Thursday, April 25, 2024
Homeព័ត៌មានជាតិចម្ការ​កៅស៊ូ​បង្កប់​សកម្ម​ភាព​ជីក​រ៉ែ មាស ត្បូង សង្គម​ស៊ីវិល​និង​អ្នក​នយោ​បាយ ស្នើ​រដ្ឋា​ភិបាល​ទប់​ស្កាត់

ចម្ការ​កៅស៊ូ​បង្កប់​សកម្ម​ភាព​ជីក​រ៉ែ មាស ត្បូង សង្គម​ស៊ីវិល​និង​អ្នក​នយោ​បាយ ស្នើ​រដ្ឋា​ភិបាល​ទប់​ស្កាត់

ភ្នំពេញ ៖ សង្គមស៊ីវិល អ្នកនយោបាយ ព្រមទាំងមហាជន បានលើកឡើងថា ការផ្តល់ ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅឱ្យក្រុមហ៊ុនបរទេស បានធ្វើឱ្យប៉ះពាល់ខាតបង់ដល់តម្លៃ សេដ្ឋកិច្ចជាតិ ពីព្រោះក្រុមហ៊ុនទាំងនោះ បាន យកដីសម្បទានសេដ្ឋកិច្ចនោះ ធ្វើជាលេសអភិវឌ្ឍ ដាំដើមកៅស៊ូ តែមានលាក់បង្កប់សកម្មភាពជីក រ៉ែមាសត្បូង បំផ្លាញធនធានធម្មជាតិទាំងលើដី និងក្រោមដី។ ដូច្នេះបើរដ្ឋាភិបាលមិនប្រញាប់ ចាត់វិធានការត្រួតពិនិត្យ និងទប់ស្កាត់ទេ ធនធានរ៉ែកម្ពុជា ប្រាកដជាវិនាសហិនហោចខាត ប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរដ៏ឆាប់មិនខាន។

rea3

ជាការកត់សម្គាល់ពីមជ្ឈដ្ឋានសង្គមស៊ីវិល បានបង្ហាញក្តីព្រួយបារម្ភថា កន្លងមក បញ្ហា ធនធានធម្មជាតិ ព្រៃឈើ បានទទួលរងការកាប់ បំផ្លាញស្ទើរអស់ទៅហើយ រហូតមកដល់ពេល ឥឡូវនេះ បញ្ហាធនធានរ៉ែក្រោម ដីក៏ជាបញ្ហា មួយដែលរដ្ឋាភិបាល ត្រូវទប់ស្កាត់និងពិនិត្យ តាមដានឱ្យច្បាស់លាស់ មុននឹងផ្តល់ព្រៃ និងដី សម្បទានសេដ្ឋកិច្ច ទៅឱ្យក្រុមហ៊ុនបរទេស។

មន្ត្រីកម្មវិធីចងក្រងសហគមន៍សិទ្ធិដីធ្លី និងធនធានធម្មជាតិ នៃសមាគមសិទ្ធិមនុស្សអាដហុក លោកប៉ែន ប៊ុណ្ណារ៍ បានបញ្ជាក់ថា ការប្តេជ្ញារបស់ប្រមុខរដ្ឋាភិបាល កន្លងមក ឃើញ មានហើយ ប៉ុន្តែអ្វីដែលសំខាន់ ការចាត់វិធានការរបស់មន្ត្រីនគរបាលយុត្តិធម៌ថ្នាក់ក្រោម ត្រូវតែចាត់វិធានការចំពោះបទល្មើសទាំងនោះ ដោយនាំយកជនល្មើសទាំងអស់មកផ្តន្ទាទោស។

rea1

លោកប៉ែន ប៊ុនណ្ណារ៍ មានប្រសាសន៍ថា “បាទ! យើងមានការព្រួយបារម្ភដែរ មិនមែន តែធនធានរ៉ែទេ ធនធានព្រៃឈើដ៏មានតម្លៃ មហាសាលរបស់យើង ត្រូវបានបាត់បង់យ៉ាង គំហុក ហើយអ្វីដែលយើងដឹង គឺតាមប្រសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី លោក ប្រកាសហើយថា លោកមិនយកដីព្រៃស្រោង ហ្នឹងទៅដូរនឹងដើមកៅស៊ូទេ។ អ៊ីចឹងគាត់បញ្ជា ឱ្យមន្ត្រីជំនាញគ្រប់ទាំងអស់ហ្នឹង នៅមូលដ្ឋាន ហ្នឹង ត្រូវពិនិត្យមើល។ ប៉ុន្តែយើងឃើញថា ដី សម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវបានកាប់រាន សុទ្ធតែព្រៃស្រោង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ គឺថាបានដកហូតយកឈើ ឃុបឃិតជាមួយឧកញ៉ា ឈើជាច្រើន បានដកហូត ហើយក្រៅពីសម្បទានហ្នឹងទៀត ឡើងចង់រលាយអស់ហើយ ព្រៃឈើ គ្រាន់តែមួយរយៈក្រោយ គ្រាន់តែ ប្រមុខរដ្ឋាភិបាល លោកបង្កើតគណៈកម្មការ គាត់រកឃើញឈើរាប់ម៉ឺនម៉ែត្រគូប ចុះមុនហ្នឹង ទៀត តើប៉ុន្មាន? អ៊ីចឹងយើងឃើញថា រាស្ត្រ មានការសោកស្តាយខ្លាំងណាស់ ចំពោះការបាត់បង់ព្រៃឈើដ៏ធំហ្នឹង ហើយទន្ទឹមនឹងនេះដែរ នៅភូមិភាគឦសានហ្នឹង ដែលយើងបានឃើញ ថា គ្រប់ទីកន្លែងរបស់យើង សុទ្ធតែមានរ៉ែមាស រ៉ែត្បូង រ៉ែអីជាដើម ហើយសម្បទានទាំងអស់ ហ្នឹង ក្រែងគ្របដណ្តប់ទៅលើដីទាំងអស់ហ្នឹង ហើយបច្ចុប្បន្នហ្នឹង បន្ទាប់ពីយើងឃើញថា ចម្ការកៅស៊ូធ្លាក់ថ្លៃ យើងឃើញមានព័ត៌មាន ផ្សាយមកច្រើនអំពីការចូលទៅជីកយករ៉ែនៅ ក្រោមដីហ្នឹងកាន់តែខ្លាំងឡើងៗ។ នេះបញ្ជាក់ ថា អំពើខុសច្បាប់ហ្នឹង ត្រូវបានមន្ត្រីនគរបាល យុត្តិធម៌ថ្នាក់ខេត្ត ថ្នាកស្រុក ថ្នាក់ឃុំហ្នឹង លោក មិនយកចិត្តទុកដាក់ទេ វាជាបទល្មើស បើសិន តាមផ្លូវច្បាប់វិញ បើសិនជាមន្ត្រីនគរបាលយុត្តិធម៌ ទាំងអស់ មិនយកចិត្តទុកដាក់ក្នុងការការពារ ធនធានធម្មជាតិ រ៉ែ ព្រៃឈើទេ មន្ត្រីនគរបាល យុត្តិធម៌ ត្រូវទទួលទោសតាមច្បាប់។ ក៏ប៉ុន្តែ យើងឃើញថា ដោយសារវប្បធម៌និទ្ទណ្ឌភាព ពេញទឹកពេញដីហ្នឹង ហើយបានធ្វើឱ្យមន្ត្រីនគរបាលយុត្តិធម៌ហ្នឹង លែងខ្លាចច្បាប់ សូម្បីតែ បទបញ្ជា ឬមួយក៏សារាចរផ្សេងៗដែលប្រមុខរាជរដ្ឋាភិបាលដាក់ទៅឱ្យមន្ត្រីហ្នឹងអនុវត្ត ដើម្បី ការពារធនធានធម្មជាតិ ត្រូវបានគេយកទៅ ជាន់ឈ្លី មិនដែលឃើញមានធ្វើការបង្ក្រាប ហើយ បើបង្ក្រាបទៀត បានតែវត្ថុតាងទេ ប៉ុន្តែជនល្មើស ហ្នឹង គឺអត់ដែលឃើញមាន បើយើងប្រៀបធៀប ទៅ ជនល្មើសរាប់ពាន់នាក់រួចខ្លួនរហូត។ អ៊ីចឹង យើងមិនសង្ឃឹមថា ការចាត់វិធានការមួយ ការ ពង្រឹងសារាចរអីមួយហ្នឹង ត្រូវបានមន្ត្រីនគរបាលថ្នាក់ក្រោមហ្នឹង លោករួចខ្លួនរហូត មន្ត្រី នគរបាលធ្វើដើម្បីតែលុយហ្នឹង។ បើអ៊ីចឹងទេ យើងឃើញថា រដ្ឋាភិបាលត្រូវតែពង្រឹងលើការ ទទួលខុសត្រូវរបស់មន្ត្រីនគរបាលយុត្តិធម៌ឱ្យ បានខ្លាំង ដើម្បីធ្វើយ៉ាងម៉េចការចាត់វិធានការ តាមផ្លូវច្បាប់ហ្នឹងឱ្យមានប្រសិទ្ធភាព។ បើនៅតែធ្វើការបៀបហ្នឹងទេ យើងឃើញថា ទាំង ធនធានព្រៃឈើ ទាំងធនធានរ៉ែ ត្រូវបានបាត់បង់ ហើយថវិកាអត់មានចូលទៅក្នុងថវិកា ជាតិទេ”។

rea2

ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារ សិទ្ធិពលរដ្ឋ លោកជា ហ៊ាន បានមានប្រសាសន៍ ថា បញ្ហារ៉ែមាសនេះ ជាកង្វល់របស់លោកមួយ ដែរ ក្រៅពីបញ្ហាព្រៃឈើ ដែលកំពុងរងការ បាត់បង់។ ដូច្នេះលោកសំណូមពរឱ្យប្រមុខរាជរដ្ឋាភិបាល មេត្តាចាត់វិធានការនេះជាបន្ទាន់។

លោកជា ហ៊ាន បានបញ្ជាក់ថា “បាទ! គឺ មានការប៉ះពាល់ទៅដល់គ្រោះធម្មជាតិ អាហ្នឹង កើតឡើងនៅពេលណាមួយ ដូចជាការគ្រោះ រាំងស្ងួត បើសិនជារដ្ឋាភិបាល មិនមានចាត់វិធានការឱ្យបានច្បាស់លាស់ទេ បទល្មើស វា មិនអាចថយបានទេ ហើយក៏ខ្ញុំសុំអំពាវនាវទៅ ដល់ប្រមុខរដ្ឋាភិបាល ឱ្យចាត់វិធានការមុនគេ បង្អស់ គឺគណៈអភិបាលខេត្ត ដែលលោកជា គណៈបញ្ជាការឯកភាពថ្នាក់ខេត្ត ក្នុងនោះ វា មានកងកម្លាំងប្រដាប់អាវុធទាំងមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ និងខាងបរិស្ថាន លោកមាន សិទ្ធិបញ្ជាទាំងអស់។ ចំពោះបញ្ហារ៉ែមាសហ្នឹង  គឺជាកង្វល់របស់ខ្ញុំមួយដែរ គឺថាមានការបាត់បង់ច្រើនដែរ ដូចជានៅខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ឬមួយក៏ស្ទឹងត្រែងអី ក៏មានការ កាយដែរ។ បើសិនជារដ្ឋាភិបាល លោកមិនមាន វិធានការទប់ស្កាត់នឹងការជីករុករករ៉ែមាសហ្នឹង ទេ គឺថាវា ធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ហើយអនាគតទៅប្រទេសយើងអាចក្លាយខ្លួន ជាអ្នករងគ្រោះ ដោយសារតែគ្រោះធម្មជាតិ នឹងកើតឡើង”។

សម្រាប់អ្នកនយោបាយក៏បានលើកឡើង ថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុន បរទេសមួយចំនួន ពិតជាមានការប៉ះពាល់ ព្រោះ ក្រុមហ៊ុនទាំងនោះ មិនបានគោរពទៅតាមសិទ្ធិ សង្គមកិច្ច វប្បធម៌ និងសេដ្ឋកិច្ចរបស់កម្ពុជា ហើយកន្លងមក មានសកម្មជនការពារបរិស្ថាន ការពារធនធានធម្មជាតិ បានខិតខំទាមទារឱ្យ រដ្ឋាភិបាលចាត់វិធានការការពារទ្រព្យសម្បត្តិ រួមរបស់ជាតិនេះ តែមិនបានលទ្ធផលល្អ។ 

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន លោកសាម អ៊ីន បានបញ្ជាក់ថា ក្នុង នាមគណបក្សនយោបាយ លោកចង់ឃើញរដ្ឋាភិបាល បញ្ឈប់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច តទៅទៀត ហើយចង់ឱ្យរដ្ឋាភិបាល ធ្វើការវាយ តម្លៃឱ្យមានតម្លាភាពទៅលើក្រុមហ៊ុន និងដី សម្បទានសេដ្ឋកិច្ច ក៏ដូចជាដីសម្រាប់រុករករ៉ែ ហ្នឹងឡើងវិញទាំងអស់ និងធ្វើការវាយតម្លៃពី ផលប៉ះពាល់សង្គមឱ្យបានសុក្រឹតល្អ មុននឹង អនុញ្ញាតឱ្យក្រុមហ៊ុនបន្តសកម្មភាពទៅមុខ ទៀត។

លោកសាម អ៊ីន មានប្រសាសន៍ថា “បាទ! ជារួមខ្ញុំមិនទាន់ក្តាប់ព័ត៌មាននេះបានគ្រប់ជ្រុងជ្រោយល្អទេ ប៉ុន្តែជារួម ចង់បញ្ជាក់ថា ការផ្តល់ ដីសម្បទានសេដ្ឋកិច្ច នៅស្រុកខ្មែរយើងហ្នឹង សម្បទានរ៉ែក្តី សម្បទានដីកសិកម្មក្តីហ្នឹង វា ហាក់ដូចជាកង្វះខាតនូវតម្លាភាពច្រើន ហើយ យើងសង្កេតឃើញថា កង្វះខាតការពិគ្រោះ យោបល់ជាមួយសហគមន៍មូលដ្ឋានដែលរស់ នៅតំបន់ហ្នឹង យើងឃើញមានផលប៉ះពាល់ហ្នឹង ធ្ងន់ធ្ងរច្រើនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ តំបន់ហ្នឹង។ ជារួមយើងគិតថា គោលនយោបាយដីសម្បទានសេដ្ឋកិច្ឋ គោលនយោបាយផ្តល់ ដីរ៉ែអីជាដើមនេះ ត្រូវមានការកែទម្រង់ជាទ្រង់ទ្រាយធំឡើងវិញ ព្រោះថាវាហាក់ដូចជាផ្តល់ ផលប្រយោជន៍តិចតួចសម្រាប់ចំណូលរដ្ឋ ហើយ បង្កការលំបាក បង្កផលប៉ះពាល់អវិជ្ជមានច្រើន  ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទដាច់ស្រយាល ដូចដែលយើងបានសង្កេតឃើញកន្លង មក”។

ប្រធានគណបក្យអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានបញ្ជាក់ថា លោកមិនមានជំនឿ ជឿលើរដ្ឋាភិបាលទេ។ ដូច្នេះដើម្បីការពារធនធាន រ៉ែបាន ទាល់តែពលរដ្ឋខ្មែររួមគ្នាការពារ តាម រយៈការផ្លាស់ប្តូររាជរដ្ឋាភិបាល ផ្លាស់ប្តូរមេដឹកនាំ។ បើផ្លាស់ប្តូរមិនបានទេ នឹងរលាយអស់តែម្តង។

លោកសួន សេរីរដ្ឋា មានប្រសាសន៍ថា “ការផ្តល់ដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនមួយចំនួន ក្រុមហ៊ុនយួន ក្រុមហ៊ុនចិនហ្នឹង វាគឺជាការប៉ះពាល់ មួយជាន់ទៅហើយ ព្រោះការផ្តល់ដីសម្បទាន សេដ្ឋកិច្ចនេះ គឺអត់បានគោរពទៅតាមសិទ្ធិសង្គមកិច្ច វប្បធម៌ និងសេដ្ឋកិច្ចទេ នៅក្នុង ប្រទេសខ្មែរយើង ពីព្រោះរដ្ឋាភិបាល គឺថាប្រសិន ជាក្រុមហ៊ុនណាមានការឡប់ប៊ីឱ្យតម្លៃកម្រៃ ជើងសាខ្ពស់ មានន័យថា លុយពុករលួយហ្នឹង ច្រើន គឺថារដ្ឋាភិបាលហ្នឹងផ្តល់ឱ្យតែម្តង អាហ្នឹង គឺថាផ្តល់លើដីសម្បទានសេដ្ឋកិច្ចឱ្យមានរហូត ដល់៩៩ឆ្នាំ គឺខុសទី១ហើយ ដល់ពេលអ្នកទទួល បាលសិទ្ធិនៅក្នុងការគ្រប់គ្រងដីសម្បទាននេះ  ជីករ៉ែមាស ជីករ៉ែលោហធាតុផ្សេងទៀត ដែល ជាធនធានធម្មជាតិក្នុងដី ដែលជាសម្បត្តិវប្បធម៌ របស់ជាតិ របស់ពលរដ្ឋខ្មែរ អាហ្នឹងគឺខុសធ្ងន់ មែនទែន ហើយដែលគឺជាការគ្រប់គ្រងដ៏ធូររលុង ការគ្រប់គ្រងដែលអត់មានទទួលខុសត្រូវ ច្បាស់លាស់របស់រដ្ឋាភិបាល ហើយខាតបង់ ប្រយោជន៍ជាតិ ខាតបង់សម្បត្តិរបស់ប្រជាជាតិ។ ជាពិសេស យើងដឹងហើយ ការជីករ៉ែនៅក្រោមដី ធ្វើឱ្យមានប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ នៅក្នុងតំបន់ ព្រោះក្រុមហ៊ុនទាំងអស់នេះ ប្រើ ជាតិគីមីមួយចំនួន ដើម្បីលាងចម្រាញ់ទាំងអស់ ហ្នឹង មុននឹងគេដឹកជញ្ជូនយកចេញទៅ។ អ៊ីចឹង គឺពលរដ្ឋនៅក្នុងតំបន់ នៅក្នុងទីកន្លែងដីសម្ប ទានដែលម្ចាស់ក្រុមហ៊ុនរ៉ែទាំងអស់ ហ្នឹងលួច ជីកគាស់រ៉ែទាំងអស់ហ្នឹង គឺចុងក្រោយនៅសល់ តែកាកសំណល់គីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាព របស់ប្រជាជន។ អ៊ីចឹង គឺជាកំហុសមួយធំ ដែល យើងអត់យល់អាចទទួលយកបានទេ”។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ  មណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោកម៉ៅ មុនីវណ្ណ បានបញ្ជាក់ថា ពាក់នឹងបញ្ហាយកដីសម្បទាន សេដ្ឋកិច្ច បង្កប់សកម្មភាពជីករ៉ែមាសនេះ លោក នឹងធ្វើលិខិតទៅរដ្ឋាភិបាល អញ្ជើញរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មកឆ្លើយបំភ្លឺ។

លោកម៉ៅ មុនីវណ្ណ បានមានប្រសាសន៍ ថា “បាទ! ទាក់ទងទៅនឹងបញ្ហាយើងប្រគល់ ដីសម្បទានទៅឱ្យក្រុមហ៊ុនបរទេសគេគ្រប់គ្រង គេធ្វើអាជីវកម្មហ្នឹង មានកន្លែងខ្លះទាក់ទងទៅ នឹងរឿងរ៉ែ អាហ្នឹងវាសំខាន់ណាស់  អាហ្នឹងវា ទាក់ទងទៅនឹងក្រសួងរ៉ែនិងថាមពល ហើយ។ ប៉ុន្តែមកទល់នឹងពេលនេះ យើងឃើញថា ការ ជីករករ៉ែហ្នឹង ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណពិតប្រាកដតែម្តងហ្នឹង បើតាមខ្ញុំតាមដានសិក្សា ស្រាវជ្រាវមកហ្នឹង គឺមានចំនួនតិចតួចនៅឡើយ ទេ ដែលមានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម ក្រៅពីហ្នឹង សុទ្ធតែបានសិទ្ធិក្នុងការរុករកប៉ុណ្ណោះ ប៉ុន្តែការ រុករករបស់ក្រុមហុនមួយចំនួនហ្នឹង គឺដោយសារ ការគ្រប់គ្រងរបស់យើងវាបង្កប់ទៅដោយអំពើពុករលួយ មន្ត្រីខិលខូចមួយចំនួនហ្នឹង គឺអនុញ្ញាត ឱ្យកាយរុករកនោះ ឆ្លៀតយកអាជីវកម្មទៅលើ រ៉ែរបស់យើងតែម្តង។ អាហ្នឹងហើយដែលធ្វើ ឱ្យវាបាត់បង់ទៅដល់ចំណូលថវិកាជាតិធ្ងន់ធ្ងរ ណាស់។ អ៊ីចឹងសុំឱ្យក្រសួងរ៉ែនិងថាមពលហ្នឹង ចាត់វិធានការធ្វើម៉េចឱ្យគោរពទៅតាមគោលការណ៍ ឱ្យតែរុករកបានហើយ គឺមិនអាចមាន សិទ្ធិទាញយកធនធានរ៉ែរបស់យើងទេ”។

លោកម៉ៅ មុនីវណ្ណ មានប្រសាសន៍បន្តថា  “ខ្ញុំទទួលព័ត៌មាននៅខេត្តរតនគិរី ខ្ញុំធ្លាប់ចុះទៅ ហើយ ខេត្តមណ្ឌលគិរី ក៏ខ្ញុំធ្លាប់ចុះទៅត្រួតពិនិត្យមើលដែរ គ្រាន់ថា ខ្ញុំនឹងសិក្សាស្រាវជ្រាវ បន្ថែមទៀត ដើម្បីមានមូលដ្ឋានត្រឹមត្រូវ ដើម្បី យកមកធ្វើលិខិតសួរទៅរដ្ឋមន្ត្រីពាក់ព័ន្ធតែម្តង។ ក្នុងនាមខ្ញុំជាតំណាងរាស្ត្រ ខ្ញុំសូមអំពាវនាវឱ្យ ស្ថានប័នពាក់ព័ន្ធទាំងអស់ សូមឱ្យចាត់វិធានការអនុវត្តទៅតាមគោលការណ៍ច្បាប់ ដែល មានជាធរមាន ហើយចាត់វិធានការឱ្យម៉ឺងម៉ាត់ បំផុត ចំពោះមន្ត្រីណាដែលឃុបឃិតជាមួយ ឈ្មួញខិលខូចដែលបានសិទ្ធិត្រឹមតែរុករកហើយ បែរទៅជាយកផលពីរ៉ែយើងតែម្តង”៕

RELATED ARTICLES