Tuesday, September 23, 2025
Homeព័ត៌មានជាតិយកប្តីចាស់ក្រពេក ប្រពន្ធលុតជង្គង់សំពះ សុំទៅយកប្តីថ្មី

យកប្តីចាស់ក្រពេក ប្រពន្ធលុតជង្គង់សំពះ សុំទៅយកប្តីថ្មី

ខេត្តមណ្ឌលគិរី ៖ ប្តីប្រពន្ធមួយគូនេះរស់នៅក្នុងជីវភាពក្រតោកយ៉ាងខ្លាំងណាស់ ឯកូនក៏ច្រើនទៀត ដល់ទៅ៥នាក់ លុះទ្រាំនឹងជីវភាពក្រហៅលែងលឺបែបនេះតទៅទៀត លែងបាន ស្រាប់តែស្ត្រីជាប្រពន្ធបែកគំនិតលុតជង្គង់សំពះប្តី អង្វរសុំចាកចេញពីផ្ទះ ដើម្បីទៅរកប្តីថ្មី ក្រែងមានជីវភាពប្រសើរជាងនេះ ធ្វើឱ្យបុរសជាប្តីស្ទើរក្អួតឈាមស្លាប់រកអ្វីមកនិយាយលែងចេញ មានតែយល់ព្រមបើកផ្លូវឱ្យប្រពន្ធចេញទៅរកអនាគតថ្មីចុះ ចំណែកខ្លួនសុខចិត្ត រ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងទាំងគ្រាំចិត្ត។

បុរសអភ័ព្វដែលត្រូវប្រពន្ធលុតជង្គង់សុំចាកចេញទៅរកប្តីថ្មីនេះ មានឈ្មោះវុធ ម៉ៅ អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ តែបច្ចុប្បន្នបានសុំដីគេសង់កូនខ្ទម ស្នាក់នៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ចំណែកស្ត្រីជាប្រពន្ធដែលសំពះសុំប្តីរបស់ខ្លួនដើម្បីទៅយកប្តីថ្មីនេះ មានឈ្មោះសុខ គៀត អាយុ៣៥ឆ្នាំ។

បុរសអភ័ព្វខាងលើ បានរៀបរាប់ថា រូបគាត់បានរៀបការជាមួយប្រពន្ធ ឈ្មោះសុខ គៀត ជាង១០ឆ្នាំមកហើយ ដោយនៅស្រុកកំណើត គ្មានមុខរបរត្រឹមត្រូវ ក៏បាននាំប្រពន្ធមកស៊ីឈ្នួលគេនៅក្នុងស្រុកកែវសីមា នេះ និងបង្កើតកូនប្រុសបានចំនួន៥នាក់ តែកាលពីប៉ុន្មានខែមុន កូនប្រុសម្នាក់ត្រូវពោះពស់ចឹក បណ្តាលឱ្យស្លាប់បាត់ទៅហើយ ហេតុនេះសព្វថ្ងៃនៅសល់តែកូនប្រុស៤នាក់ប៉ុណ្ណោះ។

បុរសរូបនេះ បានបន្តថា តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធគាត់រកស៊ីមិនឡើងសោះ រកព្រឹកខ្វះល្ងាច ជួនដាច់ពេលក៏មានរហូតដល់ប្រពន្ធរបស់គាត់ ទ្រាំនឹងជីវភាពក្រលំបាកបែបនេះលែងបាន ក៏ស្រាប់តែរៀបចំវេចបង្វេច រួចមកលុតជង្គង់សំពះសុំចាកចេញពីជីវិតរបស់គាត់ជាប្តី និងកូនតូចៗទាំង៤ ដោយគ្មានស្តាយស្រណោះបន្តិចសោះឡើយ និងបានប្រាប់គាត់ជាប្តីដោយត្រង់ថា នាងសុំទៅយកប្តីថ្មីហើយ ក្រែងមានជីវភាពធូរធារជាងនេះ។

ចំណែកគាត់គ្រាន់តែស្តាប់ឮសម្តីប្រពន្ធបែបនេះ ស្ទើរគាំងបេះដូងស្លាប់មួយរំពេច និងមិនដឹងជារក ពាក្យអ្វីមកហាមឃាត់ប្រពន្ធបាន មានតែបណ្តោយតាមចិត្តរបស់នាង បើកផ្លូវឱ្យនាងទៅរកមនុស្ស ប្រុសថ្មីចុះ ក្រែងប្រសើរខ្ពង់ខ្ពស់ជាគាត់។

បុរសអភ័ព្វរូបនេះ បានបន្ថែមថា រាល់ថ្ងៃ ពេលព្រឹកគាត់តែងទុកកូនតូចៗ២នាក់ ឱ្យកូនច្បងមើលនៅផ្ទះ ឯគាត់ចេញទៅរើសអេតចាយមួយព្រឹក រកលុយបានជាង១ម៉ឺនរៀលដែរ។ លុះពេលរសៀល គាត់នៅមើលកូនតូច វិញម្តង ដោយឱ្យកូនច្បងដែលមានអាយុ១២ឆ្នាំ និងកូនបន្ទាប់អាយុ៨ឆ្នាំ ដើរទៅរើសអេតចាយម្តង ផ្សែផ្សំគ្នាគ្រាន់បានលុយកាក់ទិញចំណីអាហារអង្ករអំបិលហូប។ ទោះយ៉ាងណា បើមានអង្គការណាទទួលយកកូនរបស់គាត់ទៅចិញ្ចឹម គាត់ក៏ព្រមប្រគល់ទៅឱ្យដែរ ព្រោះចង់ឱ្យកូនបានរស់នៅខ្ពង់ខ្ពស់ មានចំណេះដឹង មិនចង់ឃើញកូនៗរស់នៅលំបាកវេទនា ដើរតែរើសអេតចាយឱ្យតត្រុកបែបនេះឡើយ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកនួន សារ៉ន អភិបាលស្រុកកែវសីមា បានចាត់ឱ្យមន្ត្រីចុះត្រួតពិនិត្យភ្លាមៗផងដែរ និងបានបញ្ជាក់ថា ក្រុមគ្រួសារខាងលើ គឺជាពលរដ្ឋចំណូលថ្មី។ ក្រោយពិនិត្យរួច អាជ្ញាធរមូលដ្ឋានក៏បានផ្តល់អំណោយរបស់សាខាកាកបាទក្រហម ជួយជ្រោមជ្រែងមួយផ្នែកផងដែរ។

ជាមួយនេះ លោកម៉ី អាន ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ក៏បានជួយឧបត្ថម្ភជាថវិកា និងអង្ករ មួយចំនួន ជូនគ្រួសារខាងលើ ដើម្បីសម្រាលទុក្ខលំបាកផងដែរ…៕

RELATED ARTICLES