ភ្នំពេញ ៖ ស្ត្រីម្នាក់បានរួមដំណើរជាមួយនឹងប្អូនស្រីធម៌ចំនួន២នាក់ ធ្វើដំណើរតាមរថយន្តក្រុងសំដៅមករាជធានីភ្នំពេញ លុះដល់ពាក់កណ្តាលផ្លូវ ប្អូនស្រីធម៌ទាំង២ ក៏ចុះបាត់ ទុកឱ្យស្ត្រីជាបងធម៌ ជិះរថយន្តបន្តមកដល់ចំណតរថយន្ត រួចចុះដើររវើរវាយ ដេកសន្លប់ស្តូកតាម ចិញ្ចើមផ្លូវ ដោយគ្មានសល់របស់ទ្រព្យអ្វីជាប់ខ្លួនសោះ សង្ស័យត្រូវប្អូនស្រីធម៌ជើងល្អ ដាក់ថ្នាំសណ្តំយកហ្មត់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចក្បែររបងវត្តថ្វាយបង្គំ មុខក្រុមហ៊ុនរិទ្ធមុនី ដឹកជញ្ជូនអ្នកដំណើរតាមបណ្តោយផ្លូវលេខ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
ស្ត្រីរងគ្រោះដែលសង្ស័យត្រូវថ្នាំសណ្តំរបស់ប្អូនធម៌ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៤០ឆ្នាំប្លាយ។

តាមប្រភពព័ត៌មានពីអ្នករួមដំណើរតាមរថយន្តក្រុងជាមួយនឹងស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើបានធ្វើដំណើរចេញពីខេត្តសៀមរាប ដោយរួមដំណើរជាមួយនឹងប្អូនស្រីធម៌ចំនួន២នាក់ទៀត។ លុះពេលរថយន្តក្រុងបើកមកដល់ចំណុចផ្សារព្រែកព្នៅ គេឃើញប្អូនស្រីធម៌ទាំង២នាក់ បានប្រញាប់ប្រញាល់ចុះពីលើរថយន្តក្រុងទៅបាត់អស់ ដោយទុកឱ្យស្ត្រីរងគ្រោះបន្តដំណើរតែម្នាក់ឯង។

ប្រភពដដែល បន្តថា លុះពេលស្ត្រីរងគ្រោះជិះរថយន្តក្រុងមកដល់ចំណុចក្រុមហ៊ុនដឹកជញ្ជូន រិទ្ធមុន្នី ក៏បានចុះពីលើរថយន្តក្រុង ដោយគ្មានលុយឱ្យថ្លៃជិះរថយន្តមួយរៀលនោះទេ ក្រោយមកស្រាប់តែគេឃើញគាត់ដើរកាន់សម្ភារមួយបាវ ទៅអង្គុយក្បែររបងវត្តថ្វាយបង្គំ រួចក៏រវើរវើយ និងបានដួលសន្លប់ស្តូកស្តឹងនៅលើចិញ្ចើមផ្លូវតែម្តង ដែលធ្វើឱ្យគេសង្ស័យថា ស្ត្រីរងគ្រោះអាចនឹងត្រូវថ្នាំសណ្តំរបស់ប្អូនស្រីធម៌ទាំងពីរ យកទ្រព្យសម្បត្តិអស់ពីខ្លួន។

ក្រោយកើតហេតុ ដោយឃើញអាការស្ត្រីរងគ្រោះហាក់មិនស្រួល ទើបមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកន្លែងកើតហេតុ រួចក៏បានទាក់ទងហៅរថយន្តសង្គ្រោះមកដឹក ស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បី សង្គ្រោះតែម្តង៕