Tuesday, September 23, 2025
Homeព័ត៌មានជាតិញឹកញាប់ពេក ពួកគាត់ចាំតាមដាន ឃើញមកមែន

ញឹកញាប់ពេក ពួកគាត់ចាំតាមដាន ឃើញមកមែន

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បើករ៉ឺម៉កសណ្តោង ដើរលួចរបស់របរទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅពេលយប់ ក៏ត្រូវប្រជាពលរដ្ឋដេញតាមចាប់បានចំនួន២នាក់ ប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងបង្កឱ្យ មានការភ្ញាក់ផ្អើលកាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយម្នាក់មានអាយុ២០ឆ្នាំ និងម្នាក់ទៀតអាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីពលរដ្ឋជាម្ចាស់ទ្រព្យដែលចោរលួចខាងលើ បានឱ្យដឹងថា របស់របរគាត់បានដាក់នៅខាងមុខផ្ទះ ហើយតែងតែបាត់ជាញឹកញាប់។ លុះនៅមុនពេលកើតហេតុ ពួកគាត់បានឮសំឡេងនៅខាងមុខផ្ទះ គាត់ក៏បានដាស់បងប្អូនដើម្បីឱ្យជួយមើល ក៏បានឃើញជនសង្ស័យយកអីវ៉ាន់ដែលទុកនៅមុខផ្ទះដាក់លើរ៉ឺម៉ក ទើបចេញមកខាងក្រៅ ហើយនាំគ្នាជិះម៉ូតូដេញតាមឃាត់បានជនសង្ស័យចំនួន២នាក់ ក្នុងនោះជនសង្ស័យម្នាក់អាយុ២០ឆ្នាំ និងម្នាក់អាយុ១៣ឆ្នាំ។

ប្រភពដដែលបន្តថា ភ្លាមៗនោះដែរ រូបគាត់ជាជនរងគ្រោះក៏បានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី២ ឱ្យមកជួយអន្តរាគមន៍យកទៅសួរនាំនៅប៉ុស្តិ៍។ បន្ទាប់ពីការសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ជារៀងរាល់ថ្ងៃ ពួកគេដើររើសអុសនៅតាមការដ្ឋាន តែយប់នេះ ដាច់លុយផង បានជាពួកគេដាច់ចិត្តនាំគ្នាដើរលួចនៅពេលយប់តែម្តងទៅ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងដើម្បីបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES