ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់កំពុងអង្គុយលក់ចាប់ហួយតែម្នាក់ទាំងកណ្តាលអធ្រាត្រ ក៏ស្រាប់លេចមុខក្មេងស្ទាវម្នាក់បានធ្វើសកម្មភាពចូលទៅច្របាច់ក រួចលូកយកលុយពីក្នុងហោប៉ៅនារីរងគ្រោះបានមួយក្តាប់រត់គេចខ្លួន តែត្រូវនារីរងគ្រោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាង នាំគ្នាជួយដេញតាមចាប់បាន រួចវាយម្នាក់មួយដៃម្នាក់មួយជើងទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវច្របាច់កប្លន់ស្រីស្អាតទាំងកណ្តាលរាត្រីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ19E ជាផ្ទះលក់ចាប់ហួយមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះរ៉ា ណិត អាយុប្រហែល២០ឆ្នាំ មុខរបរកម្មករលក់ទឹកកក ស្នាក់នៅមិនពិតប្រាកដ។ ចំណែកនារីរងគ្រោះមិនបានប្រាប់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ប្រកបរបរលក់ចាប់ហួយ និងស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពពីស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងកំពុងអង្គុយលក់ដូរអីវ៉ាន់ចាប់ហួយនៅមុខផ្ទះ (កន្លែងកើតហេតុ) ដូចសព្វដង លុះយប់ជ្រៅបន្តិច ក៏ស្រាប់តែឃើញជនសង្ស័យខាងលើមិនដឹងជាដើរមកពីណាទេបានមកអង្គុយសំកុកនៅក្បែរកន្លែងនាងលក់។

នារីរងគ្រោះបន្តថា ដោយឃើញអាការគួរឱ្យសង្ស័យ ព្រោះឃើញជនសង្ស័យចេះតែក្រឡេកមើលឆ្វេងមើលស្តាំ សម្លឹងរកមើលអ្វីផ្សេងៗក្នុងផ្ទះរបស់នាង ទើបនាងក៏សួរថា រកអ្វី? ជនសង្ស័យក៏ឆ្លើយប្រាប់ថា ចាំលក់ទូរស័ព្ទ (អិនចុចពិល) តែអ្នកទិញមិនទាន់មកយក ហើយក៏យកមកបង្ហាញនាងទៀតផង តែនាងប្រាប់ថា សម័យនេះគេមិនសូវនិយមប្រើទេ ទូរស័ព្ទម៉ាកហ្នឹងនោះ រួចប្រាប់ឱ្យជនសង្ស័យដើរទៅអង្គុយចាំនៅកន្លែងផ្សេង ឆ្ងាយពីកន្លែងដែលនាងលក់ដូរបន្តិចទៅ។
នារីរងគ្រោះបន្តទៀតថា ក្រោយមកជនសង្ស័យក៏បានដើរទៅវិញទៅមកងើបអង្គុយចុះឡើងៗរហូតមកដល់ម៉ោងកើតហេតុ នៅមុខផ្ទះរបស់នាងមានសភាពស្ងាត់ និងមិនទាន់មានអាជីវករណា ឬកម្មករអូសរទេះបន្លែផ្សេងៗណាមកទិញអីវ៉ាន់ឡើយ ទើបជាឱកាសរបស់ជនសង្ស័យបានស្ទុះចូលមកចាប់ច្របាច់កនាង រួចលូកហោប៉ៅនាងយកលុយបានមួយក្តាប់ ពេលនោះនាងបានប្រតាយប្រតប់ និងស្រែកឱ្យគេជួយ ទើបជនសង្ស័យយកលុយបានមួយក្តាប់ (មិនដឹងចំនួន) ស្ទុះរត់គេចខ្លួន ផ្អើលឆោឡោដល់អ្នកជិតខាងនាំគ្នាជួយដេញតាមចាប់ជនសង្ស័យភ្លាមៗផងដែរ តែជនសង្ស័យបានរត់ពួនកន្លែងងងឹតមួយកន្លែងនៅតាមផ្លូវលេខ២៣០ ជិតរបងម៉ុងឌីយ៉ាល់បាត់មួយសន្ទុះ។

តែចៃដន្យត្រូវបានអ្នកជិតខាងត្រឡប់មកវិញ ប្រទះឃើញក៏នាំគ្នាឡោមព័ទ្ធចាប់បានវាយម្នាក់មួយដៃម្នាក់មួយជើង ទើបរាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍ផ្សារដើមគ ចុះមកយកទៅសាកសួរនៅប៉ុស្តិ៍។
បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕