Monday, December 23, 2024
Homeបរិយាយខែ​តុលា មហា​ទុក្ខ​សោក​របស់​រាស្ត្រ​ខ្មែរ និង​ថៃ

ខែ​តុលា មហា​ទុក្ខ​សោក​របស់​រាស្ត្រ​ខ្មែរ និង​ថៃ

ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាន់របប “រាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ” ដូចគ្នា ដោយមានអង្គព្រះមហាក្សត្រគ្រងរាជសម្បត្តិ ប៉ុន្តែ អំណាចនីតិប្រតិបត្តិនៅលើនាយករដ្ឋមន្ត្រី ដែលជ្រើសតាំងដោយការបោះឆ្នោតតាម ប្រជាធិបតេយ្យ សេរី ពហុបក្ស។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទនរោត្តម សីហនុ បាន សោយព្រះទិវង្គត លុះមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រះមហាក្សត្រថៃ ព្រះបាទភូមិភុន អៈឌុនយៈដេត (ភូមិពល អតុល្យតេជៈ) បានយាងចូលព្រះទិវង្គតដែរ។ ការបាត់បង់ព្រះបិតាប្រជារាស្ត្រខ្មែរ និងប្រជារាស្ត្រថៃ បង្ហាញថា “ខែតុលា ជា មហាទុក្ខសោកសម្រាប់ប្រជារាស្ត្រទាំងពីរ ជាប់ភូមិផងរបងជាមួយ” ដែល “នគរធំ” សូមលើកមកបរិយាយថ្ងៃនេះ

សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បាន សោយព្រះទិវង្គត នៅវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា គ្រិស្តសករាជ២០១២ ស្របនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ការយាងចូលព្រះទិវង្គត របស់សម្តេចឪ សម្តេចតា សម្តេចតាទួត សម្តេចតាលួត នៃប្រជារាស្ត្រខ្មែរ ធ្វើឱ្យកូនចៅសែនស្តាយអាល័យអាឡោះជាពន់ពេក។ នៅក្នុងមន្ទីរពេទ្យមួយ នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ទោះបីជាក្រុមគ្រូពេទ្យជួយសង្គ្រោះយ៉ាងណា ក៏ពុំ អាចឃាត់ព្រះជន្មាយុរបស់អតីតព្រះមហាក្សត្របានដែរ ទីបំផុត ព្រះអង្គបានលាចាកលោកនេះទៅជារៀងរហូត ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា បន្ទាប់ពីទ្រង់ប្រឈួនដោយព្រះជរាពាធ ដែលទ្រង់តែងយាងទៅព្យាបាលនៅប៉េកាំង តាមវេជ្ជបញ្ជាជាប្រចាំ។ ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដឹកតាមយន្តហោះពិសេសពីប្រទេសចិន មកដល់កម្ពុជា នៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១៧ តុលា ២០១២ រួចដង្ហែទៅតម្កល់ទុកនៅក្នុងព្រះបរមរាជវាំង ដោយមានកូនចៅប្រជារាស្ត្រ ឈរអមដងវិថីរាប់សែន នាក់ រង់ចាំទទួលព្រះបរមសព ដោយម្នាក់ៗលើកដៃប្រណម្យកាន់ធូបកំពុងឆេះ សម្រក់ទឹកភ្នែក សែនស្តាយអាឡោះព្រះវរកាយ ព្រះអង្គជាពន់ពេក។

ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ទ្រង់ប្រសូតនៅរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះបិតា ទ្រង់ព្រះនាមព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត ព្រះមាតាទ្រង់ព្រះនាមស៊ីសុវត្ថិ កុសុមៈ។ បន្ទាប់ពីព្រះវររាជអយ្យកោ (ជីតា) ព្រះបាទស៊ីសុវត្ថិ មុនីវង្ស យាងចូលព្រះទិវង្គត នៅឆ្នាំ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្ក ដោយមានការយល់ព្រមពីសំណាក់ អាណាព្យាបាលបារាំង បានសម្រេចយាងព្រះយុវក្សត្រ នរោត្តម សីហនុ ដែលកំពុងសិក្សានៅវិទ្យាល័យក្រុងព្រៃនគរ ឱ្យឡើង សោយរាជ្យសម្បត្តិ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលព្រះអង្គទើបមានព្រះជន្ម១៩ព្រះវស្សា។ ទោះជា បានគង់លើសិរីរាជសម្បត្តិ ក៏ព្រះអង្គនៅមិនស្រណុកដែរ ព្រោះអាណាព្យាបាលភាពរបស់បារាំង ដែលរឹបអូសយកអំណាចគ្រប់បែបយ៉ាងពីកម្ពុជា តម្រូវឱ្យព្រះមហាក្សត្រសម្រេចព្រះទ័យបំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ជូនជាតិមាតុភូមិ រហូត ទទួលបានជ័យជម្នះជាស្ថាពរ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ឆ្លងកាត់របត់ជីវិតផ្អែមល្ហែមនិងជូរចត់តាំងពីបឋមវ័យ រហូតដល់បច្ឆិមវ័យ សម្តេចឪ ព្រះបរមរតនកោដ្ឋ បានជួបប្រទះ ឧបសគ្គ និងជោគជ័យជាបន្តបន្ទាប់ រហូតព្រះជន្មចុងក្រោយ។ ក្រៅពីជាក្សត្រនយោបាយដ៏ប៉ិនប្រសប់ ព្រះអង្គក៏ជាកវីនិពន្ធ ជាអ្នកដឹកនាំរឿងភាពយន្តដ៏ល្បីល្បាញ និងបានទុកព្រះរាជបណ្តាំចុងក្រោយថា “ត្រូវកូនចៅអ្នកនយោបាយខ្មែរ រួបរួមសាមគ្គីគ្នា ដើម្បីជាតិរីកចម្រើន ឯព្រះបរមសពព្រះអង្គ ត្រូវធ្វើបុណ្យថ្វាយព្រះភ្លើងតាមប្រពៃណីក្សត្រ រើសព្រះបរមអដ្ឋិដាក់ក្នុង ព្រះកោដ្ឋមាស តម្កល់ក្នុងចេតិយព្រះគន្ធបុប្ជា ក្នុងទីធ្លាព្រះវិហារព្រះកែវមរកត រាជធានីភ្នំពេញ”។

ដោយឡែក ព្រះបាទសម្តេចព្រះចៅភូមិភុន អៈឌុនយៈដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ក៏ត្រូវបានប្រជារាស្ត្រថៃ តម្កល់ទុកជាទីសក្ការៈលើសិរសាដែរ។ ព្រះចៅអង្គនេះ ជាប់សែរាជវង្ស “ចក្រី” ឬរាជវង្ស “រតនៈកោស៊ិន” ទាំង៩ព្រះអង្គ ដែល ឡើងសោយរាជ្យតាំងពីឆ្នាំ១៧៨២ មក ជារួមមាន ៖ ១ព្រះពុទ្ធយ៉តហ្វា ចុឡាលោក ឬព្រះរាមាទី១។ ២ព្រះពុទ្ធឡឺតឡាន នភាល័យ ឬព្រះរាមាទី២។ ៣ព្រះណាំងក្លាវ ឬព្រះរាមាទី៣។ ៤ព្រះមង្គតក្លាវ ឬចមក្លាវ ឬព្រះរាមាទី៤។ ៥ព្រះជូឡាឡុងកន ឬព្រះរាមាទី៥។ ៦ព្រះវជីរាវុធ ឬព្រះរាមាទី៦។ ៧ព្រះប្រជាធីប៉ុក ឬព្រះរាមាទី៧។ ៨ព្រះអនន្ទ មហិដុន ឬព្រះរាមាទី៨។ ៩ព្រះភូមិភុន អៈឌុនយៈដេត (ភូមិពល អតុល្យតេជៈ) ឬព្រះរាមាទី៩។

ព្រះចៅភូមិភុន អៈឌុនយៈដេត បានឡើងគ្រងរាជសម្បត្តិតាំងពីឆ្នាំ១៩៤៦ បន្តពីព្រះរៀម អនន្ទ មហិដុន ដែលសោយព្រះទិវង្គតដោយអាថ៌កំបាំង ហើយបើគិតមកទល់ពេលនេះ ព្រះអង្គសោយរាជ្យបាន៧០ឆ្នាំ ជាប់ឯតទគ្គៈខាងសោយរាជ្យ បានយូរជាងគេក្នុងចំណោមព្រះមហាក្សត្រនានានៅលើពិភពលោក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះវរបិតានៃប្រជារាស្ត្រថៃ ដែលយាងចូលដល់វ័យព្រះជរា តែងមានវត្តមានក្នុងមន្ទីរពេទ្យសិរិរាជ ជាប្រចាំ ដោយមានវេជ្ជបណ្ឌិតជំនាញៗ ជួយថែរក្សា ព្យាបាលព្រះអង្គ។ ប៉ុន្តែ អាយុសង្ខាររបស់មនុស្ស មិនថាស្តេច នាហ្មឺន មន្ត្រី សេដ្ឋី កុដុម្ពិកៈ ចៀសមិនផុតពីអន្ទាក់ត្រៃលក្ខណ៍ គឺ “អនិច្ចំ ទុក្ខំ អនត្តា” ឆ្លងកាត់ជាតិ ជរា ព្យាធិ មរណៈ។ ទីបំផុត ព្រះមហាក្សត្រថៃ បានយាងចូលព្រះទិវង្គត យ៉ាងស្ងាប់ស្ងៀម ក្នុងព្រះជន្មាយុ៨៨ យាងចូល៨៩ព្រះវស្សា ក្រោមទំនួញសោកស្តាយអាឡោះអាល័យពីសំណាក់ប្រជារាស្ត្រថៃ ជាកូនចៅព្រះអង្គ។

រវាងព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហនុ និងព្រះមហាក្សត្រថៃ ព្រះចៅភូមិភុន អៈឌុនយៈដេត គឺជា “សមភាគី” ធ្លាប់ពឹងពររកគ្នាទៅវិញទៅមក ក្នុងព្រះបរមនាមជាព្រះបិតានៃប្រជាជាតិទាំងពីរជាប់ភូមិផងរបងជាមួយ។ សម្តេចឪ នៃកម្ពុជា ធ្លាប់មានព្រះរាជបន្ទូលថា កាលព្រះអង្គយាងចេញពីមាតុប្រទេស ដើម្បីធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីបារាំងនោះ ព្រះអង្គបានទៅគង់សំចតនៅទីក្រុងបាងកក ប្រទេសថៃ មួយរយៈ។ កាលនោះ ទោះជាមិនសូវស្និទ្ធស្នាលនឹងគ្នាក្តី ក៏ព្រះចៅ ភូមិភុន អៈឌុនយៈដេត បានត្រាស់បង្គាប់ព្រះរាជបម្រើឱ្យយកព្រះក្រយាស្ងោយឆ្ងាញ់ៗ មកថ្វាយសម្តេចព្រះនរោត្តម សីហនុ ដែល គង់ប្រថាប់នៅសណ្ឋាគារ។ ទោះជាមិនដែលបានយាងមកកម្ពុជា ក៏ព្រះចៅក្រុងថៃ តែងត្រាស់បង្គាប់ព្រះរាជបុត្រីសំណព្វ គឺម្ចាស់ក្សត្រី មហាចក្រីស៊ិរិនថន ឬក៏ចាត់មន្ត្រីជំនិតឱ្យដង្ហែអង្គកឋិនទាន ចូលមកវេរប្រគេនដល់ព្រះសង្ឃខ្មែរ រួមចំណែកកសាង វត្តអារាមខ្មែរ ក្នុងព្រះបរមនាមជាព្រះមហាក្សត្រពុទ្ធនិយម។ កាលព្រះករុណា ព្រះនរោត្តម សីហនុ យាងចូលព្រះទិវង្គត ព្រះមហាក្សត្រថៃ ក៏បានផ្ញើព្រះរាជសារចូលរួមរំលែកព្រះរាជមរណទុក្ខ និងត្រាស់បង្គាប់នាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ មកថ្វាយបង្គំព្រះបរមសពផងដែរ។

ទីបំផុត ព្រះមហាក្សត្រទាំងពីរព្រះអង្គ បានសោយព្រះទិវង្គត ក្នុងខែតុលា ដូចគ្នា បាននាំមកនូវមហាទុក្ខសោកដល់ ប្រជារាស្ត្រខ្មែរ និងថៃ ព្រោះតែការបាត់បង់ “បូជនីយបុគ្គល” ដ៏ឧត្តុង្គឧត្តម។ ថ្ងៃ១៥ តុលា និងថ្ងៃ១៣ តុលា ចាត់ទុកជា ទិវា អពមង្គល នាំមកនូវសំណោកខ្សឹកខ្សួលអួលចំបែង សែនស្តាយព្រះកាយព្រះបរមក្សត្រ ដែលទ្រង់ព្រាត់ទៅដោយគ្មានឱកាស វិលត្រឡប់មកជួបកូនចៅវិញឡើយ។

ក្នុងឱកាសខួបឆ្នាំទី៤ នៃព្រះរាជមរណភាពរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងក្នុងឱកាស ព្រះរាជពិធីបុណ្យព្រះបរមសពព្រះបាទភូមិភុន អៈឌុនយៈដេត គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកទាំងអស់នៃ “អង្គរធំ មេឌារ គ្រុប” រួមមានសារព័ត៌មាន “នគរធំ” ទស្សនាវដ្តី “អង្គរធំ” ទស្សនាវដ្តី “តារា” និងរោងពុម្ព “អង្គរធំព្រីនធើរ” សូមលំឱនកាយ វាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមក្សត្រទាំងពីរព្រះអង្គ ដោយការសោកស្តាយជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យ ព្រះរតត្រ័យ សូមក្លាយជាយានដ៏ប្រសើរ ជួយចម្លងនាំយកដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គទាំងទ្វេ ឱ្យបានទៅគង់សណ្ឋិតក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES