Tuesday, August 19, 2025
Homeព័ត៌មានជាតិម្ចាស់ការ៉ាសសាំងក៏ភ័យមិនស្ទើរដែរ សំណាងបានមួយដង្ហើមចង្រិត ក៏ទៅវិញ

ម្ចាស់ការ៉ាសសាំងក៏ភ័យមិនស្ទើរដែរ សំណាងបានមួយដង្ហើមចង្រិត ក៏ទៅវិញ

ខេត្តកណ្តាល ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង បន្ទាប់ពីឆ្លងចរន្តអគ្គិសនី និងថែមទាំងរាលឆេះដល់ស្ថានីយប្រេងនៅក្បែរនោះ ខូចខាតអស់ជាង ៣០ភាគរយទៀតផង ជាហេតុធ្វើឱ្យកើតមានការផ្អើលឆោឡោ ភ័យសភ្នែក ព្រោះខ្លាចកើតមានគ្រោះថ្នាក់ធំ ប្រសិនបើឆេះស្ថានីយប្រេងទាំងមូល។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ផ្ទះដែលទទួលរងការឆាបឆេះ ធ្វើអំពីឈើ ក្រាលក្តារ ជញ្ជាំងក្តារ ប្រក់ក្បឿង មានបណ្តោយ ១២ម៉ែត្រ ទទឹង៨ម៉ែត្រ មានម្ចាស់ឈ្មោះអ៊ុន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មានលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះខាងលើ រួចក៏កើតជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង ហើយភ្លាមៗនោះ ប្រជាពលរដ្ឋក្បែរខាង ពិសេសខាងម្ចាស់ស្ថានីយប្រេងដែលនៅជាប់គ្នានោះបានព្យាយាមជួយពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ តែទប់មិនឈ្នះ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង ប៉ុន្តែផ្ទះទាំងមូលត្រូវក្លាយជាចំណីភ្លើងអស់ទៅហើយ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានថា មានករណីអគ្គិភ័យកើតឡើងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍សំរោងធំ កម្លាំងសណ្តាប់ធ្នាប់ កម្លាំងអន្តរាគមន៍ កម្លាំងអគ្គិភ័យស្រុកកៀនស្វាយ ស្រុកលើកដែក និងកម្លាំងការិយាល័យអគ្គិភ័យខេត្តកណ្តាល បានចេញអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ និងបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ចុះទៅដល់កន្លែងកើតហេតុ បានជួយបាញ់ទឹកពន្លត់ អស់ទឹកចំនួន ៤រថយន្ត ទើបភ្លើងបានរលត់ទៅវិញទាំងស្រុងនិងបានឆ្លងឆេះរាលដល់ស្ថានីយប្រេង ដែលស្ថិតនៅជាប់នោះខូចអស់ប្រមាណ៣០ភាគរយ។

តាមការបញ្ជាក់ឱ្យដឹងពីម្ចាស់ផ្ទះ ករណីអគ្គិភ័យខាងលើនេះបានឆេះបំផ្លាញទ្រព្យសម្បត្តិរួមមាន ផ្ទះ ១ខ្នងទាំងស្រុង ម៉ូតូ១គ្រឿង ម៉ាកហុងដាគុបជ្រុង សេ៥០ លុយ១ពាន់ដុល្លារ ទូឈើចំនួន២ ទូទឹកកក២គ្រឿង គ្រែពូក រួមនិងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើ ផ្តើមចេញពីមូលហេតុទុស្សេខ្សែភ្លើង តែយ៉ាងណា មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ៕

RELATED ARTICLES