Monday, November 25, 2024
Homeនយោបាយគ្រោះទឹកជំនន់... លោកឡៅ ម៉ុងហៃ ថា មេរៀនសម្រាប់អ្នកនយោបាយថ្មី-អ្នកដឹកនាំប្រទេស

គ្រោះទឹកជំនន់… លោកឡៅ ម៉ុងហៃ ថា មេរៀនសម្រាប់អ្នកនយោបាយថ្មី-អ្នកដឹកនាំប្រទេស

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា គ្រោះទឹកជំនន់ ជាមេរៀនសម្រាប់អ្នកនយោបាយថ្មី និងអ្នកដឹកនាំប្រទេស ក្នុងការចាត់វិធានការបង្ការនិងត្រៀមទុកមុន ដើម្បីទប់ស្កាត់ ឬកាត់បន្ថយកម្លាំងបំផ្លាញរបស់គ្រោះមហន្តរាយបែបនេះទៅអនាគត ព្រោះមួយផ្នែកធំនៃការងាររបស់មេដឹកនាំប្រទេស គឺដោះស្រាយបញ្ហានិងសេចក្តីទុក្ខលំបាករបស់ជនរួមជាតិរបស់ខ្លួន ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ថា “ពេលនេះ ជាឱកាសដ៏ល្អប្រពៃបំផុតសម្រាប់អ្នកនយោបាយថ្មីៗ និងអនាគតប្រមុខរដ្ឋាភិបាល បង្ហាញគំនិតរបស់ខ្លួនថា ត្រូវធ្វើអ្វីខ្លះ និងធ្វើដូចម្តេច ដើម្បីកាត់បន្ថយសេចក្តីទុក្ខលំបាករបស់ជនរួមជាតិ រងគ្រោះនិងការខូចខាតខាងសម្ភារ: ដោយមកពីគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ដូចសព្វថ្ងៃ ឲ្យបានមកតិចបំផុត ហើយនិងដើម្បីឲ្យជនរួមជាតិ បានរស់នៅតាមប្រក្រតីឡើងវិញ និងដើម្បីជួសជុលសាងសង់ឡើងវិញនូវការខូចខាតខាងសម្ភារ:ឲ្យបានឆាប់រហ័សបំផុត ក្រោយគ្រោះមហន្តរាយនេះ”។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម

លោកបណ្ឌិត ឡៅ ម៉ុងហៃ សរសេរបន្តថា “វាកាន់តែប្រសើរថែមទៀត បើអ្នកនយោបាយថ្មីៗទាំងនោះបានដកហូតមេរៀនពីគ្រោះមហន្តរាយដដែល សម្រាប់ចាត់វិធានការបង្ការនិងត្រៀមទុកមុន ដើម្បីទប់ស្កាត់ ឬ/និងកាត់បន្ថយកម្លាំងបំផ្លាញរបស់គ្រោះមហន្តរាយបែបនេះទៅអនាគត ។

សុំបន្ថែមថា មួយផ្នែកធំនៃការងាររបស់មេដឹកនាំប្រទេស គឺដោះស្រាយបញ្ហានិងសេចក្តីទុក្ខលំបាករបស់ជនរួមជាតិរបស់ខ្លួន គឺគំនិតវិជ្ជមានថ្មីៗសម្រាប់ដោះស្រាយនេះឯង ដែលនឹងជំរុញជនជាតិមួយឲ្យជឿនលឿនទៅមុខ ហើយជនជាតិដែលសមជាជនជាតិជឿនលឿន ច្បាស់ជាមានគំនិតទាំងឡាយនេះ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ប្រាប់ ”នគរធំ” នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា “អ្នកនយោបាយនិងមេដឹកនាំប្រទេស ត្រូវយល់ថា ផ្នែកមួយធំនិងសំខាន់ជាងគេនៃការងាររបស់ខ្លួន គឺដោះស្រាយបញ្ហាជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ ក៏ដូចមុនៗដែរ គ្រោះមហន្តរាយទឹកជំនន់បច្ចុប្បន្ន កំពុងតែប៉ះពាល់ដល់ការរស់នៅ ជីវភាពរស់ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋយ៉ាងច្រើន នៅតំបន់ភូមិសាស្ត្របូកសរុបមានទំហំធំ ។

វាបានបង្កសេចក្តីទុក្ខលំបាកដល់ជនរួមជាតិយើង និងការខូតខាតខាងសម្ភារ: ចំនួននិងបរិមាណមិនតិចទេ ។ តាមពិតអ្នកនយោបាយនិងមេដឹកនាំប្រទេសកាន់អំណាច មានគំនិតនិងកំពុងដោះស្រាយបញ្ហាទាំងនោះហើយ តែអ្នកនយោបាយថ្មីៗ និងអនាគតមេដឹកនាំ គួរយកឱកាសបែបនេះ រៀនដោះស្រាយបញ្ហា បណ្តុះនិងបង្ហាញគំនិតបន្ថែមថ្មី និងប្រសិទ្ធភាពជាងរបស់ខ្លួន ថាត្រូវធ្វើអ្វីខ្លះ? និងធ្វើយ៉ាងដូចម្តេច? ដើម្បីកុំឲ្យមានការបាត់បង់ជីវិត ដើម្បីកាត់បន្ថយសេចក្តីទុក្ខលំបាកនិងការខូចខាត ឲ្យបានមកតិចបំផុត ។

គំនិតទាំងនេះ មានរួមទាំងគំនិតថា ធ្វើអ្វី និងធ្វើយ៉ាងដូចម្តេចជាប្រព័ន្ធ ដើម្បីជួយឲ្យជនរួមជាតិរងគ្រោះ អាចបន្តរស់នៅលំនៅឋានបន្តទៅទៀតបាន និងឲ្យងាយស្រួលក្នុងការផ្តល់ឲ្យទៅពួកគាត់ ។ ដូច្នេះពួកគេត្រូវការរកទិន្ន័យជាបន្ទាន់ និងឲ្យបានឆាប់បំផុត ជាអាទិ៍ ទីតាំង ចំនួនអ្នករងគ្រោះ សេចក្តីត្រូវការបន្ទាន់មុនគេ ទំហំសរុបប៉ុនណា ប្រហែលត្រូវការប៉ុន្មានថ្ងៃ? បើត្រូវការស្បៀង ជាស្បៀងឆៅឬឆ្អិន ព្រោះទឹកជំនន់ អត់កន្លែងចម្អិន ។

បើឆ្អិន ត្រូវមានចង្ក្រានរួម មានអ្នកធ្វើ មានកន្លែងធ្វើ ឬទិញជាប្រអប់ៗ កញ្ចប់ៗ ពីផ្សារ យកទៅចែក ។ល។ យើងទម្លាប់ចែកអំណាយឆៅ ជាកញ្ចប់ៗ ឲ្យម្នាក់ៗ ឬគ្រួសារមួយៗ តាមការយល់ឃើញថា ជនរងគ្រោះ ត្រូវការអំណោយបែបហ្នឹង ។ គេមិនត្រូវភ្លេចដែរ នូវសេចក្តីត្រូវការរបស់ទារក កូនក្មេង ស្ត្រី (មានរដូវ) ចាស់ជរា និងអ្នកជំងឺ ហើយនិងអនាម័យបរិដ្ឋាន ជាពិសេស ការចាត់ចែងទុកដាក់កាកសំណល់ចេញពីដងខ្លួនមនុស្ស”។

លោកឡៅ ម៉ុងហៃ បន្តថា “គេអាចគិតដល់បញ្ហាសព្វ ដើម្បីដោះស្រាយជាប្រព័ន្ធ បើអ្នករងគ្រោះច្រើន ហើយអស់មានសមត្ថភាពរស់នៅលំនៅឋានបានហើយ ត្រូវជម្លៀសទៅទីតាំងសុវត្ថិភាព ដូចជា ការប្រកាសដាក់តំបន់ប៉ះពាល់ក្នុងភាពអាសន្ន និងកំណត់បរិវណភូមិសាសាស្ត្រ និងរយ:ពេលនៃភាពអាសន្ននេះ ។

អ្នកណា ក្រុមណា សម្រេចប្រកាសអាសន្ន ឈរលើលក្ខណ:វិនិច្ឆ័យអ្វី? វិធានការ រក្សាការពារ និងបង្ការកុំឲ្យប៉ះពាល់ដល់ជីវិតនិងរាងកាយមនុស្សនិងសត្វ កុំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ/ឲ្យប៉ះពាល់តិចបំផុតបើចៀសមិនរួច ។ បើត្រូវជម្លៀសមនុស្ស ទៅទីណា? អ្នកណាមុន? អ្នកណាក្រោយ? បើជម្លៀសសត្វ ទៅទីណា? អ្នកណា ក្រុមណាទទួលបន្ទុកជម្លៀសមនុស្ស សត្វ? គេត្រូវធានាថា កន្លែងជម្លៀសទៅនោះ មានបង្គន់អនាម័យ មានសុវត្ថិភាព/សន្តិសុខ មានកន្លែងដេកនៅ មានស្បៀង មានទឹកស្អាត មានកន្លែងដាំស្ល មានអ្នកទទួលខុសត្រូវ មេកោយ មានពេទ្យ អ្នកទាក់ទងរកជំនួយពីក្រៅ ។

ជនួយត្រូវការបន្ទាន់ៗ ដូចជា ស្បៀង ទឹកស្អាត កន្ទេល មុង ខ្នើយ ភួយ គ្រឿងសំណង់ ជម្រក ថ្នាំពេទ្យ ។ ពេលត្រឡប់វិញ អ្នកណាសម្អាត រុះរើសំណង់ ចាត់ចែងអំណោយដែលអាចនៅសល់“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តទៀតថា “អ្នកនយោបាយថ្មីៗ និងអនាគតមេដឹកនាំប្រទេស អាចគិតទៅដល់ការបង្កើតក្រុមស្ម័គ្រចិត្តនៅមូលដ្ឋាន សម្រាប់ជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយ និងដកហូតបទពិសោធន៍ កែលម្អ ចងក្រងជាការណែនាំសម្រាប់អនុវត្តនៅពេលប្រឈមនឹងគ្រោះមហន្តរាយនៅពេលខាងមុខ ។

យកល្អ ពួកគាត់គួរលើកទឹកចិត្តយុវជន វត្តអារាម ព្រះវិហារសាសនាឯទៀត និងសាលារៀន ឲ្យចូលរួមសកម្មក្នុងក្រុមស្ម័គ្រចិត្តគ្រោះមហន្តរាយទាំងនោះ ។ គេអាចរៀបចំទីវត្តអារាម ព្រះវិហារសាសនាឯទៀត និងសាលារៀន ជាទីតាំងសុវត្ថិភាពសម្រាប់អ្នកជម្លៀស ។

អ្នកនយោបាយថ្មី និងអនាគតមេដឹកនាំ គួរបណ្តុះគំនិតថា ត្រូវធ្វើអ្វីខ្លះ និងធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យអ្នករងគ្រោះ បានរស់នៅប្រក្រតីឡើងវិញ និងជួសជុលនិងកសាងឡើងវិញនូវសម្ភារ: បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារគ្រោះមហន្តរាយ ឲ្យបានឆាប់រហ័សបំផុត ។ ក្រៅពីនេះ គ្រោះមហន្តរាយទឹកជំនន់ វាបង្រៀនឲ្យពួកគាត់ឲ្យគិតទៅដល់កត្តាដែលនាំឲ្យមានគ្រោះមហន្តរាយទឹកជំនន់ និងកត្តារារាំង ឬបន្ថយកម្លាំងនៃទឹកជំនន់ និងទៅដល់វិធានការកាត់បន្ថយកត្តាក្រុមទីមួយ និងពង្រឹងនិងបង្កើតថែមកត្តាក្រុមទីពីរ“ ។

លោកឡៅ ម៉ុងហៃ បន្ថែមថា “ដោយសារមនុស្សកាន់ចេះដឹងទៅ សង្គមចេះតែប្រែប្រួល ភូមិសាស្រ្តទឹកដីក៏ប្រែប្រួល ធាតុអាកាសក៏ប្រែប្រួល បច្ចេកទេសកាន់តែមានប្រសិទ្ធភាព សរុប គឺស្ថានភាពថ្មី ប្រហែលគំនិតថ្មីៗ លេចចេញពីមនុស្សថ្មីៗ (វ័យក្មេងជាង) នៅសង្គមប្រឈមនឹងគ្រោះមហន្តរាយ អាចមានប្រសិទ្ធភាពជាង ក្នុងការដោះស្រាយបញ្ហាថ្មី ក៏ដូចជាបញ្ហាចាស់ ។

តាមចំណាំ ជនជាតិជឿនលឿន ឬជនជាតិដែលសមជាជនជាតិជឿនលឿន ច្រើនមានគំនិតវិជ្ជមានថ្មីៗ (និងថាមពលថ្មីៗ) សម្រាប់ពុះពារឧបសគ្គឲ្យបានជោគជ័យ ពេលប្រឈមនឹងគ្រោះមហន្តរាយ ឬក្រោយបន្ទាប់ពីគ្រោះមហន្តរាយ ដោយរៀនពីពបទពិសោធន៍ពីគ្រោះមហន្តរាយនេះ សម្រាប់ពេលប្រឈមគ្រោះមហន្តរាយបែបនេះ ទៅថ្ងៃមុខ”។

ដោយឡែក លោកយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា ទឹកជំនន់កំពុងផ្តល់មេរៀនជាច្រើនដល់អ្នកដឹកនាំប្រទេស ឬអ្នកគ្រប់គ្រងទឹកដីខ្មែរ តាំងពីថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងភូមិឃុំ សង្កាត់ ដូច្នេះសូមកុំគ្រប់គ្រងតែដី គឺសូមរៀនគ្រប់គ្រងទឹកផង ព្រោះអភិបាលកិច្ចទឹក ជាផ្នែកមួយនៃអភិបាលកិច្ចល្អ ។

លោកយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

លោកយ៉ង សាំងកុមារ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា “ទឹកជំនន់ទឹកភ្លៀងបានថយចុះខ្លះហើយ តែវាបានបន្សល់ទុកនូវផលប៉ះពាល់អវិជ្ជមានជាច្រើន ដល់ប្រជាពលរដ្ឋ ទាំងអ្នកជនបទ និងទីក្រុង ។ ពេលនេះយើងផ្តោតលើការរួមគ្នាជួយសង្រ្គោះ និងស្តារឡើងវិញ។

តែទន្ទឹមនឹងនេះ ខ្ញុំក៏យល់ថាទឹកជំនន់នេះ កំពុងផ្តល់មេរៀនជាច្រើនដល់អ្នកដឹកនាំប្រទេស ឬអ្នកគ្រប់គ្រងទឹកដីខ្មែរ តាំងពីថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងភូមិឃុំ/សង្កាត់ ។ សូមកុំគ្រប់គ្រងតែដី សូមរៀនគ្រប់គ្រងទឹកផង ។ អភិបាលកិច្ចទឹកជាផ្នែកមួយនៃអភិបាលកិច្ចល្អ “ ។

RELATED ARTICLES