ពិធីករនិងតារាសម្ដែង ប៉ែន ចំរ៉ុង សប្បាយចិត្តក្រៃលែងនៅពេលដែលភរិយាលោក អ្នកនាងហ៊ុន ម៉ាណេ បានសម្រាលកូនស្រីដោយជោគជ័យ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅមន្ទីពេទ្យអរៀនដា ដោយចំរ៉ុង បានដាក់ឈ្មោះកូនស្រីថា ”Bell”។

ប៉ែន ចំរ៉ុង បានបង្ហោះសារថា ”ប៉ាម៉ាក់ពិតជារំភើបសប្បាយរីករាយណាស់ ដូចហោះឡើងលើមេឃអីចឹង ពេលកូនស្រីកើតមកមានគ្រប់លក្ខណៈ មានសុខភាពល្អ ហើយមិនធ្វើម៉ាក់ពិបាកយូរ”។

ប៉ែន ចំរ៉ុង បានរៀបការជាមួយអ្នកនាងហ៊ុន ម៉ាណេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយពេលនេះទទួលបានចំណងដៃកូនស្រីតាមបំណងប្រាថ្នា។ នេះជាកូនស្រីទី២ របស់ចំរ៉ុង ព្រោះអំឡុងពេលដែលពិធីកររូបនេះភ្ជាប់ស្នេហ៍ជាមួយអ្នកនាងភិន សុដាលីស និងចែកផ្លូវគ្នាដោយចម្រូងចម្រាសនោះ ពួកគេទទួលបានកូនស្រីម្នាក់ ឈ្មោះ Catherina អាយុជាង៣ឆ្នាំទៅហើយ។ ប៉ុន្ដែចំរ៉ុង មិនដែលបានជួបមុខដោយផ្ទាល់ និងបីកូនស្រីតាមក្ដីប្រាថ្នានោះទេ ព្រោះអ្នកនាងសុដាលីស មិនអនុញ្ញាតឲ្យកូនស្រីនាងជួបមុខអតីតប្ដីឡើយ៕





