ខេត្តកំពង់ធំ ៖ បុរសជាជាងធ្វើដំបូលផ្ទះម្នាក់បានឡើងទៅប្រក់ដំបូលសុខៗ ស្រាប់តែលើកស័ង្កសីប៉ះទាក់ជាមួយនឹងខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្តឆក់រងរបួសយ៉ាងធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិអូររាំង ឃុំពង្រ ស្រុកតាំងគោក។

បុរសរងគ្រោះខាងលើ មានឈ្មោះចាន់ កុសល់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងធ្វើដំបូលផ្ទះ មានលំនៅភូមិពង្រ ឃុំពង្រ ស្រុកតាំងគោក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើបានឡើងទៅប្រក់ដំបូលផ្ទះឱ្យគេនៅចំណុចកើតហេតុខាងលើ លុះក្រោយមកជនរងគ្រោះបានលើកស័ង្កសីឡើង បំណងដាក់ប្រក់ដំបូល ក៏ស្រាប់តែស័ង្កសីនោះបានទាក់ប៉ះនឹងខ្សែភ្លើងស្រាត បណ្តាលឱ្យឆ្លងចរន្តឆក់រងរបួសធ្ងន់ដេកដួលលើដំបូល។

ក្រោយកើតហេតុភ្លាមៗ អ្នករួមការងារ រួមនឹងប្រជាពលរដ្ឋបាននាំគ្នាឡើងទៅជួយសង្គ្រោះជនរងគ្រោះ និងលើកជនរងគ្រោះចុះមកក្រោមវិញ រួចប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្គន់ ដើម្បីឱ្យក្រុមគ្រួសារជួយសង្គ្រោះជីវិត៕