ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ដល់ស្រុកគូលែន ខេត្តព្រះវិហារ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់រំលោភសេចក្តីទុកចិត្ត។
យោងតាមរបាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ត្រីត្រូវចោទរូបនេះ មានឈ្មោះអៀង សេងហុង ហៅ សារិទ្ធ មុំ អាយុ៤៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤អា ផ្លូវលេខ០២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

របាយការណ៍ដដែលបានបញ្ជាក់ឱ្យដឹងដែរ ថា ស្ត្រីរូបនេះបានយកប្រាក់ចំនួន៨៣៥,០០០ដុល្លារ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ពីឈ្មោះមិន ស្វ័យ ភេទប្រុស អាយុ៥៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩៩ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រឿងទិញដីធ្លី ដោយស្ត្រីរូបនេះបានយកលុយពីជនរងគ្រោះទៅទិញដី ហើយក៏លួចលក់បានលុយ តែមិនបានយកលុយមកឱ្យជនរងគ្រោះនោះឡើយ។
ក្រោយដឹងថា ជនសង្ស័យឆបោក ទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ រហូតមានដីកាបញ្ជាឱ្យចូលខ្លួន ដើម្បីចាត់ការតាមច្បាប់ តែជននេះគេចវេះរហូតដល់សមត្ថកិច្ចស្វែងរកចាប់ខ្លួនតែម្តង។
ក្រោយការឃាត់ខ្លួន នៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កម្លាំងនគរបាលបាននាំខ្លួនស្ត្រីឆបោករូបនេះមកកាន់រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕