ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល តាមចាប់ក្របួចជាប់ បន្ទាប់ពីជននេះបានធ្វើសកម្មភាពលួចម៉ូតូអ្នកដែលជួលបន្ទប់ស្នាក់នៅក្បែរគ្នា ពីក្រុងតាខ្មៅ រួចជិះចេញសំដៅទៅកាន់ខេត្តព្រៃវែង ក៏ត្រូវសមត្ថកិច្ចតាមទាន់ ខណៈដែលជនសង្ស័យកំពុងឈប់ដោះដុំ GPS ចេញពីម៉ូតូ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។

បើតាមសមត្ថកិច្ចនគរបាល ប្រាប់ឱ្យដឹងថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ មានឈ្មោះវី សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ។

ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះឡយ សាវីត ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
វត្ថុតាងដកហូតបានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ស្លាកលេខ កណ្តាល 1AG-3612 (របស់ជនរងគ្រោះ)។ ដុំ GPS ពណ៌ខ្មៅ០១។

ប្រភពសមត្ថកិច្ចដដែល បានឱ្យដឹងដែរថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានបណ្តើរម៉ូតូរបស់ខ្លួនចេញពីក្នុងបន្ទប់ជួលមកដាក់នៅមុខបន្ទប់ ដោយពុំបានដកកូនសោចេញពីម៉ូតូទេ រួចដើរទៅក្នុងបន្ទប់វិញដើម្បីយកសំបកកង់ចាស់ៗទៅលក់។ ពេលដើរចេញមកវិញ ស្រាប់តែឃើញជនសង្ស័យដែលស្នាក់នៅបន្ទប់ជួលជាន់ខាងលើ បានជិះម៉ូតូរបស់ខ្លួនចេញទៅយ៉ាងលឿន ជនរងគ្រោះក៏ស្រែករត់ដេញតាម តែមិនទាន់ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ដើម្បី ឱ្យជួយអន្តរាគមន៍។

ប្រភពដដែលបន្តថា ដោយម៉ូតូរបស់ជនរងគ្រោះមានបំពាក់ប្រព័ន្ធ GPS ទើបកម្លាំងបានជិះតាមរហូតដល់ខេត្តព្រៃវែង ហើយបានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ឃើញជនសង្ស័យកំពុងតែដោះដុំ GPS ចេញពីម៉ូតូ ទើបឃាត់ខ្លួនជនសង្ស័យបាន រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕