Tuesday, September 23, 2025
Homeព័ត៌មានជាតិមិនដឹងទៅដល់ទីណានោះទេ... បន្សល់ទុករូបភាពក្នុងកាមេរ៉ា

មិនដឹងទៅដល់ទីណានោះទេ… បន្សល់ទុករូបភាពក្នុងកាមេរ៉ា

ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្សារថ្មី ហៅផ្សារ២៣មករា ស្ថិតក្នុងភូមិ២៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូទៅបាត់ ដោយបន្សល់ទុកតែរូបភាពជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ម៉ូតូដែលត្រូវចោរកាច់សោកលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខបាត់ដំបង 1AE-4795 ដែលមានម្ចាស់ឈ្មោះទឹម តែម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

បើតាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា គាត់បានជិះម៉ូតូទៅផ្សារចូលទិញម្ហូបមួយភ្លែត ដោយទុកនៅក្បែរចិញ្ចើមថ្នល់ ចាក់សោកត្រឹមត្រូវ។ លុះពេលចេញពីផ្សារមកវិញ ស្រាប់តែបាត់ម៉ូតូរកមិនឃើញ ទើបឆោឡោឱ្យគេជួយនិងប្តឹងសមត្ថកិច្ចឱ្យស្រាវជ្រាវរកម៉ូតូមកវិញ។ ប៉ុន្តែមិនបានលទ្ធផលទេ មិនដឹងជាចោរជិះទៅដល់ណាឡើយ។ ពេលសមត្ថកិច្ចនគរបាលក្រុង ចុះឆែកក្នុងកាមេរ៉ាសុវត្ថិភាព គឺឃើញរូបបុរសម្នាក់ស្លៀកខោវែងពណ៌ខ្មៅ និងពាក់អាវសដៃវែង ព្រមទាំងពាក់មួកសុវត្ថិភាពបាំងជិតមើលមិនឃើញមុខ។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅក្នុងក្រុងបាត់ដំបង រយៈពេលចុងក្រោយនេះ គឺកើតមានសកម្មភាពចោរកាច់សោកលួចម៉ូតូ ចោរឆក់ គាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកើនឡើងគ្មានថមថយទេ ក៏ដូចនៅក្នុងខេត្តបាត់ដំបង ទាំងនៅតាមបណ្តាស្រុកមួយចំនួន។ ចំពោះការទប់ស្កាត់ ឬបង្ក្រាបធ្វើបានលទ្ធផលតិចតួចបំផុត។

ប្រភពបន្តថា កាលពីប៉ុន្មានថ្ងៃមុន ក៏មានករណីកាច់សោលួចយកម៉ូតូនៅម្តុំផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អស់១គ្រឿង ដែលល្បីថា ជាម៉ូតូកូនស្រីលោក អធិការម្នាក់ផង។ ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បានជនសង្ស័យណាម្នាក់នៅឡើយទេ៕

RELATED ARTICLES