នាយពែកមី និងនាយគ្រឿន កំពុងទាញបានការគាំទ្រខ្លាំងតាមរយៈបទ ”លក់ថ្នាំ” របស់ផលិតកម្ម Galaxy ដែលនាំឲ្យមានការសង្ស័យថា តារាទាំងពីរនាក់បងប្អូននេះ ចាកចេញពីទ្រនំថោន ចូលផលិតកម្ម Galaxy។
យ៉ាងណា លោកឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានថ្លែងឲ្យដឹងថា នាយពែកមី និងនាយគ្រឿន បានទទួលច្រៀងបទនោះ របស់ផលិតកម្មលោកមែន តែពុំមែនក្នុងន័យចូលច្រៀងនៅក្នុងផលិតកម្មរបស់លោកនោះទេ គឺដោយសារតែតារាទាំងពីរសម្ដែងនៅក្នុងរឿង ”កំពូលល្ងង់នៅអាស៊ី” ដែលផលិតកម្មរបស់លោកផលិតឡើងតែប៉ុណ្ណោះ ។ចំពោះបទ ”លក់ថ្នាំ” ក្រៅពីដាក់បញ្ចូលនៅក្នុងខ្សែភាពយន្ត ក៏ដាក់បញ្ចូលនៅក្នុងផលិតកម្មច្រៀងវាយលុកទីផ្សារផងដែរ។
លោកណាវ៉ាត់ត្រា អះអាងថា នាយពែកមី និងនាយគ្រឿន នៅតែជាតារាចម្រៀងរបស់ផលិតកម្មថោន ដដែល គ្រាន់តែទទួលការអនុញ្ញាតិថតបទ ”លក់ថ្នាំ” ដាក់ក្នុងខ្សែរឿង ”កំពូលល្ងង់នៅអាស៊ី” តែប៉ុណ្ណោះ។ លោកថាបទនេះជាស្នាដៃនិពន្ទថ្មីទាំងស្រុង នៅក្នុងអត្ថន័យកំប្លុកកំប្លែងផងនោះ ទើបទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។
លោកណាវ៉ាត់ត្រា បញ្ជាក់ថា បទចម្រៀងមួយនេះនឹងសម្រេចធ្វើ MV មួយថ្មី ដោយមិនដកស្រង់ពីឈុតសម្ដែងនៅក្នុងរឿង ”កំពូលល្ងង់នៅអាស៊ី” ទេ ដើម្បីឲ្យបទមួយនេះ កាន់តែទទួលបានការគាំទ្រនៅក្នុងវិស័យចម្រៀង និងដើម្បីឆ្លើយតបនិងការគាំទ្រផងដែរ។ លោកថា បទ ”លក់ថ្នាំ” ពុំមែនជាបទទី១ របស់ផលិតកម្ម Galaxy ដែលទាញបានការចាប់អារម្មណ៍ពីទស្សនិកជននោះទេ គឺកន្លងមកធ្លាប់ទទួលបានការគាំទ្រចំនួន៣បទរួចមកហើយ ដូចជា បទ ”សង្សារស្រីខារ៉ាអូខេ”, ”អស្ចារ្យស្នេហាអ្នកប្រដាល់” ច្រៀងដោយលោកម៉ារ៉ា ប៊ុណ្ណា និងបទ ”យល់តែអារម្មណ៍ខ្លួនឯង” ច្រៀងដោយរូបលោកផ្ទាល់ ក៏ទទួលបានការគាំទ្រផងដែរ។ លោកបញ្ជាក់ថា រឿង ”កំពូលល្ងង់នៅអាស៊ី” នឹងគ្រោងដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ខណៈដែលលោករំពឹងថា នឹងទទួលបានការគាំទ្រផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/js0J52y80Hs