ភ្នំពេញ ៖ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅពួកប្រឆាំង ឲ្យបើកភ្នែកមើលចំពោះការចោទថា ទិញសម្ភារៈយោធាចិន ដើម្បីពង្រឹងអំណាចត្រកូលហ៊ុន ដែលជាក់ស្តែង រថយន្តយោធាដែលទិញពីចិន ២៩០គ្រឿងនោះ គឺកងទ័ពកម្ពុជា បាននិងកំពុងប្រើប្រាស់ដឹកជញ្ជូន សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅពេលនេះ ។
លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះរូបភាពយោធាកម្ពុជា ប្រើប្រាស់រថយន្តជួយដឹកជញ្ជូនប្រជាពលរដ្ឋដែលរងគ្រោះតឹកជំនន់ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ជាមួយសំណេរថា “តើនេះឬពង្រឹងអំណាចត្រកូលហ៊ុន? ជារឿយៗយើងបានឮក្រុមវិភាគ ឬអ្នកនយោបាយអមិត្ត តែងតែអត្ថាធិប្បាយអំពីដែលហៅថា សម្ភារៈយោធា ជាជំនួយ ឬទិញពីចិន ដើម្បីពង្រឹងអំណាចត្រកូលហ៊ុន Sic។
ប្រសិនបើភ្នែកពួកគេមិនខ្វាក់ទេ ពួកគេនឹងបានឃើញសកម្មភាពរថយន្តកងយោពលខេមរភូមិន្ទ ដែលពួកគេចោទនោះ យកទៅបម្រើជាប្រយោជន៍ជាតិ ក្រៅពីកងទ័ព ដូចជា ជួយដឹកជញ្ជូនប្រជាជន ក្នុងតម្រូវការចាំបាច់ ឬសង្គ្រោះបន្ទាន់ ។
ជាក់ស្តែង ថ្មីៗនេះ មហាជនបានឃើញកងកម្លាំង បានប្រើប្រាស់មធ្យោបាយទាំងនោះ ទៅជួយប្រជាជនរងគ្រោះដោយទឹកជំនន់ ។
នេះហើយជាកម្ពុជាពិត ឬការងារពិត វាខុសអំពីអ្នកថាពិត ឬកម្ពុជាក្នុងទំព័រព័ត៌មាន របស់ក្រុមអ្នកនយោបាយទុច្ចរិត“ ។
លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ស្របនឹងការលើកឡើងរបស់លោកជា ច័ន្ទបរិបូរណ៍ ខាងលើនេះ ដោយលោកបានបញ្ជាក់ថា ការពង្រឹងអំណាច មិនអាស្រ័យលើរថយន្តយោធាប៉ុណ្ណឹងទេ គឺអាស្រ័យលើការដឹកនាំ ។
លោកជុំ កុសល បានមានប្រសាសន៍ប្រាប់ «នគរធំ” នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ថា “បាទ! វាគ្រាន់តែជាប្រភេទរថយន្តកងទ័ព យោធា ប៉ុន្តែរថយន្តហ្នឹង យកមកប្រើប្រាស់ គឺសំដៅទៅលើកិច្ចការងារមនុស្សធម៌ កិច្ចការងារជួយសង្រ្គោះទៅវិញ ។ អ៊ីចឹងវាផលប្រយោជន៍អ៊ីចឹង សម្រាប់កងទ័ព អាហ្នឹងជាតម្រូវការម្ដងម្កាល ពេលសមយុទ្ធ ពេលអី ឬក៏ប្រើប្រាស់ក្នុងរូបភាពហាត់សមអីទេ ប៉ុន្តែជាទូទៅ រថយន្តហ្នឹង គឺប្រើប្រាស់កិច្ចការសង្គមជាច្រើន លើវិស័យកងទ័ព ។
ជាក់ស្ដែងដូចបច្ចុប្បន្នអ៊ីចឹង យើងឃើញហើយ រថយន្តដែលយើងទទួលបានមកហ្នឹង យើងប្រើប្រាស់សម្រាប់ដឹកស្បៀង ដឹកប្រជាពលរដ្ឋ ជម្លៀសចេញពីទឹកជំនន់ ពីស្អីៗអ៊ីចឹងទៅ ហើយកន្លងមកហ្នឹង ប្រើប្រាស់រថយន្តហ្នឹង ដឹកពលករដែលមកពីថៃ អីអ៊ីចឹងទៅ គ្រាន់តែជាប្រភេទរថយន្តកងទ័ព។ អ៊ីចឹងវាមិនទៅទាស់ខុសអីទេ គ្មានស្អីទៅពង្រឹងអំណាចស្អីដូចការចោទប្រកាន់ ការលើកឡើងរបស់អ្នកវិភាគអីទេ អាហ្នឹងគេមើលឃើញតែមួយជ្រុងបែបអវិជ្ជមាន ទៅតាមទស្សនៈយល់ឃើញរបស់គេ តែចំពោះខ្ញុំៗមើលឃើញអ៊ីចឹង ។
បានន័យថា ការចោទបែបនេះ វាជាបំណងទុច្ចរិតក្នុងការប្រៀបធៀបជាមួយរថយន្ត គ្រាន់តែជាមធ្យោបាយដឹកជញ្ជូនតើ! ឯអំណាច មិនមែនស្ថិតនៅលើមធ្យោបាយទេ ស្ថិតនៅលើភាពស្មោះត្រង់របស់កងកម្លាំងឯណោះទៅវិញទេ ហើយគ្រាន់តែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទេ សង្គមប្រជាធិបតេយ្យសេរីពហុបក្ស បើកាលណាប្រជាពលរដ្ឋគាំទ្រ មានន័យថា អំណាចរបស់មេដឹកនាំ វានៅត្រង់ហ្នឹង កងកម្លាំងប្រដាប់អាវុធគាំទ្រ អំណាចមេដឹកនាំនៅត្រង់ហ្នឹង អ៊ីចឹងវាមិនមែនស្ថិតនៅលើសម្ភារៈទេ បើសិនជាយើងយកសម្ភារៈយោធា មកច្រើនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែបើមេដឹកនាំមិនទទួលបានការគាំទ្រពីកងកម្លាំងប្រដាប់អាវុធ ពីប្រជាពលរដ្ឋ មិនអាចពង្រឹងបានទេ ។\
ដូច្នេះអាហ្នឹង គួរតែសាទរនៅពេលយករថយន្តមកទុកត្រៀមដើម្បីការងារមនុស្សធម៌ គួរបើកភ្នែកធំៗមើលអាបញ្ហាហ្នឹង ប្រសើរជាជាងមានគំនិតទុច្ចរិត គំនិតបែបអវិជ្ជមាន ចាំចេះតែចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់នោះ“ ។
លោកជុំ កុសល បន្ថែមថា “សុំឲ្យប្រជាពលរដ្ឋ កុំមានការយល់ច្រឡំតាមការវិភាគចេញតែមួយជ្រុង ចេញតែពីអារម្មណ៍របស់ពួកអ្នកវិភាគប៉ុន្មាននាក់ហ្នឹង សំខាន់យើងមើលទិដ្ឋភាពរួម យើងមើលសកម្មភាពពិត ដែលរថយន្តយកមកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ សម្រាប់សង្គមជាតិនោះ ហើយពង្រឹងអំណាចហ្នឹង វាមិនមែនស្ថិតនៅលើសម្ភារៈទេ ស្ថិតនៅលើមេដឹកនាំដែលធ្វើអំពើល្អ ការគាំទ្រ អាហ្នឹងគឺអំណាចស្ថេរហើយ យើងអត់មានកំណត់អាណត្តិនាយករដ្ឋមន្រ្តីទេ សំខាន់ឲ្យតែប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ អំណាចនឹងទៅបាន ។
បានន័យថា ការពិតអ៊ីចឹង សម្ដេច លោកមិនចាំបាច់ទៅពង្រឹងអំណាចអីក្រៅពីការដឹកនាំល្អ គោរពសិទ្ធិ មានការគាំទ្រ អាហ្នឹងហើយការពង្រឹងអំណាចរបស់លោក តាមរយៈការអភិវឌ្ឍប្រទេសជាតិ ការពង្រឹងអធិបតេយ្យជាតិ គឺអំណាចរឹងមាំនៅត្រង់ហ្នឹង»។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២០ កម្ពុជា បានទិញរថយន្តយោធា ចំនួន ២៩០គ្រឿង ដែលទិញពីប្រទេសចិន ដើម្បីចែកជូនកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ។
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ជូនលោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នូវរថយន្តយោធា ចំនួន៧៥គ្រឿង ហើយកងពលតូចលេខ ៧០ ក៏ទទួលបានទទួលរថយន្តបញ្ជាការ (ហ្ស៊ីប) ចំនួន២៥គ្រឿង ផលិតនៅប្រទេសចិន ផងដែរ ។
អ្នកវិភាគ និងពួកប្រឆាំងមួយចំនួន បានលើកឡើងថា ការដែលលោកហ៊ុន ម៉ាណែត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់រថយន្តយោធាចំនួន៧៥គ្រឿង ឲ្យកងទ័ពជើងគោកនេះ គឺដើម្បីការពារអំណាចត្រកូលហ៊ុន ឬជាផ្នែកមួយនៃការទប់ស្កាត់ការបះបោរផ្ទៃក្នុងពីគណបក្សប្រជាជនកម្ពុជា ដែលបណ្ដាលមកពីការខ្វែងគំនិតគ្នានៅក្នុងថ្នាក់ដឹកនាំបក្ស ។
ប៉ុន្តែអ្នកនាំពាក្យកងទ័ពជើងគោក លោកម៉ៅ ផល្លា បានបញ្ជាក់ថា រថយន្តដែលជាជំនួយរបស់ប្រទេសចិន នេះ ទុកដើម្បីប្រើប្រាស់សម្រាប់វិស័យការពារជាតិ ។ លោកបន្ថែមថា កម្ពុជា មិនមែនទទួលយកជំនួយយោធាពីប្រទេសចិន តែមួយនោះទេ គឺកម្ពុជា មានកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ទាំងនៅក្នុងតំបន់ និងសកលលោក ហើយកងយោធពលខេមរភូមិន្ទ តែងតែទទួលសម្ភារៈយោធាជាបន្តបន្ទាប់ ប៉ុន្តែប្រទេសចិន បានផ្តល់ជំនួយយោធាច្រើនជាងបណ្ដាប្រទេសផ្សេងៗទៀត ។
ចំណែកលោកហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងពិធីប្រគល់រថយន្តយោធាទាំងនោះថា រថយន្តចំនួន៧៥គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការយោធា។ រថយន្តទាំងអស់នេះ គឺជាជំនួយឥតសំណង ពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។
ដោយឡែក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោកហ៊ុន ម៉ាណែត បានបង្ហោះរូបភាពស្តីពីសកម្មភាពរបស់កងទ័ពកម្ពុជា ក្នុងប្រតិបត្តិការជួសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក ជាមួយសំណេរថា «ភារកិច្ចស្នូលរបស់កងទ័ព គឺការពារជាតិនិងប្រជាជន !
ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួន បានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោក បានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃយោធភូមិភាគទី៥ បណ្ដាអង្គភាពតំបន់ប្រតិបត្តិការសឹករង កងពលតូចថ្មើរជើង និងកងការពារព្រំដែន ចំណុះឲ្យយោធភូមិភាគទី៥ កងពលតូចអន្តរាគមន៍ លេខ១៤ និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
ជាមួយគ្នានេះដែរ បញ្ជាការដ្ឋានកងទ័ពជើងគោក បានចេញបទបញ្ជាឲ្យបង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះពីបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយទូកនិងអូប័រសង្គ្រោះ និងកងពលតូចដឹកជញ្ជូនលេខ៩០ ត្រៀមចល័តរថយន្តដឹកជញ្ជូន ក្នុងករណីមានតម្រូវការចាំបាច់”។
សូមបញ្ជាក់ដែរថា ចំពោះមុខគ្រោះមហន្តរាយបណ្តាលមកពីទឹកជំនន់ ដែលកើតមាននៅបណ្តាខេត្តមួយចំនួន រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ដើម កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញបទបញ្ជាឱ្យមេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈ ឧបករណ៍ក្នុងអង្គភាពរបស់ខ្លួន ត្រៀមដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បញ្ចៀសឱ្យខាងតែបាននូវការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងការខូចខាតផ្សេងៗដែលកើតមានឡើងជាយថាហេតុទាំងក្នុងតំបន់ និងជុំវិញតំបន់ដែលកងឯកភាពរបស់ខ្លួនទទួលខុសត្រូវ។
ជាមួយនេះ រៀងរាល់ថ្ងៃ ត្រូវរាយការណ៍នៅម៉ោង១៦:០០នាទី មកទីចាត់ការកលយុទ្ធអគ្គបញ្ជាការ ពីសភាពការណ៍គ្រោះមហន្តរាយការប្រើប្រាស់កម្លាំង មធ្យោបាយជួយសង្គ្រោះ និងផលប៉ះពាល់នៃគ្រោះមហន្តរាយ ក្នុងករណីចាំបាច់ ត្រូវរាយការណ៍បន្ទាន់។
ក្រោយពីគ្រោះមហន្តរាយឆ្លងផុត ត្រូវបូកសរុបរបាយការណ៍ ពីលទ្ធផលនៃការជួយសង្គ្រោះ និងផលប៉ះពាល់នៃគ្រោះមហន្តរាយ។ ត្រូវចាត់តាំងកម្លាំងចូលរួមក្នុងសកម្មភាព ពុះពារដោះស្រាយនូវរាល់ផលវិបាកដែលបណ្តាលមកពីគ្រោះមហន្តរាយទាំងនោះ ដូចជាស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមូលដ្ឋាន បង្ហការ បញ្ចៀសរោគរាតត្បាត ជំងឺឆ្លង និងជួយប្រជាពលរដ្ឋបង្កបង្កើនផល។
នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋានៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវអនុវត្តបទបញ្ជានេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងរាយការជាប្រចាំ មកអគ្គបញ្ជាការដ្ឋាន៕ កុលបុត្រ