ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់បានប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ខណៈពួកគេជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បណ្តាលឱ្យដួលម៉ូតូរងរបួស តែមិនបានសម្រេច ហើយជិះគេចខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ដួលដោយខ្លួនឯង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១និង២៥នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយត្រូវចាប់បាននៅក្នុងមូលដ្ឋាន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះជឿន សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិអណ្តូងទី៦ និងទី២-ឈ្មោះលុយ វុទ្ធា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1D-6339 ធ្វើសកម្មភាព។

ចំណែកជនរងគ្រោះឈ្មោះខុន សុខា អាយុ៤២ឆ្នាំ មានលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមជនរងគ្រោះជាម្ចាស់កាបូប បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ក្នុងបំណងទៅទិញថ្នាំពេទ្យ ខណៈដែលធ្វើដំណើរមកដល់កន្លែងកើតហេតុ មុខផ្សារឡាក់គី ក្នុងសង្កាត់គោកឃ្លាង ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមកឆក់កាបូបបណ្តាលឱ្យដួលម៉ូតូផ្កាប់មុខរងរបួសដៃនិងជើងតែម្តង។

តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ហើយជនសង្ស័យ២នាក់នោះ បានជិះម៉ូតូមកអែបស្ត្រីរងគ្រោះធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេច បណ្តាលឱ្យម្ចាស់កាបូបដួលម៉ូតូ ភ្លាមៗអ្នកដំណើរក៏បាននាំគ្នាដេញតាមស្រែកចោរៗ រហូតដល់មូលដ្ឋានសង្កាត់កាកាប១ ហួសផ្លូវរថភ្លើងបន្តិច ជនសង្ស័យក៏បានដួលម៉ូតូដោយខ្លួនឯង ហើយត្រូវប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបានរួចប្រគល់ឱ្យនគរបាល ប៉ុស្តិ៍កាកាបទី១។

ចំណែកជនសង្ស័យបានធ្វើការបដិសេធថា ពួកគេមិនបានធ្វើសកម្មភាពឆក់ទេ គឺគ្រាន់តែជិះម៉ូតូប៉ះតែប៉ុណ្ណោះ៕