ខេត្តស្ទឹងត្រែង ៖ យុវជនកំហូចម្នាក់បានទាក់ទងស្នេហាជាមួយនឹងនារីម្នាក់ រហូតឈានដល់ការណាត់គ្នារួមរ័កមេត្រីជាច្រើនដង និងតែងលួចថតវីដេអូទុក ដោយមិនឱ្យខាងស្រីដឹងខ្លួនឡើយ ស្រាប់តែក្រោយមក ខាងប្រុសបែកគំនិតបានសម្លុតគំរាមស្រីស្នេហ៍របស់ខ្លួន ទារប្រាក់ចំនួន១០លានរៀល ជាថ្នូរនឹងការ មិនបង្ហោះវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក ទីបំផុត ខាងស្រីទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះប្រុសកំហូច នាំយកទៅចាត់ការតាមច្បាប់។
ការចាប់ឃាត់ខ្លួនជនសង្ស័យដែលលួចថតវីដេអូរួមរ័កជាមួយស្រីស្នេហ៍ រួចគំរាមបង្ហោះហ្វេសប៊ុក ទារប្រាក់ពីស្រីស្នេហ៍ចំនួន១០លានរៀលខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្រុកថាឡាបរិវ៉ាត់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួនខាងលើ មានឈ្មោះចាន់ ភ័ក្ត្រា អាយុ២៤ឆ្នាំ មុខរបរជាងសិប្បកម្ម មានលំនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ចំណែកនារីរងគ្រោះ អាយុ២៣ឆ្នាំ មានលំនៅក្នុងខេត្តស្ទឹងត្រែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើ បានទាក់ទងស្នេហាជាមួយនឹងនារីរងគ្រោះយ៉ាងស៊ីជម្រៅ រហូតដល់ធ្លាប់រួមរ័កមេត្រីនឹងគ្នាទៀតផង ហើយនៅអំឡុងពេលរួមរ័កគ្នានោះ ជនសង្ស័យតែងលួចថតសកម្មភាពរួមរ័ក ដោយមិនឱ្យនារីរងគ្រោះជាសង្សារដឹងខ្លួននោះឡើយ។
របាយការណ៍ដដែលបន្តថា លុះក្រោយមក នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះចាន់ ភ័ក្ត្រា បានគំរាមកំហែងទាមទារប្រាក់ពីនារីរងគ្រោះឱ្យវេរលុយមកឱ្យខ្លួន (ជនសង្ស័យ) ចំនួន១០លានរៀល ហើយការគំរាមកំហែងទារប្រាក់ពីសំណាក់ជនសង្ស័យរូបនេះ បានដាក់លក្ខខណ្ឌទៅលើនារីរងគ្រោះថា បើសិនជាមិនឱ្យលុយតាមការទាមទារដូចខាងលើនេះទេ គេ (ចាន់ ភ័ក្ត្រា) នឹងទម្លាយឃ្លីបវីដេអូដែលធ្លាប់បានរួមមេត្រីជាមួយគ្នានោះបង្ហោះជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយពីទ្រាំនឹងទង្វើរបស់ជនសង្ស័យដែលបានប្រព្រឹត្តដាក់ខ្លួនតទៅទៀតលែងបាន ទើបនារីរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះរួចមក កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តស្ទឹងត្រែង សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាតរ់ខ្លួនជនសង្ស័យ ឈ្មោះ ចាន់ ភ័ក្ត្រា បាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ រួចក៏នាំយកមកសាកសួរ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕