អ្នកមេម៉ាយគ្មានកូន១គ្រាប់ សុខ ស្រីនាង ហាក់ស្ងប់ស្ងាត់នៅរដូវកូវីដ-១៩នេះ នាងមិនសូវចេញមុខចេញមាត់ដូចមុនទៀតឡើយ ស្របពេលដែលអតីតប្តីកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយ ប្រពន្ធកូនថ្មី។
ទោះជាយ៉ាងណា គេពិបាកក្នុងការជឿថា ស្រីនាង នៅបេះដូងទំនេរ បើទោះជាតាំងពីធ្លាក់ខ្លួនមេម៉ាយ១០ឆ្នាំ ស្រីនាង មិនដែលបណ្តើរសង្សារថ្មីជាចំហម្តងណាក៏ដោយ ប៉ុន្តែការប្រឹងលាក់មុខមាត់ម្ចាស់ចិត្តថ្មីនេះ អ្នកខ្លះយល់ស្របទៅអតីតប្តី ស្រីនាង ដែលថាអ្នកចង់ធ្វើប្តីតារាចម្រៀងរូបនេះ បាន គឺទាល់តែជាអ្នកធំ…។

មានតែអ្នកចម្រៀងសុខ ស្រីនាង តែម្នាក់គត់ ដែលលែងប្តីអស់១០ឆ្នាំហើយ ប៉ុន្តែនាងបានព្យាយាមលាក់ប្តីថ្មីជិតឈឹង មិនដែលបណ្តើរគូស្នេហ៍ថ្មីជាចំហម្តងណាទេ ស្របពេលដែលតារាផ្សេងៗទៀត ដែលក្លាយជាមេម៉ាយដូចនាងដែរ ដូចជា ចន ច័ន្ទលក្ខិណា , ម៉េង កែវពេជ្ជតា , កែវ និសា , ពេជ្រ សោភា , សុខ សោម៉ាវត្តី ជាដើម ម្នាក់ៗសុទ្ធតែមានម្ចាស់បេះដូងរៀងៗខ្លួនអស់ទៅហើយ។
ចម្លែកតែស្រីនាង ម្នាក់ទៅវិញ នាងមិនដាច់ចិត្តបណ្តើរ ឬបង្ហាញមុខគូស្នេហ៍ថ្មីជាដាច់ខាតតែម្តង ពោលគឺលាក់ជិតឈឹង សូម្បីតែទៅច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍ និងតាមបណ្តាខេត្ត ក៏នាងមិនយកសង្សារទៅកៀកកើយគ្នាដែរ។

សុខ ស្រីនាង មិនដែលនិយាយរឿងគូស្នេហ៍ថ្មីឡើយ ប៉ុន្តែនាងធ្លាប់បានដឹងថា អតីតប្តីរបស់នាង លោកស៊ី សុវត្ថិ មានគ្រួសារថ្មីដែរ តែនាងមិនខ្វល់នោះទេ។ ការប្រឹងបិទមុខប្រុសស្នេហ៍នេះ ត្រូវបានគេសង្ស័យថា មកពីអនាគតស្វាមីរបស់ស្រីនាង ជាមន្ត្រីធំល្បីឈ្មោះ និងខ្លះទៀតសង្ស័យថា បុរសនោះមិនមែននៅទំនេរ បានជានាងមិនហ៊ានបណ្តើរដូចគេ ខណៈដែលលោកស៊ី សុវត្ថិ អតីតប្តីនាង បានគូសកំណត់រួចជាស្រេចទៅហើយថា ប្រុសដែលអាចធ្វើជាប្តីថ្មីស្រីនាង បាន គឺ ទាល់តែម្នាក់នោះ មានអំណាច (មន្ត្រីធំ) និងមានលុយ ទើបអាចទៅរួច។

ប្រសិនបើអ្វីៗដូចលោកស៊ី សុវត្ថិ បានដៅមែននោះ ប្រាកដជាស្រីនាង អាចនឹងក្លាយទៅជាជំទាវនាពេលខាងមុខជាមិនខានឡើយ ព្រោះនាងនឹងបានប្តីជាមន្ត្រីធំ ប៉ុន្តែគេមិនដឹងថា តើនាងជាជំទាវលាក់មុខ ឬជំទាវចំហ ប្រសិនបើស្វាមីនាងជាអ្នកធំមែននោះ ព្រោះការសាងស្នេហ៍លាក់លៀមទាំងឡាយណារបស់តារាល្បីៗ គឺជាមុខសញ្ញានៃការតាមដានរបស់មហាជន ហើយភាគច្រើនតារាមិនហ៊ានបញ្ចេញមុខប្តីនោះ អាចមកពីការរងសម្ពាធពីគូស្នេហ៍តែម្តង។

ថ្វីត្បិតតែសុខ ស្រីនាង អាចនឹងកំពុងសម្លឹងមើលងារជំទាវក្តី ប៉ុន្តែកន្លងមកតារាចម្រៀងរូបនេះមិនដែលមានអង្គរក្សតាមហែហមឡើយ គឺនាងច្រើនតែជិះរថយន្តតែម្នាក់ឯង ឬជាមួយប្អូនប្រុសរបស់នាងទៅឆាកតន្ត្រី។
គេថា ជម្រើសតិចតួចបំផុតដែលស្រីនាង អាចនឹងជ្រើសរើសយកគូស្នេហ៍ថ្មីជាអ្នកសិល្បៈម្តងទៀត ព្រោះតែនាងមិនចង់ដំបៅបេះដូងម្តងទៀតទេ ហេតុនេះហើយនាងមិនចង់ឈឺជាលើកទី២ឡើយ អ៊ីចឹងហើយបានជាការយកប្តីជាមន្ត្រីធំ នៅតែជាជម្រើសរបស់ស្រីនាង។

សុខ ស្រីនាង បានរៀបការជាមួយលោកស៊ី សុវត្ថិ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១០ ហើយបានលែងលះគ្នាវិញ ដោយគ្មានកូន១គ្រាប់ឡើយ ក្រោយពីបានរួមរស់ជាប្តីប្រពន្ធមិនដល់១ឆ្នាំផង។
ទោះជាយ៉ាងណា ក្រោយធ្លាក់ខ្លួនមេម៉ាយ១០ឆ្នាំនេះ ស្រីនាង ដែលនៅតែមានរូបសម្រស់លេចត្រដែតនោះ នាងមានជម្រើសស្នេហ៍កាន់តែច្រើន ហើយក្នុងនោះ ការឆក់យកតំណែងជំទាវ មិនមែនជាការពិបាកឡើយសម្រាប់រូបនាង ប្រសិនបើអ្នកចម្រៀងរូបនេះចង់តាំងចិត្តមែន។

ប៉ុន្តែតាំងពីរស់នៅជាស្ត្រីមេម៉ាយរងាកាយា ១ទសវត្សនេះមក នៅមិនទាន់មានដំណឹងថា អ្នកមេម៉ាយរូបស្រស់រូបនេះ នឹងចូលរោងការជាលើកទី២ឡើយ៕
ហ៊ឹម វិចិត្រ