កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានបញ្ជាក់ថា សម្តេច មិនចង់ឆ្លើយតបជាមួយអ្នករិះគន់ថា មកពីលុបបឹង ទើបមានទឹកជំនន់នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “អ្នកខ្លះរិះគន់ថាមកពីលុបបឹង បានជាមានជំនន់ ប៉ុន្តែខ្ញុំចង់សួរត្រឡប់ទៅអាអ្នកនិយាយចឹង នៅប្រទេសជប៉ុន ឆ្នាំមុន ជំនន់ទឹកភ្លៀង ស្លាប់ប្រជាជនជនជប៉ុនយ៉ាងច្រើន នៅប្រទេសប៉ែកអឺរ៉ុប ទីក្រុងធំៗមួយចំនួន ជន់ទឹកភ្លៀង ក៏បានលិចលង់ ឥឡូវតាមព្រែកត្នោតរបស់យើង ពីខាងលើមក តើអ្នកណាលុបបឹង?”។

សម្តេចបន្តថា “ព្រែក ស្ទឹងពោធិ៍សាត់ ស្ទឹងមង្គលបូរី ស្ទឹងសង្កែ អានោះវាសុទ្ធតែស្ទឹង ប៉ុន្តែដោយសារតែទឹកពីលើវាខ្លាំងជ្រុលហួស វាហួសពីសមត្ថភាពស្រូប មិនមែនគ្រាន់តែហួសពីស្រូបនៃលូដែលយើងបានធ្វើ ឬប្រឡាយដែលយើងបានធ្ចើនោះទេ សូម្បីតែទន្លេមេគង្គដែលវាជន់លិច ក៏សមត្ថភាពនៃទន្លេនេះមិនអាចនឹងទទួលអស់ជាមួយនឹងទឹកដែលវាធ្លាក់ពីលើ ច្រើនហួស ដូច្នេះហើយទើបគេហៅថាជំនន់នោះ មានតែសមុទ្រទេដែលវាមិនជន់ ប៉ុន្តែទឹកសមុទ្រ វាមានជោរ វាមាននាច នៅពេលយប់ចឹង វាជោរ ពេលថ្ងៃ វានាចចុះ អាហ្នឹងសមុទ្រ ក៏ប៉ុន្តែទន្លេ គឺវាតែងជួបប្រទះបែបនេះឯង នេះហើយគេហៅថា គ្រោះមហន្តរាយធម្មជាតិ ដែលមានកើតស្ទើរគ្រប់ប្រទេសលើពិភពលោក”។

សម្តេចបន្ថែមថា “ចឹងទេពាក់ព័ន្ធនឹងរឿងនេះ ខ្ញុំមិនចង់ឆ្លើយតបជាមួយអ្នកណាទេ ក៏ប៉ុន្តែខ្ញុំចង់ពន្យល់ដល់ប្រជាពលរដ្ឋរបស់យើង មូលហេតុសូម្បីតែអ្នកនៅក្បែរស្ទឹង ដោយសារតែស្ទឹងយើងប៉ុនណាប៉ុនណីនោះ ហើយហូរយ៉ាងលឿន ទ្រាំទ្រមិនរូចដោយសារទឹកភ្លៀងពីខាងលើ ប្រសិនបើអស់ទឹកភ្លៀងពីខាងលើ ទឹកខាងក្រោមក៏វាអស់ដែរ ហើយអាចអស់រកទឹកប្រើមិនបានទៀតផង ប្រើមិនបានទៀតផង ខ្ញុំមិនចង់ឆ្លើយតបជាមួយអ្នកណាទាំងអស់ ក៏ប៉ុន្តែខ្ញុំចង់ពន្យល់ប្រជាពលរដ្ឋរបស់យើង ហើយក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើងប្រុងប្រយ័ត្នគ្រប់ពេលវេលា សូម្បីតែអ្នកដែលមិនបានជម្លៀសចេញពីផ្ទះ ប្រយ័ត្នសត្វកាចសាហាវ ដែលយើងកំពុងតែឲ្យក្រសួងសុខាភិបាល បញ្ជូនចុះនៅបណ្តាថ្នាំសម្រាប់ការដោះស្រាយ ដូចពស់ចឹក ជាដើម ព្រោះនៅពេលណាដែលទឹកលិច យើងក៏នៅមិនបាន សត្វពស់ សត្វក្អែប សត្វខ្ទួយ សត្វពិសផ្សេងៗ ក៏វានៅមិនបាន វាឡើង ហើយជួបប្រទះជាមួយយើង វាបង្កើតបញ្ហាសម្រាប់យើងៗ”។

គួបញ្ជាក់ថា ទឹកជំនន់ទឹកភ្លៀង បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ឡើងគំហុក ធ្វើឲ្យជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនពាន់ខ្នង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយត្រូវបានអាជ្ញាធរជម្លៀសទាន់ពេលវាលាមកកាន់ទីទួសលសុវត្ថិភាព។
បើតាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម ទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងឆ្នាំ២០២០នេះ មានសភាពតូចជាងឆ្នាំ២០០០៕