចាកចេញពីហាង បានមួយសន្ទុះស្រាប់តែជិះម៉ូតូត្រឡប់មកវិញ និងបានដកកាំភ្លើងបាញ់ទៅលើផ្ទាំងយីហោ នៅខាងមុខហាងចំនួន៤គ្រាប់តែម្តង ទើបជិះគេចខ្លួនបាត់តែម្តង។

ខ្មាន់កាំភ្លើងខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES